កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការនឹងសម្ព័ន្ធដើម្បីសុវត្តិភាពចរាចរណ៍ផ្លូវគោក បានរៀបចំសិក្ខាសាលាស្តីពី “សុវត្ថិភាពចរាចណ៍ផ្លូវគោក” នៅអគារនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
សិស្សានុសិស្សដែលបានចូលរួមសិក្សាស្វែងយល់ស្តីពីសុវត្ថិភាពចរាចណ៍ផ្លូវគោកនោះថា បច្ចុប្បន្ននេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលកំពុងឈរជើងក្នុងវិស័យអប់រំកម្ពុជា នៅតែព្រួយបារម្ភពីបញ្ហាសុវត្ថិភាពចរាចណ៍ផ្លូវគោក ហើយជារៀងរាល់ឆ្នាំស្ថាប័នអប់រំឯកជនមួយនេះតែងតែសហការនិងអញ្ជើញវាគ្មិនជំនាញៗមកធ្វើបទបង្ហាញ ដើម្បីចែករំលែកបញ្ហាសុវត្ថិភាពចរាចណ៍ផ្លូវគោកដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរបស់ខ្លួន។
ទន្ទឹមនឹងការចែករំលែកចំណេះដឹងស្តីពីសុវត្ថិភាពចរាចណ៍ផ្លូវគោកដល់សិស្សានុសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានដាក់បញ្ជូលមុខវិជ្ជាស្តីពីសុវត្ថិចរាចរណ៍ផ្លូវគោកចូលទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនផងដែរពោលគឺចាប់តាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។ ជុំវិញសិក្ខាសាលានេះ វាគ្មិនមកអង្គការសម្ព័ន្ធដើម្បីសុវត្តិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំ២០១៥ ដល់សិស្សានុសិស្សឱ្យឃើញថា “អ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនមានអាយុចាប់ពីចន្លោះ២០ឆ្នាំទៅ២៤ឆ្នាំ ហើយអ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ទាំងនោះមានប្រមាណ២,២៣១នាក់ និងអ្នករងរបួសធ្ងន់មាន៥,៤៥០នាក់។ ទោះបីជាបច្ចុប្បន្ន បញ្ហាចរាចរណ៍បានកែទម្រង់បានល្អច្រើនមួយកម្រិតក៏ពិតមែន ក៏ប៉ុន្តែដើម្បីកាត់បន្ថយនិងទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ ទីប្រឹក្សាអង្គការសម្ព័ន្ធដើម្បីសុវត្តិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវដោយទទូចសុំប្រជាពលរដ្ឋគួរតែប្តូរឥរិយាបថនិងទម្លាប់បំពានច្បាប់ចរាចរណ៍ចេញ។ ពោលគឺកុំបើកបរហួសល្បឿនកំណត់, បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង, ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមិនគោរពសិទ្ធអាទិភាពជាដើម។ ឥរិយាបថនិងទម្លាប់បំពានច្បាប់នេះ គឺកើតចេញពីពួកគាត់គ្មានការយល់ដឹង។
ដូច្នេះរាជរដ្ឋាភិបាលដែលមានក្រសួងអប់រំជាសេនាធិការគួរតែដាក់បញ្ចូលឱ្យមានការសិក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងកម្មវិធីសិក្សាតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់ឧត្តមសិក្សាបានកាន់តែល្អ។ រីឯកត្តាផ្លូវថ្នល់ ក៏ជាបញ្ហាចោទដែរ ដ្បិតថា ក្រសួងពាក់ព័ន្ធខំប្រឹងអភិវឌ្ឍបានល្អហើយក្តី តែហាក់នៅមានចន្លោះប្រហោងច្រើន ដូចជាមានផ្លូវល្អធំល្វឹងល្វើយតែគ្មានស្នាមគំនូស ឬស្លាកសញ្ញាចរាចរណ៍ជាដើម។ បន្ថែមលើសពីនេះ ការដឹកជញ្ជូនលើសចំណុះ ឬការកែច្នៃយានជំនិះមិនបានត្រឹមត្រូវតាមស្តង់ដារ ក៏ជាផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍ផង ហើយភាពរញ៉េរញ៉ៃនោះ ច្បាស់ណាស់នឹងឈានទៅរកគ្រោះថ្នាក់ចរាចរណ៍ផង។គួរជម្រាបជូនថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចង់ឱ្យសិស្សបានយល់ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងវិធានការការពារនានា តាមរយៈការធ្វើបទបង្ហាញ និងចែករំលែករបស់ទីប្រឹក្សាអង្គការសម្ព័ន្ធដើម្បីសុវត្តិភាពចរាចរណ៍ផ្លូវគោក ព្រោះពួកគាត់ស្ថិតនៅក្នុងវ័យមួយដែលច្បាប់អនុញ្ញាតឱ្យបើកបរដោយខ្លួនឯង។ ម្យ៉ាងអង្គសិក្ខាសាលានេះក៏មានចេតនាឱ្យពួកគេពាំនាំចំណេះដឹងទាំងនេះយកទៅផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងមិត្តភក្តិជាដើម៕