កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ អ្នកគ្រូ ជ្រុន ស្រីពៅ គ្រូបង្រៀនមុខវិជ្ជា គីមីវិទ្យា បានដឹកនាំសិស្សថ្នាក់ទី៩ ធ្វើពិសោធ “ទង្វើអុកស៊ីសែន” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ អ្នកគ្រូបានលើកយកចំណុចសំខាន់ៗនៃ ខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធទៅលើទង្វើ អុកស៊ីសែន។ ការលើកបង្ហាញបែបនេះ គឺអ្នកគ្រូចង់បង្ហាញពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបានបង្ហាញឱ្យសិស្សស្គាល់ពីសម្ភារនានាសម្រាប់យកទៅពិសោធបានកាន់តែច្បាស់ ហើយក៏ដើម្បីឱ្យសិស្សបានសិក្សាស្វែងយល់អំពីរបៀបពិសោធទៅលើទង្វើអុកស៊ីសែន។
អ្នកគ្រូ បានលើកឡើងថា ការពិសោធនាពេលនេះសំដៅដល់ការស្វែងរកឱ្យឃើញការពិតតាមទ្រឹស្ដីមេរៀន ហើយការពិសោធសម្រាប់ថ្នាក់ចំណេះទូទៅពុំមែន ធ្វើស៊ីជម្រៅខ្លាំងដូចអ្នកជំនាញនោះទេ តែអាចចាត់ទុកថា ពិសោធរកអ្វីដែលមាននៅក្នុងទ្រឹស្ដី មេរៀន។ មុខវិជ្ជាវិទ្យាសាស្រ្តមិនត្រឹមតែមានខ្លឹមសារផ្សាភ្ជាប់នឹងការអនុវត្តទៅតាមទ្រឹស្ដីមេរៀនប៉ុណ្ណោះទេ តែក៏ជាតម្រូវការនៃចំណេះដឹង ដែលសិស្សានុសិស្សកំពុងទាមទារក្នុងការរៀនសូត្រផងដែរ ហើយអ្វីរឹតតែពិសេសជាងនេះទៅទៀតនោះ ពិសោធន៍អាចជាផ្នែកដ៏សំខាន់មួយទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឱ្យចូលចិត្តរៀនសូត្រ។ សិស្សានុសិស្សដែលបានចូលរួមនៅក្នុងការពិសោធលើមេរៀន “ទង្វើអុកស៊ីសែន” បានយល់ដឹងអំពីរបៀបពិសោធ សម្ភារដែលត្រូវប្រើប្រាស់ក្នុងពេលពិសោធ និងលទ្ធផលដែលទទួលបានក្រោយពេលពិសោធ ហើយសិស្សានុសិស្សទាំងអស់ដែលបានចូលរួមពិសោធពិតជាមានភាពសប្បាយរីករាយ ក្រោយពេលបានបញ្ចប់លើមេរៀនមួយនេះ។