កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ សិទិ្ធ ស៊ីនរត័្ន បង្រៀនលើមុខវិជ្ជារូបវិទ្យា បានលើកយកប្រធានបទអំពីសម្ពាធ ឱ្យសិស្សានុសិស្សថ្នាក់ទី១០ “ វេនព្រឹក និងវេនរសៀល ធ្វើការពិសោធន៍ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។
នៅក្នុងការបង្រៀននោះ លោកគ្រូបាន ច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីសម្ពាធខ្យល់នៅក្នុងកែវបាឡុង ជាមួយស៊ុត និងសម្ពាធខ្យល់នៅក្នុងកែវទឹក។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែក សិស្សានុសិស្សជាក្រុមដែលមានសមាជិក៤ ទៅ៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការដុតភ្លើងនៅក្នុងកែវបាឡុង ដើម្បីប្រើសម្ពាធខ្យល់ហឺតស៊ុតចូលទៅក្នុងកែវបាឡុង និងការប្រើសំពាធខ្យល់ក្នុងកែវទឹកជាមួយក្រដាស ផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។
សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀនសម្ពាធនេះ ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀនមួយនេះ។