កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពីការសង្រ្គោះបឋម ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រមាណជា១២០នាក់ នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ដែលមានការអញ្ជើញចូលរួមជាវាគ្មិនដោយ លោកវេជ្ជបណ្ឌិត និន សុខរង្សី នាយកវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច។
នៅក្នុងអង្គសិក្ខាសាលានេះ វាគ្មិនបានបង្ហាញពីដំណើរការផ្សេងៗនៃបទបង្ហាញ ជាពិសេសបង្ហាញពីរបៀបសង្រ្គោះបឋមជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ដោយបានលើកឡើងដូចតទៅ ៖ ជំហានដំបូង វាគ្មិនបានបង្ហាញពីការសង្កត់ទ្រូងទៅលើអ្នកជំងឺ ដោយលើកឡើងថា ការសង្កត់ទ្រូងមាន០២ចំណុច ទី១ ត្រួតពិនិត្យផ្លូវដង្ហើម ប្រសិនបើក្នុងករណីកុមារសន្លប់ ជំហានដំបូង គឺត្រូវត្រួតពិនិត្យផ្លូវដង្ហើមក្នុងមាត់ និងច្រមុះ។ ជំហានទី២ ក្នុងករណីប្រសិនមានស្ទះផ្លូវដង្ហើម ត្រូវរមៀលខ្លួនកុមារមកចំហៀង ហើយត្រួតពិនិត្យដោយប្រើម្រាមដៃបើកមាត់។ លើសពីនេះ វាគ្មិនក៏បានលើកឡើងបន្ថែមទៀតអំពីវិធានការណ៍នៃការជួយអ្នកស្លាក ដោយវិធានការណ៍នេះចែកចេញជា០២ គឺគោះនៅចន្លោះជាមួយស្មាកែងនឹងប្រអប់ដៃ (អង្គុយ ឬដេកចំហៀង)។ ទី២ ការដោលពោះ គឺសង្កត់ចូលក្នុងឡើងទៅលើនៅចន្លោះចុងបញ្ចប់នឹងឆ្អឹង សន្ទះទ្រូង និងចុងដង្ហើម (អង្គុយ ឬដេកផ្ងារ)។ វាគ្មិនបានលើកឡើងពីការបាក់ឆ្អឹង ដោយលើកឡើងពីរបួសកោសិកាខាងក្រៅ ដែលមានដូចតទៅ ៖
- មានការឈឺចាប់ពេលធ្វើចលនា។
- អាចមានស្នាមជាំ និងហើម។
- ពិបាកក្នុងការធ្វើចលនា។
- អាចថតកាំរស្មីអ៊ិច ប្រសិនបើក្នុងករណីចាំបាច់។
ការរបួសឆ្អឹងខ្នង ៖ ប្រសិនបើអ្នកជំងឺមានរបួសឆ្អឹងខ្នងត្រូវលើកដាក់ ឬផ្លាស់ប្តូរកន្លែងជនរងគ្រោះ តែក្នុងករណីចាំបាច់ប៉ុណ្ណោះ។ មួយវិញទៀត ត្រូវរក្សាក្បាលជនរងគ្រោះឱ្យស្របជាមួយឆ្អឹងខ្នងក្នុងជំហរនឹងថ្កល់។ ក្នុងករណីពស់ចឹក ទី១ ត្រូបញ្ឈប់ការដើរ ព្រោះការពារការរីករាលដាលនៃពិស ត្រូវសម្រាក។ ទី២ ត្រូវយកកំប្រ៉េះបិទលើស្នាមចង្កូម ជូតសម្អាតទឹកដែលនៅលើផ្ទៃស្បែក។ ទី៣ រុំបង់យឺតៗឱ្យណែនបន្តិចនៅត្រង់កន្លែងរបួស។ ចំពោះបញ្ហាសត្វខាំ ត្រូវបានចែកចេញជាពីរ គឺពស់គ្មានពិស (មានធ្មេញតូចៗល្អិតៗជាប់ៗគ្នាជាច្រើន ) និងពស់មានពិស (មានចង្កូមពីរ នៅខាងមុខ ឬខាងក្រោយ) ហើយពស់ខ្លះមានពណ៌ភ្លឺផ្លេក ហើយប្រសិនបើក្នុងករណីសត្វខាំ ចំពោះការគ្រប់គ្រង និងវិធានការណ៍មួយចំនួនក្នុងការទប់ស្កាត និងការពារដល់ជនរងគ្រោះមាន ៖ លាងសម្អាតរបួសជាមួយសាប៊ូ និងទឹកស្អាត ព្យាយាមរកព័ត៌មានបន្ថែមអំពីសត្វនោះ ជួបជាមួយវេជ្ជបណ្ឌិតឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបានដើម្បីលាងរបួស និងបើចាំបាច់ត្រូវប្រើថ្នាំផ្សះ ហើយបើក្នុងករណីចាំបាច់ត្រូវផ្តល់វ៉ាក់សាំង Rabies និងវ៉ាក់សាំង Rabies Emmunoglobalin។
ក្រោយពីបញ្ចប់បទបង្ហាញលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមួយចំនួនបានលើកឡើងជាសំណួរសួរទៅកាន់វាគ្មិន ដោយលើកជាឧទាហរណ៍ និងអំណះអំណាងផ្សេងៗមកបញ្ជាក់ជាដើម ហើយវាគ្មិនបានបកស្រាយរាល់សំណួររបស់លោកគ្រូ អ្នកគ្រូបានយ៉ាងក្បោះក្បាយ។ ជាចុងក្រោយ វាគ្មិនបានបង្ហាញពីដំណោះស្រាយដ៏ល្អបំផុតក្នុងការសង្រោះបឋម និងបានណែនាំបន្ថែមទាក់ទងនឹងវិធីសាស្រ្តសង្គ្រោះបឋម ព្រមទាំងសំណូមពរឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ត្រូវមានបម្រុងប្រយ័ត្នខ្ពស់ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីទទួលបានសុភមង្គលពិតនៅក្នុងសង្គមរស់នៅនាពេលបច្ចុប្បន្ន។
សរុបសេចក្តីមក នៅក្នុងកម្មវិធីសិក្ខាសាលានេះ វាគ្មិនបានបង្ហាត់បង្ហាញពីរបៀបសង្រ្គោះបឋមបានយ៉ាងល្អ និងត្រឹមត្រូវទៅតាមក្បួនខ្នាតវេជ្ជសាស្រ្ត ក៏ដូចជាបានបង្ហាញពីវិធីសាស្រ្តល្អៗក្នុងការថែរក្សាសុខភាព និងសង្គ្រោះបឋមដើម្បីយកទុកជាចំណេះដឹង ក៏ដូចជាសម្រាប់ជួយសង្រោះជនទាំងឡាយដែលបានកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ លើសពីនេះ វាគ្មិនក៏បានបង្ហាញពីវិធីសាស្រ្តមួយចំនួនក្នុងការការពារ ដើម្បីឱ្យចៀសឆ្ងាយពីគ្រោះថ្នាក់ផ្សេងៗបានយ៉ាងល្អប្រសើរ។