កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធមុខវិជ្ជាគីមីវិទ្យាក្រោមប្រធានបទ “ការញែកល្បាយ ជូនដល់សិស្សានុសិស្សថ្នាក់៨ នៅបន្ទប់ពិសោធ ដែលដឹកនាំពិសោធដោយអ្នកគ្រូ លឹម សុធាវី គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា។ នៅក្នុងសកម្មភាពបង្រៀននោះ អ្នកគ្រូ លឹម សុធាវី បានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ និងសម្ភារពិសោធមានដូចជា ដីខ្សាច់ អំបិល ទឹក ជីឡាវ ចង្កៀងអាល់កុល បន្ទះអាមីញ៉ុង ចង្កឹះកែវ ក្រដាសតម្រ និងជញ្ជីងថ្លឹង សម្រាប់ពិសោធទៅលើការញែកល្បាយ (ដីខ្សាច់ និងអំបិល)។ លើសពីនេះ អ្នកគ្រូបានបង្ហាញពីវិធីញែកល្បាយដូចជា វិធីញែកល្បាយ វិធីចម្រោះ រំហួត កំណក្រោម បំណិត បំណិតធម្មតា និងបំណិតប្រភាគ។ វិធីទាំងអស់នេះប្រើដើម្បីញែកជាតិពណ៌ទាំងឡាយចេញពីអង្គធាតុរាវ។ បន្ទាប់មក អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជា០៤ក្រុមដែលនៅតាមក្រុមពិសោធនីមួយៗមានសមាជិកចំនួន០៥ទៅ ០៦នាក់ដើម្បីពិសោធដោយផ្ទាល់ទៅលើការញែកល្បាយ ។ អ្នកគ្រូបានបន្តថាមុខវិជ្ជាវិទ្យាសាស្រ្តមិនត្រឹមតែមានខ្លឹមសារផ្សារភ្ជាប់នឹងការអនុវត្តទៅតាមទ្រឹស្ដីមេរៀនប៉ុណ្ណោះទេ តែក៏ជាតម្រូវការនៃចំណេះដឹង ដែលសិស្សានុសិស្សកំពុងទាមទារក្នុងការរៀនសូត្រផងដែរ ហើយអ្វីរឹតតែពិសេសជាងនេះទៅទៀតនោះ ពិសោធន៍អាចជាផ្នែកដ៏សំខាន់មួយទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឱ្យចូលចិត្តរៀនសូត្រ។ ក្រោយពីបានបង្ហាញពីដំណើរការនានាក្នុងការពិសោធបានចប់សព្វគ្រប់ហើយ អ្នកគ្រូ លឹម សុធាវី បានចាប់ផ្តើមដំណើរការពិសោធទៅលើសម្ភារដែលបានត្រៀមយកមកពិសោធ។ បន្ទាប់មក អ្នកគ្រូក៏បានចាប់ផ្តើមញែកល្បាយដោយប្រើវិធីសាស្រ្តផ្សេងៗទៅតាមដំណាក់កាលនីមួយៗ ព្រមទាំងពន្យល់បន្ថែមអំពីទ្រឹស្តីមេរៀនដែលត្រូវយកមកប្រើប្រាស់ក្នុងពេលពិសោធ។ ក្រោយពីបានពិសោធន៍រួចរាល់ សិស្សានុសិស្សបានលើកឡើងជាសំណួរសួរទៅកាន់អ្នកគ្រូ ហើយអ្នកគ្រូក៏បានពន្យល់បន្ថែមទៀតដល់សិស្សានុសិស្សអំពីទ្រឹស្តីល្អៗក្នុងការញែកល្បាយ ក៏ដូចជាយល់ដឹងពីល្បាយផងដែរ។ ជាមួយគ្នានេះ អ្នកគ្រូ បានលើកឡើងថា ការពិសោធដែលមានលក្ខណៈត្រឹមត្រូវទៅតាមស្តង់ដាជាតិ និងអន្តរជាតិ និងទទួលបានជោគជ័យ វាគឺជារឿងចាំបាច់បំផុតសម្រាប់អ្នកពិសោធ ព្រោះគ្រប់ការពិសោធទាំងអស់រមែងតែងតែចង់ទទួលបានលទ្ធផលល្អ និងជោគជ័យដែលកើតចេញពីការពិសោធ ហើយបើទោះបីជាលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក៏ដោយ តែជាធម្មតារាល់ការពិសោធរមែងតែងតែទទួលបានលទ្ធផលទៅតាមវត្ថុបំណងដែលបានគ្រោងទុក។ ជាចុងក្រោយ អ្នកគ្រូបានពន្យល់សិស្សានុសិស្សអំពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបង្ហាញអំពីលទ្ធផលនៃការពិសោធជូនដល់សិស្សានុសិស្សយ៉ាងក្បោះក្បាយ និងស៊ីជម្រៅបំផុត ហើយសិស្សានុសិស្សបានចូលរួមសហការគ្នាពិសោធជាលក្ខណៈក្រុមបានយ៉ាងល្អប្រសើរទៅលើប្រធានបទ “ការញែកល្បាយ (ដីខ្សាច់ និងអំបិល)។ សមាជិកនីមួយៗនៃក្រុមពិសោធមានស្មារតីសហការ និងជួយពន្យល់ណែនាំគ្នាទៅវិញទៅមកដើម្បីឱ្យបានស្វែងយល់ និងចេះពីរបៀបញែកល្បាយឱ្យបានគ្រប់គ្នា។ ក្រោយពេលពិសោធចប់សព្វគ្រប់ សិស្សានុសិស្សមានភាពសប្បាយរីករាយដោយបានស្វែងយល់ពីទ្រឹស្តីមេរៀន ព្រមទាំងអនុវត្តពិសោធបានយ៉ាងល្អហើយក៏បានថតរូបអនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយ។
ចែករំលែកអត្ថបទនេះ