កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយជាមួយ វិទ្យាស្ថាន ស្តារគំហើញ ប្រាយអ៊ិន ហូលឌិន ប្រចាំកម្ពុជា បានបើកអង្គសិក្ខាសាលាស្ដីពី “សុខភាពភ្នែកកុមារ” ជូនដល់សិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដើម្បីឱ្យកុមារកម្រិតបឋមសិក្សាឈ្វេងយល់ពីបញ្ហាសុខភាពភ្នែក ការថែទាំ និងបន្តផ្សព្វផ្សាយដល់មិត្តភក្ដិ បងប្អូន និងអ្នកជិតខាងផងដែរ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សកម្រិតបឋមសិក្សាបានដឹងថា តើត្រូវធ្វើយ៉ាងណាដើម្បីថែរក្សាភ្នែកឱ្យបានល្អ។ ពិសេសនោះ គឺបានដឹងថា សព្វថ្ងៃនេះ តើភ្នែកគាត់កំពុងមានបញ្ហាអ្វីខ្លះ? កាលណាសិស្សានុសិស្សបានឈ្វេងយល់ពីបញ្ហាទាំងនេះ នោះពួកគាត់នឹងចេះការពារ ថែមទាំងមានការប្រុងប្រយ័ត្ន និងដឹងពីវិធីព្យាបាលថែមទៀត។ បច្ចុប្បន្ននេះ បច្ចេកវិទ្យារីកចម្រើន និងជឿនលឿនគួរឱ្យកត់សម្គាល់ ដូច្នេះកុមារទាំងនោះពុំយល់ពីផលវិបាកនៃការប្រើប្រាស់ទូរសព្ទ ទូរទស្សន៍ កុំព្យូទ័រ និងឧបករណ៍ផ្សេងៗឡើយ។ ពិសេសនោះ គឺការលេងហ្គេម កាលណាកុមារលេងហ្គេម គាត់ស្ទើរពុំហ៊ានព្រិចភ្នែកឡើយ ដែលបណ្ដាឱ្យភ្នែកចុះខ្សោយយ៉ាងឆាប់រហ័ស ហើយមួយរយៈពេលខ្លីភ្នែករបស់ចាប់ផ្តើមមានបញ្ហាភ្នែកម្យ៉ូប។ លើសពីនេះ គឺតែងទៅព្យាបាលជាមួយនឹងគ្រូឱសថបុរាណ និងគ្លីនិកដែលគ្មានជំនាញច្បាស់លាស់។អ្នកជំនាញសុខភាពភ្នែករូបនេះបន្ថែមថា ដើម្បីថែរក្សាសុខភាពភ្នែកឱ្យបានល្អនោះ ត្រូវអនុវត្តចំណុចសំខាន់ៗដូចជានៅពេលមានបញ្ហាភ្នែកត្រូវរួសរាន់ទៅពិនិត្យសុខភាពផ្នែកឱ្យបានទាន់ពេល។