កាលពីថ្ងៃ២៨ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ សិស្សពូកែថ្នាក់ជាតិពីរនាក់របស់សាលារៀន អន្តរទ្វីប អាមេរិកាំង ទៅទទួលរង្វាន់ពីអភិបាលរាជធានីភ្នំពេញ។សិស្សពូកែថ្នាក់ជាតិពីរនាក់មានឈ្មោះយុវតី លឹម ឆេងហ៊ុយ សិស្សពូកែទូទាំងប្រទេស ផ្នែករូបវិទ្យា និងយុវជន រាត់ កំរងជេដ្ឋា សិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា របស់សាលារៀន អន្តរទ្វីប អាមេរិកាំង។លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីប្រគល់រង្វាន់ដល់សិស្សពូកែ រាជធានីភ្នំពេញ និងបើកបវេសនកាល នៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។ឆេងហ៊ុយ បានបង្ហាញពីអារម្មណ៍ថាពិតជារំភើបយ៉ាងក្រៃលែង ដែលជាប់ជាសិស្សពូកែទូទាំងប្រទេស ព្រោះលទ្ធផលបែបនេះមិនមែនបានដោយងាយៗនោះទេ គឺបានដោយការប្រឹងប្រែងរៀនសូត្រ និងយកចិត្តទុកដាក់ជាទីបំផុត។ សិស្សពូកែទូទាំងប្រទេសរូបនេះបន្ថែមថា ខ្លួនពិតជាមានមោទនភាពណាស់ ដែលមានកិត្តិយសបានអភិបាលរាជធានីភ្នំពេញផ្ដល់រង្វាន់ដល់ខ្លួន ក៏ដូចសិស្សពូកែទូទាំងប្រទេសដទៃទៀត ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្របន្ថែមទៀត។ យុវតី លឹម ឆេងហ៊ុយ និងយុវសិស្ស រាត់ កំរងជេដ្ឋា សុទ្ធសឹងជាសិស្សឆ្នើម ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាគ្រឹះស្ថានអប់រំមួយផ្ដោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្មជាចម្បង។ សិស្សពូកែទូទាំងប្រទេស ឬពូកែថ្នាក់ជាតិទាំងអស់ម្នាក់ៗទទួលបានថវិកា៧ម៉ឺនរៀល កាតាប១ សៀវភៅ១០ក្បាល ប៊ិក២ដើម៕អត្ថបទ និងរូបភាពដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ