- កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងវិទ្យាស្ថាន និង សាលារៀន អន្ដរទ្វីប អាមេរិកាំង បានបើកសិក្ខាសាលា ស្ដីអំពីសុខភាពសាធារណៈ ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា ប្រមាណជា៣០០នាក់ នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ដោយឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធានវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង។
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍លើកឡើងថា បញ្ហាសុខភាពវាគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា មិនថាចាស់ ក្មេង ប្រុស ឬស្រីក៏ដោយសុខភាពគឺជារឿងចាំបាច់ដែលត្រូវព្រួយបារម្ភ និងគួរយកចិត្តទុកដាក់ឱ្យបានច្រើនបំផុត ព្រោះបើកាលណាមនុស្សយើងមានសុខភាពចុះខ្សោយ និងចុះទ្រុឌទ្រោមហើយនោះ ច្បាស់ជាធ្វើឱ្យអ្វីៗលែងដំណើរការជាក់ជាមិនខាន មិនថាបញ្ហានោះធំ ឬតូចក៏ដោយច្បាស់ជាមិនបានសម្រេច ហើយបរាជ័យជាក់ជាមិនខានឡើយ។ ដូច្នេះយើងគ្រប់គ្នាចាំបាច់ត្រូវតែថែរក្សាសុខភាពឱ្យបានល្អ ចៀសវាងកុំឱ្យបង្កជាបញ្ហា និងគ្រោះថ្នាក់ផ្សេងៗដោយការឆ្លងមេរោគ និងជំងឺណាមួយ ហើយអ្វីដែលពិសេសនោះគឺ បញ្ហាសុខភាពរបស់ស្រ្តីមុនពេលមានគភ៌ កំឡុងពេលមានគភ៌ និងក្រោយពេលមានគភ៌។ បញ្ហាទាំងនេះ គឺជារឿងដែលគួរឱ្យព្រួយបារម្ភបំផុតចំពោះស្រ្តី ព្រោះកំឡុងពេលមានគភ៌នេះ ស្រ្តីពិតជាមានបញ្ហាជាច្រើនដែលប្រឈមជាមួយនឹងអត្រាឆ្លងមេរោគ និងមានហានិភ័យខ្ពស់បំផុត ជាពិសេសក្នុងនាមលោកគ្រូ អ្នកគ្រូទាំងអស់សុទ្ធតែគ្រូបង្រៀនត្រូវតែសិក្សា និងស្វែងយល់ឱ្យបានច្បាស់លាស់បំផុតអំពីបញ្ហាសុខភាពនៅក្នុងការរស់នៅប្រចាំថ្ងៃ។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហាញជូនលោកគ្រូ អ្នកគ្រូអំពីការថែទាំសុខភាពឱ្យបានរឹងមាំ ជាពិសេសដោយផ្តោតសំខាន់ទៅលើការកំណត់ផែនការគ្រួសារ និងការថែរក្សាសុខភាពសម្រាប់ស្រ្តី ដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងអំពីផែនការគ្រួសារថា ចំពោះការរៀបចំផែនការគ្រួសារ វាគឺជារឿងមួយដ៏ចាំបាច់បំផុត ដែលត្រូវតែពិភាក្សាគ្នាឱ្យបានច្បាស់លាស់មុនពេលសម្រេចចិត្តយកកូន ហើយមិនត្រូវយកកូនបន្ទាប់ពីរៀបការរួចនោះទេ ហើយក៏ត្រូវមានថវិកា និងពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែរក្សាកូន។ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងជាសំណួរថា ហេតុអ្វីបានជាត្រូវចាញ់កូន? ហើយតើហេតុអ្វីបានជាត្រូវមើលអេកូនៅពេលមានផ្ទៃពោះ? ព្រោះដើម្បីមើលឱ្យឃើញថាកូនមានបេះដូង ឬជីពចរឬអត់? កូនក្នុងស្បូន ឬក្រៅស្បូន? កូនប្រុស ឬស្រី? កូនពេញលក្ខណៈ ឬអត់? វាគ្មិនក៏បានលើកឡើងជាសំណួរទៀតថា តើការឆ្លុះអេកូច្រើនដងប៉ះពាល់ដល់សុខភាពដែរឬទេ? បន្ទាប់ពីបានលើកឡើងជាសំណួរបែបនេះ ចម្លើយឆ្លើយថាទេ ការមើលអេកូច្រើនដងមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែវាបែរជាអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ផ្សេងៗ និងជួយថែរក្សាសុខភាពកូនដែលនៅក្នុងផ្ទៃមាតាបានយ៉ាងល្អប្រសើរ ជាពិសេសអាចដឹងអំពីសុខភាពកូនដែលនៅក្នុងផ្ទៃរបស់មាតាបានយ៉ាងល្អ។ បញ្ហាមួយទៀត គឺស្រ្តីនៅពេលមានគភ៌ គប្បីត្រូវតែទៅ ពិនិត្យសុខភាពឱ្យបានញឹកញាប់ និងទៀងទាត់ពេលវេលាទៅតាមកំណត់របស់គ្រូពេទ្យជំនាញ ហើយក្នុងកំឡុងពេលមានគភ៌នេះ ស្រ្តីអាចកើនគីឡូពី១១ ទៅ១៦គីឡូក្រាម។ បន្ថែមពីនេះ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យស្រ្តីញ៉ាំថ្នាំជាតិដែកក្នុងកំឡុងពេលមានគភ៌ និងទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ព្រោះការលេបថ្នាំជាតិដែកវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពមាតា និងទារកដែលនៅក្នុងផ្ទៃមាតា។ ក្រោយពីបានបង្ហាញអំពីការថែទាំសុខភាពចំពោះស្រ្តីដែលមានគភ៌រួចមក វាគ្មិនក៏បានលើកឡើងបន្ថែមទៀតថា ចំពោះបញ្ហាសុខភាពរបស់ស្រ្តីនេះ វាមិនមែនមានតែស្រ្តីដែលត្រូវយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែបុរសដែលជាស្វាមីក៏ត្រូវតែសិក្សា និងយល់ដឹងអំពីបញ្ហាទាំងនេះផងដែរ ព្រោះថាបុរសជាដៃគូ និងជាអ្នកដែលអាចជួយសម្រួលក្នុងការថែទាំសុខភាពមាតា និងទារកបានយ៉ាងល្អប្រសើរដូចគ្នា។ ក្រោយពីធ្វើបទបង្ហាញទៅលើចំណុចដូចដែលបានលើកឡើងនេះ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឱ្យមាតាគ្រប់រូបត្រូវតាមដានសុខភាពឱ្យបានល្អក្នុងកំឡុងពេលមានគភ៌ ក៏ដូចជាត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ តាមដានសុខភាពម្តាយ និងទារកក្នុងផ្ទៃឱ្យបានញឹកញាប់តាមការកំណត់របស់គ្រូពេទ្យជំនាញ។ បន្ថែមពីនេះ ត្រូវប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ចៀសវាងកើតមានគ្រោះថ្នាក់ដោយហេតុការណ៍ ឬប្រការណាមួយ។ ជាចុងបញ្ចប់ លោកគ្រូ អ្នកគ្រូបានលើកឡើងជាសំណួរសួរទៅកាន់វាគ្មិនអំពីចម្ងល់នានាទាក់ទងនឹងសុខភាពសាធារណៈ ហើយជាពិសេសទាក់ទងនឹងការថែរក្សាសុខភាពមុនពេលមានគភ៌ កំឡុងពេលមានគភ៌ និងក្រោយពេលមានគភ៌ជាដើម ជូនចំពោះវាគ្មិន ដើម្បីឱ្យឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បកស្រាយ និងពន្យល់អំពីខ្លឹមសារនៃសំណួរ ក៏ដូចជាបកស្រាយអំពីការថែទាំសុខភាព បញ្ហារោគស្រ្តី និងការការពារ និងទប់ស្កាត់បង្ការចំពោះជំងឺផ្សេងៗជាដើម។