កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នំា២០១៧ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានសហការជាមួយលោកគ្រូ អ្នកគ្រូ និងអ្នកជំនាញ ធ្វើបទបង្ហាញស្ដីពី សីលធម៌ និងសុជីវធម៌ ដល់សិស្សនារីៗថ្នាក់ទី៧ ដល់ថ្នាក់ទី១២ នៅសាលប្រជុំ សូវ ហុងគុយ។ ដើម្បីពញ្ញាក់ស្មារតីសិស្សានុសិស្សឱ្យយល់ពីអត្ថន័យនៃសីលធម៌ សុជីវធម៌ និងចេះអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃប្រកបដោយក្រមសីលធម៌ និងគុណធម៌ខ្ពស់។ លោកស្រី លួន ស្រីទូច អ្នកប្រឹក្សាយោបល់ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាកណ្ដាល បានថ្លែងថា នៅក្នុងជីវិតមនុស្សរស់នៅប្រចាំថ្ងៃនេះ គ្មានអ្វីប្រសើរជាងបុគ្គលដែលមានសីលធម៌ក្នុងខ្លួនឡើយ ព្រោះថាសីលធម៌ គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ ម្យ៉ាងទៀតនោះ ទោះបីមនុស្សមានអំណាច ទ្រព្យសម្បត្តិស្តម្ភ មានតួនាទីខ្ពស់ មានសមត្ថភាព និងមានចំណេះដឹងជ្រៅជ្រះយ៉ាងណា ក៏មិនស្មើនឹងអ្នកមានសីលធម៌ល្អឡើយ។ អ្វីដែលពិសេសជាងនេះទៀតនោះ បើសិនគេវាយតម្លៃមនុស្ស ឬសង្គម ឬក៏ប្រទេសជាតិមួយល្អទៅបាន គេសម្លឹងទៅមើលសីលធម៌ សុជីវធម៌ និងវប្បធម៌ នៃការរស់នៅរបស់មនុស្សនៅក្នុងសង្គមនោះជាមុនសិន។ ចំពោះសុជីវធម៌នោះ លោកស្រីបានគូសបញ្ជាក់បន្ថែមថា គឺជាការរស់នៅប្រកបដោយធម៌ ការអប់រំផ្លូវចិត្ត ការប្រតិបត្តិជីវិតឱ្យល្អ មានចំណេះដឹង សណ្ដាប់ធ្នាប់ ការដឹងប្រមាណ ការចេះគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ ឬមនុស្សទូទៅ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងយកចិត្តទុកដាក់ខ្ពស់ លើការបណ្ដុះបណ្ដាល អប់រំ ណែនាំ និងចង្អុលបង្ហាញដល់សិស្សខ្លួន ដើម្បីឱ្យពួកគេក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋគំរូ និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិនៅថ្ងៃអានាគត៕