កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) បានរៀបចំការពិសោធក្រោមប្រធានបទ “ទង្វើអ៊ីដ្រូសែន” ជូនដល់សិស្សថ្នាក់ទី៧ ដែលដឹកនាំដោយលោកគ្រូ នូ ស្រីស្រស់ គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា ។
ក្នុងការពិសោធលើប្រធានបទនេះផងដែរ លោកគ្រូ បានលើកយកនូវចំណុច សំខាន់ៗនៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សបានសិក្សាស្វែងយល់ពីអ៊ីដ្រូសែនដែលជាឧស្ម័នស្រាលអាចដុះឆេះ និងការលាយល្បាយចូលគ្នាដើម្បីឱ្យមានប្រិតកម្មកើតឡើងតាម រយៈការពិសោធជាក់ស្តែងនៅក្នុងបន្ទប់ពិសោធ។ បន្ទាប់មក លោកគ្រូក៏បានបង្ហាញពីសម្ភារដែលត្រូវយកមកធ្វើពិសោធមានដូចជា កែវបាឡុងមានខ្នែង ប៉ោងប៉ោង ក្រដាសអាលុយមីញ៉ូម និងទឹកលាងបង្គន់។ នៅក្នុងនោះដែរ លោកគ្រូក៏បានបង្ហាញពីទ្រឹស្តីមេរៀនយ៉ាងលម្អិតទាក់ទងនឹងដំណើរការនៃការពិសោធដល់សិស្សឱ្យបានដឹងគ្រប់ៗគ្នាដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរ។ បន្ទាប់ពីលោកគ្រូបានពន្យល់ណែនាំលម្អិតនៃការអនុវត្តពិសោធទៅតាមដំណាក់កាលនីមួយៗ រួចមក លោកគ្រូក៏បានបែងចែកសិស្សជា៥ក្រុម ដោយក្នុងមួយក្រុមៗមានសមាជិកពី៤ ទៅ៥នាក់។ សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តការពិសោធជាក់ស្តែងដោយមានការណែនាំពីលោកគ្រូរហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។