កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ សាលរៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានសហការជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជាដើម្បីបើកសិក្ខាសាលាស្តីអំពី គុណតម្លៃនៃមុខវិជ្ជាស្ទែម។ ស្ថានទូតអាមេរិកបានអញ្ជើញលោក Jonathan Sheehan អាកាសយានិកជនជាតិអាមេរិក មកធ្វើបទបង្ហាញអំពីអាជីពជាអ្នកអាកាសចរណ៍ដែលមានទំនាក់ទំនងកើតចេញពីមុខវិជ្ជាស្ទែម។ ស្ទែម ជាប្រធានបទមួយដែលរួមបញ្ចូល៤ជំនាញផ្សេងគ្នា ដោយក្នុងនោះមានជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងជំនាញគណិតវិទ្យា។ មុខវិជ្ជាវិទ្យាសាស្រ្តទាំងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលប្រទេសកម្ពុជាកំពុងត្រូវការបំផុតក្នុងការអភិវឌ្ឍប្រទេស។ បន្ទាប់ពីបានចូលរួមស្តាប់ការពន្យល់របស់អាកាសយានិកជនជាតិអាមេរិករូបនេះ ទាក់ទងទៅនឹងអាជីពរបស់ខ្លួនដែលកើតចេញពីមុខវិជ្ជាស្ទែម សិស្សានុសិស្សកម្រិតថ្នាក់មធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងអំពីមុខវិជ្ជាទាំងនេះ។ មុខវិជ្ជាវិទ្យាសាស្រ្តពិតមានលក្ខណៈទូលំទូលាយណាស់ តែមានមនុស្សមួយចំនួនពុំសូវយល់ច្បាស់ រួមទាំងរូបនាងផង។ បច្ចុប្បន្ន មុខវិជ្ជាស្ទែម (STEM) ដែលត្រូវបានកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ វាបានក្លាយទៅជាជំនាញដែលកំពុងពេញនិយម និងត្រូវការបំផុត។
ទោះជាយ៉ាងណាប្រជាពលរដ្ឋតិចតួចនៅឡើយ ដែលបានយល់ដឹងច្បាស់ពីមុខវិជ្ជាដ៏មានតម្លៃមួយនេះ។ លើសពីនេះ សាលរៀន អន្តរទ្វីប អាមេរិកាំង បានជំរុញលើកទឹកចិត្តសិស្សឱ្យសិក្សាស្រាវជ្រាវលើមុខវិជ្ជាស្ទែមផងដែរ ដោយរៀងរាល់ឆ្នាំ សាលាបានរៀបចំកម្មវិធីតាំងពិព័រណ៍វិទ្យាសាស្រ្ត ដែលជាស្នាដៃរបស់សិស្សជាដើម។ ការធ្វើបែបនេះ គឺដើម្បីផ្តល់ឱកាសដល់សិស្សបញ្ចេញស្នាដៃ សមត្ថភាព គំនិត បញ្ញា ហើយក៏បានផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តដែរ។