កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ដើម្បីធ្វើដំណើរទស្សនកិច្ចសិក្សានៅតំបន់ប្រត្តិសាស្ដ្រពីរកន្លែងគឺនៅវត្តត្រឡែងកែង ស្ថិតនៅកណ្ដាលអតីតបន្ទាយលង្វែក ដែលបច្ចុប្បន្នស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងតំបន់ភ្នំព្រះរាជទ្រព្យ រមណីយដ្ឋានប្រវត្តិសាស្ដ្រសម័យឧដុង្គ ដែលស្ថិតនៅក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ មូលហេតុដែលគណៈគ្រប់គ្រងសាលាជ្រើសរើសយកទីតាំងទាំងពីរខាងលើជាទីតាំងសម្រាប់ដំណើរទស្សនកិច្ចសិក្សារបស់សិស្សដោយហេតុថា តំបន់ទាំងពីរនេះជាតំបន់ដែលមានសុវត្ថិភាពល្អ ជារមណីយដ្ឋានដ៏ស្រស់បំព្រង ជាទីតាំងវប្បធម៌ ហើយដែលមានជាប់ទាក់ទងនឹងរឿងរ៉ាវជាច្រើននៃប្រវត្តិសាស្ត្រខ្មែរ។ យ៉ាងណាមិញ អតីតក្រុងលង្វែក និងរាជធានីឧដុង្គ គឺជាទីតាំងដ៏ល្អសម្រាប់សិស្សានុសិស្សក្រេបជញ្ជក់យកចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ដែលជាចំណេះដឹងបន្ថែមពីលើមេរៀនក្នុងថ្នាក់ តាមរយៈការទៅដល់ និងឃើញផ្ទាល់ភ្នែកពីទីតាំងភូមិសាស្ត្រនៃអតីតរាជធានីខ្មែរទាំងនោះ។ ពិសេសសិស្សានុសិស្សទាំងអស់បានស្ដាប់ការណែនាំ និងសួរឆ្លើយទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្នុងសម័យលង្វែក និងឧដុង្គ ដើម្បីជាចំណេះបន្ថែមក្នុងមុខវិជ្ជាប្រវត្តិសាស្ត្ររបស់ពួកគេ។ ដំណើរទស្សនកិច្ចសិក្សានោះ គណៈគ្រប់គ្រងសាលាក៏បានរៀបចំឱ្យមានកម្មវិធីឈ្វេងយល់អំពីព្រះពុទ្ធសាសនា និងប្រវត្តិសាស្ដ្រផងដែរ ដោយបានរៀបចំឱ្យមានកម្មវិធីសូត្រមន្ត និងស្វាធ្យាយជយន្តោ ប្រោះព្រំសិរីមង្គលសួស្តីបណ្ដេញគ្រោះឧបទ្រពចង្រៃ ពីសំណាក់ព្រះគ្រូចៅអធិការវត្តត្រឡែងកែង ព្រមទាំងការធ្វើបទបង្ហាញណែនាំអំពី ប្រវត្តិសាស្ត្រខ្លីៗនៃសម័យកាលលង្វែកផងដែរ។
អត្ថបទ និងរូបភាពដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ