កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានសហការ ជាមួយមន្ទីរព្យាបាលធ្មេញបស្ចិម បើកវគ្គសិក្ខាសាលាស្ដីពី “សុខភាពមាត់ធ្មេញ និងការថែទាំ” ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១ វេនព្រឹក និងវេនរសៀល នៅអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។កញ្ញាទន្តបណ្ឌិត ទុយ វណ្ណចន្ទ័លក្ខិណា នៃមន្ទីរព្យាបាលធ្មេញបស្ចិម មានប្រសាសន៍ដឹងដែរថា សុខភាពមាត់ធ្មេញជារឿងសំខាន់ ដូចនេះប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវដុសធ្មេញឱ្យបានញឹកញាប់ ត្រូវដុសធ្មេញ២ ទៅ៣ដងក្នុងមួយថ្ងៃ ដើម្បីសម្អាតកាកសំណល់ដែលនៅសល់កកតាមជើងធ្មេញក្រោយពេលបរិភោបចំណីអាហាររួច។ បើប្អូនៗមានសុខភាពល្អនាំឱ្យមានសុខភាពទូទៅបានល្អ ជួយបង្កើនសោភ័ណភាពផ្ទៃមុខបានស្អាតទៀតផង។ ម្យ៉ាងទៀត យើងត្រូវទៅជួបគ្រូពេទ្យធ្មេញ២ ទៅ៣ដងក្នុងមួយឆ្នាំ ដើម្បីឱ្យគ្រូពេទ្យលាងសម្អាតធ្មេញរបស់យើង និងដើម្បីធ្វើការត្រួតពិនិត្យក្រែងមានដង្កូវស៊ី ឬបញ្ហាផ្សេងៗ ការធ្វើបែបនេះគឺដើម្បីកុំឱ្យធ្មេញរបស់យើងមានបញ្ហាធ្ងន់ធ្ងរ ត្រូវចំណាយប្រាក់ច្រើននាំឱ្យខាតបង់ សេដ្ឋកិច្ចគ្រួសារ និងខាតបង់ពេលវេលារៀនសូត្រជាដើម។ កញ្ញា ក៏បានបង្ហាញពីវិធីសាស្រ្តដើម្បីលើកកម្ពស់ការយល់ដឹងស្ដីពីសុខភាពមាត់ធ្មេញ និងការថែទាំធ្មេញឱ្យមានសុខភាពល្អ និងការយល់ដឹងអំពីវិធីសាស្រ្តងាយៗថែរក្សាអនាម័យសុខភាពមាត់ធ្មេញ និងការដុសសម្អាតធ្មេញ។ក្រោយពីចប់ការបង្ហាញ និងការអនុវត្តផ្ទាល់រួចមករួចមកសិស្សានុសិស្សបានយល់ដឹងពីរបៀបនៃការដុសធ្មេញ និងទទួលបានការណែនាំពីការថែទាំសុខភាពមាត់ធ្មេញឱ្យមានអនាម័យ ពិសេស ពួកគេយកចិត្តទុកដាក់លើសុខភាពមាត់ធ្មេញបន្ថែមទៀត។
ចែករំលែកអត្ថបទនេះ