កាលពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បាន សហការជាមួយមន្ទីរព្យាបាលធ្មេញបស្ចិម បានរៀបចំសិក្ខាសាលាស្តីអំពី “សុខភាពមាត់ធ្មេញ និងការថែទាំ” ជូនដល់ប្អូនៗមត្តេយសិក្សារហូតដល់សិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ។
វាគ្មិន ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមបានមានប្រសាសន៍ លើកឡើងថាសុខភាពមាត់ធ្មេញជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗគ្នា។ ដូចនេះប្អូនៗសិស្សានុ- សិស្សទាំងអស់ត្រូវដុសសម្អាតធ្មេញឱ្យបានញឹកញាប់ ដោយត្រូវដុសធ្មេញ២ ទៅ៣ដងក្នុង១ថ្ងៃ ដើម្បីសម្អាតកាកសំណល់ដែលនៅសល់កកតាមជើងធ្មេញ ក្រោយពេលបរិភោគចំណីអាហាររួចរាល់។ លើសពីនេះ យើងត្រូវទៅជួបគ្រូពេទ្យធ្មេញ២ ទៅ៣ដងក្នុង១ឆ្នាំ ដើម្បីឱ្យគ្រូពេទ្យលាងសម្អាតធ្មេញរបស់យើង និងធ្វើការត្រួតពិនិត្យក្រែងមានបញ្ហាផ្សេងៗ ការធ្វើបែបនេះ គឺដើម្បីកុំឱ្យធ្មេញរបស់យើងមានបញ្ហាធ្ងន់ធ្ងរ ហើយត្រូវចំណាយប្រាក់ច្រើន ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងខាតបង់ពេលវេលារៀនសូត្រជាដើម។ វាគ្មិនបានបង្ហាញទៀតថា ធ្មេញមានមុខងារសំខាន់ៗខ្លាំងណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ តែបើយើងមិនបានថែរក្សាឱ្យបានល្អទេ នោះធ្មេញនឹងក្លាយជាពុកផុយ ឬខូចជាមិនខាន។ ដូច្នេះ ត្រូវជ្រើសរើសរបបអាហារញ៉ាំឱ្យបានត្រឹមត្រូវ និងពិនិត្យធ្មេញឱ្យបានទៀងទាត់ ព្រមទាំងស្ដាប់តាមវេជ្ជបញ្ជានៃគ្រូពេទ្យជំនាញ។ លើសពីនេះ វាគ្មិនក៏បានណែនាំពីរបៀបដុសសម្អាតធ្មេញ៦យ៉ាងដ៏មានប្រសិទ្ធភាព ដោយបានបង្ហាញពីជំហាននីមួយៗដូចតទៅ ជំហានទី១ មនុស្សគ្រប់រូបគួរតែដុសសម្អាតផ្ទៃខាងក្រៅនៃធ្មេញលើ។ ជំហានទី២ ត្រូវដុសសម្អាតផ្ទៃខាងក្រៅនៃធ្មេញក្រោម។ ជំហានទី៣ គឺជាដំណាក់កាលដុសសម្អាតផ្ទៃខាងក្នុងនៃធ្មេញលើ។ រីឯជំហានទី៤ ត្រូវដុសសម្អាតផ្ទៃខាងក្នុងនៃធ្មេញក្រោម ហើយជំហានទី៥ គឺដុសសម្អាតផ្ទៃទំពារនៃធ្មេញលើ និងជំហានទី៦ សម្អាតផ្ទៃទំពានៃធ្មេញក្រោម។