កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀបចំកម្មវិធីពិសោធស្តីពីការអង្កេតមើលលក្ខណៈរូបផ្គុំរបស់ផ្កា ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ វេនព្រឹក និងវេនរសៀល ដែលដឹកនាំដោយអ្នកគ្រូ សុខ ម៉ានី បង្រៀនមុខវិជ្ជាជីវវិទ្យា នៅបន្ទប់ពិសោធនៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ។
នៅក្នុងការពិសោធនោះដែរ អ្នកគ្រូ សុខ ម៉ានី បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារ មេរៀន អង់ស្យូស្ពែម ត្រង់ចំណុចការសង្កេតមើលលក្ខណៈរូបផ្គុំរបស់ផ្កា មកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីលក្ខណៈរូបផ្គុំរបស់ផ្កា និងចំនួនអូវែនីមួយៗនៅក្នុងអូវុល ហើយ អ្នកគ្រូក៏បានរៀបរាប់ពីសម្ភារសម្រាប់យកមកធ្វើការពិសោធរួមមាន ផ្កាជាច្រើនប្រភេទ ផ្លែឡាម បន្ទះឡាម៉ែល ក្រដាសស្អាត ពីប៉ែត និងមីក្រូទស្សន៍។ បន្ទាប់ពីអ្នកគ្រូបានបង្ហាញពីសម្ភារដែលត្រូវយកមកធ្វើពិសោធរួមមក អ្នកគ្រូបានពន្យល់ពីរបៀបធ្វើពិសោធទៅតាមដំណាក់កាលនីមួយៗយ៉ាងក្បោះក្បាយ។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុម ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការពិនិត្យមើលពីលក្ខណៈរូបផ្គុំរបស់ផ្កា ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលសិស្សានុសិស្សកំពុងសិក្សា និងដើម្បីឱ្យពួកគាត់ឆាប់ចាប់បាននូវខ្លឹមសារនៃមេរៀនដែលផ្សារភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។
សិស្សានុសិស្សបានយល់ច្បាស់ពីលក្ខណៈរូបផ្គុំរបស់ផ្កា ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបានអនុវត្តពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូនិងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀនមួយនេះ។