កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធក្រោមប្រធានបទ “អគ្គិសនីវិភាគទឹក” ជូនដល់ សិស្សថ្នាក់ទី៧ ដែលបានដឹកនាំដោយលោកគ្រូដែលជាគ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា និងលោកគ្រូជំនួយការបន្ទប់ពិសោធ។
ក្នុងការពិសោធលើប្រធានបទនោះដែរ លោកគ្រូ បានលើកយកនូវចំណុចសំខាន់ៗ នៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សឱ្យកាន់តែយល់ច្បាស់ពីការបំបែកម៉ូលេគុល ទឹកដោយចរន្តអគ្គិសនី និងដំណើរការនៃការពិសោធពីមួយដំណាក់កាលទៅមួយដំណាក់កាលតាម រយៈការពិសោធជាក់ស្តែងនៅក្នុងបន្ទប់ពិសោធ។ បន្ទាប់មក លោកគ្រូបានបង្ហាញពីសម្ភារដែលត្រូវ យកមកធ្វើពិសោធមានដូចជា ខ្សែចម្លងអគ្គិសនី ខ្មៅដៃ ថ្មពិល ចានជ័រ ដង្កៀប និងម្សៅ Banking Soda ជាដើម។ បន្ទាប់ពីបានបង្ហាញពីសម្ភារសម្រាប់ធ្វើពិសោធរួចរាល់មក លោកគ្រូក៏បានបង្ហាញ ពីទ្រឹស្តីមេរៀនយ៉ាងលម្អិត ដែលទាក់ទងទៅនឹងដំណើរការនៃការពិសោធដល់សិស្សឱ្យដឹងគ្រង់ៗគ្នា ដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរ។ បន្ទាប់ពីលោកគ្រូ បានពន្យល់ណែនាំលម្អិតនៃការអនុវត្តពិសោធតាមដំណាក់កាលនីមួយៗ រួចមក លោកគ្រូក៏បានបែងចែកសិស្សជា៥ក្រុម ដោយក្នុងមួយក្រុមៗមានសមាជិកពី៣ ទៅ៤នាក់។ បន្តិចក្រោយមក សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធ ជាក់ស្តែងដោយមានការណែនាំពីលោកគ្រូ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវ វត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។