យុវតី លឹម ឆេងហ៊ុយ ដែលជាបេក្ខជនជ័យលាភីលេខ៣ ពីការប្រឡងប្រជែងជ្រើសរើសសិស្សពូកែប្រចាំរាជធានីភ្នំពេញ លើមុខវិជ្ជារូបវិទ្យា កាលពីថ្ងៃទី២៣ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ បានចែករំលែកពីបទពិសោធផ្ទាល់ខ្លួនដើម្បីក្លាយជាសិស្សពូកែ។ នៅក្នុងបទសម្ភាសលើប្រធានបទនេះ ឆេងហ៊ុយ បានចែករំលែកថា ដើម្បីសន្សំចំណេះដឹងក្លាយជាសិស្សពូកែនោះ ដំបូងត្រូវរៀបចំកាលវិភាគ ថែមទាំងបែងចែកពេលវេលាសិក្សាផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន។
សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង រូបនេះឱ្យដឹងថា បន្ទាប់ពីសិក្សានៅឯសាលា ខណៈនៅឯផ្ទះឬមានពេលទំនេរនោះ យើងត្រូវបន្ថែមការស្រាវជ្រាវ រម្លឹកមេរៀន និងធ្វើលំហាត់នានាជាដើម។ ពេលព្រលឹមរម្លឹកមេរៀន រីឯរសៀលធ្វើលំហាត់ ហើយនៅពេលយប់ត្រូវអានមេរៀនជាបន្តបន្ទាប់ជាដើម។ យ៉ាងណាក៏ដោយ ស្របនឹងខិតខំសិក្សានេះ យើងក៏មិនត្រូវភ្លេចរកពេលសម្រាកខ្លះៗដើម្បីលម្ហែកម្សាន្តកាយផងដែរ។យុវតីជ័យលាភីលេខ៣ ដដែលនេះបានសង្កត់ធ្ងន់ថា បើមិនបានបែងចែកពេលវេលាឱ្យត្រឹមត្រូវ និងច្បាស់លាស់ទេ នោះយើងក៏មិនអាចទទួលបានជោគជ័យលើការសិក្សាដែរ។ លើសពីនេះ យើងត្រូវស្វ័យសិក្សាឱ្យបានច្រើន ព្រមទាំងធ្វើលំហាត់ឱ្យបានញឹកញាប់ និងឧស្សាហ៍រម្លឹកមេរៀនជារៀងរាល់ពេលថែមទៀត។
យុវតីចូលចិត្តមុខវិជ្ជារូបវិទ្យារូបនេះបន្ថែមថា ក្រៅពីកត្តាផ្ទាល់ខ្លួនដែលធ្វើឱ្យការសិក្សាល្អប្រសើរនោះ ក៏មានកត្តាសង្គម គ្រួសារ មិត្តភក្ដិ សាលា និងលោកគ្រូអ្នកគ្រូផងដែរ ដែលជំរុញឱ្យការសិក្សាបានជោគជ័យ។ អ្វីដែលសំខាន់ជាងគេនោះ គឺកត្តាផ្ទាល់ខ្លួនតែម្ដង បើបុគ្គលនោះពុំស្រវាស្រទេញ ឬស្វាធ្យាយសិក្សាដោយខ្លួនឯងទេ ទោះមានគ្រូល្អ ឬមានអ្នកជំរុញលើកទឹកចិត្តយ៉ាងណាក៏ដោយ ក៏ពុំបានប្រសើរដែរ។ ដូច្នេះដើម្បីក្លាយជាសិស្សពូកែមួយរូប យើងត្រូវរៀបចំកាលវិភាគរៀន បែងចែកពេលវេលាសិក្សា គួបផ្សំនឹងការមានជំនឿជាក់លើខ្លួនឯង ដោយចេះតស៊ូ ព្យាយាម អត់ធ្មត់ ក្លាហាន និងមិនខ្ជិលច្រអូសក្នុងការសិក្សា។ សូមបញ្ជាក់ជូនថា លឹម ឆេងហ៊ុយ ជាសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ដែលទទួលបានជ័យលាភីលេខ៣ ក្នុងការប្រកួតប្រជែងសិស្សពូកែផ្នែករូបវិទ្យា នៅទូទាំងបណ្ដាសាលារៀនឯកជន និងសាលារដ្ឋក្នុងរាជធានីភ្នំពេញ កន្លងទៅនេះ នៅឯមណ្ឌលវិទ្យាល័យវត្តកោះ។ មិនតែប៉ុណ្ណោះ ឆេងហ៊ុយ ក៏ជាសិស្សពូកែប្រចាំសាលា និងជាសិស្សពូកែស្ទើរគ្រប់មុខវិទ្យាថែមទៀត។ លើសពីនេះ នាងក៏ជាកីឡាការិនីបាល់បោះឆ្នើមផងដែរ ដែលកាលពីពេលកន្លងទៅថ្មីៗនេះក្រុមបាល់បោះរបស់នាងក៏ដណ្ដើមបានជ័យលាភីលេខ១ ពីព្រឹត្តិការណ៍ ការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា២០១៦-២០១៧ ផងដែរ។
គួររម្លឹកជូនផងដែរថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ឆេងហ៊ុយ នឹងចូលរួមប្រកួតជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា នៅឯមណ្ឌលវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង៕
រូបភាព និងអត្ថបទយកពី The Intercon Rooster