កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានសហការជាមួយនឹងវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានបើកសិក្ខាសាលាស្តីអំពី “ស្ដង់ដារគណនេយ្យជាតិ និងអន្តរជាតិ” ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ វេនព្រឹក និងវេនរសៀល សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។
- លោក ខេស៊ី បាណេត ប្រធានវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ធ្វើបទបង្ហាញថ្ងៃនេះធ្វើឡើងដើម្បីចូលរួមចំណែកផ្សព្វផ្សាយឱ្យកាន់តែមានភាពទូលំទូលាយចំពោះវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ដល់សិស្សានុសិស្សថ្នាក់ទី១២ ឱ្យមានមូលដ្ឋានច្បាស់លាស់សម្រាប់បន្តការសិក្សានៅតាមសាកលវិទ្យាល័យ និងតាមវិទ្យាស្ថាននានានាពេលខាងមុខ។ លោកបានសង្កត់ធ្ងន់ថា ធនធានមនុស្សផ្នែកគណនេយ្យ និងសវនកម្មគឺជាធនធានដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និយាយរួមនិងនិយាយដោយឡែកគឺជាធាតុមួយដ៏ចាំបាច់សម្រាប់ជួយពង្រឹងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម តាមរយៈតម្លាភាព គណនេយ្យភាព និងត្រឹមត្រូវនៃរបាយការណ៍។ ដោយឡែកទីផ្សារមូលប័ត្រ បាន បើកឱ្យដំណើរការដោយជោគជ័យ តាមគោលនយោបាយរបស់រដ្ឋាភិបាលក៏ត្រូវការយ៉ាងចាំបាច់បំផុតនូវធនធានមនុស្សដែលមានចំណេះដឹងខាងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់វិស័យថ្មីនេះក៏ដូចជាការចូលរួម ដើម្បីកំណើនខឿនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
លោកបានសំណូមពរដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរៀនសូត្រឱ្យកាន់តែបានលទ្ធផលល្អ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង ព្រមទាំងប្រទេសធំផ្សេងៗទៀតទូទាំងសាកលលោកសំដៅបំពេញឱ្យបាននូវផែនការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាទីបញ្ចប់ លោក ខេស៊ី បាណេត ក៏បានជូនពរប្អូនៗឱ្យទទួលបានលទ្ធផលល្អចំពោះការប្រឡងសញ្ញាបត្រ ទុតិយភូមិពេលឆាប់ៗខាងមុខនេះ។ ក្រោយពីបានស្តាប់យ៉ាងយកចិត្តទុកដាក់ សិស្សានុសិស្សមានការចាប់អារម្មណ៍ និងបានឆ្លងឆ្លើយសំណួរទៅវាគ្មិនយ៉ាងសកម្មនៅក្នុងវគ្គសិក្ខាសាលានេះ៕