កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធមុខវិជ្ជារូបវិទ្យាក្រោមប្រធានបទ “សៀគ្វីអគ្គិសនី” ជូនដល់សិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ដែលដឹកនាំពិសោធដោយលោកគ្រូ ឈួន បូណា គ្រូបង្រៀនមុខវិជ្ជារូបវិទ្យា ។
នៅក្នុងសកម្មភាពបង្រៀននោះ លោកគ្រូ បានលើកយកចំណុចសំខាន់ៗនៃ ខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន បានដឹងអំពីដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធទៅសៀគ្វីអគ្គិសនី លើសពីនេះ លោកគ្រូ បានបង្ហាញអំពីសម្ភារពិសោធ នានាដូចជា អំពូល១ ឌុយជើង២ ខ្សែតសៀគ្វី ដង្កៀប កុងតាក់ ទួឡឺវីស និងស្កុតខ្សែភ្លើង១។ ការលើកបង្ហាញបែបនេះ គឺលោកគ្រូចង់បង្ហាញអំពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបានបង្ហាញឱ្យសិស្សស្គាល់ពីសម្ភារនានាសម្រាប់យកទៅពិសោធបានកាន់តែច្បាស់ ហើយក៏ដើម្បីឱ្យសិស្សបានសិក្សាស្វែងយល់អំពីរបៀបពិសោធទៅលើអំពូល។ បន្ទាប់មក លោកគ្រូ ក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលនៅតាមក្រុមពិសោធនីមួយៗមានសមាជិកចំនួន០៤ទៅ ០៥នាក់ ដើម្បីពិសោធដោយផ្ទាល់ទៅលើអំពូលភ្លើង។
មុខវិជ្ជាវិទ្យាសាស្រ្តមិនត្រឹមតែមានខ្លឹមសារផ្សារភ្ជាប់ទៅនឹងការអនុវត្តទៅតាមទ្រឹស្ដី មេរៀនប៉ុណ្ណោះទេ តែក៏ជាតម្រូវការនៃចំណេះដឹងដែលសិស្សានុសិស្សកំពុងទាមទារក្នុងការរៀនសូត្រផងដែរ ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ ពិសោធន៍អាចជាផ្នែកដ៏សំខាន់មួយទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឱ្យចូលចិត្តរៀនសូត្រ។