សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានដឹកនាំសិស្សានុសិស្សលេងប្រជាប្រិយខ្មែរមួយចំនួន ជាការបង្ហាត់បង្រៀនក្មេងៗឱ្យចេះលេង និងស្គាល់ប្រភេទល្បែងប្រជាប្រិយខ្មែរ ដើម្បីថែរក្សាដំណែលនេះកុំឱ្យបាត់បង់។ ស្ថិតក្នុងបរិយាកាសដ៏សែនសប្បាយរីករាយនោះ សិស្សានុសិស្សបានចូលរួមលេងល្បែងដូចជា លាក់កន្សែង ទាញព្រ័ត្រ បីដកមួយ ស្វាដណ្តើមស្លឹកឈើ និងល្បែងចាប់កូនខ្លែងជាដើម។ ការដឹកនាំសិស្សានុសិស្សរបស់ខ្លួនចូលរួមលេងល្បែងប្រជាប្រិយខ្មែរទាំងនេះ គឺធ្វើឡើងខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតឈានចូលមកដល់។ លោកគ្រូ និងអ្នកគ្រូដឹកនាំសិស្សានុសិស្សឱ្យចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរទាំងនេះ គឺមិនត្រឹមតែជាចេតនាធ្វើឡើងដើម្បីឱ្យសិស្សលេងកម្សាន្តសប្បាយតែមួយផ្នែកនោះទេ តែវាក៏ជាសកម្មភាពមួយចូលរួមជួយថែរក្សាល្បែងទាំងនោះមិនឱ្យបានបង់ផងដែរ ឬអាចនិយាយបែបផ្សេងថា ដើម្បីពញ្ញាក់ស្មារតីកូនខ្មែរឱ្យចាប់អារម្មណ៍ឈ្វេងយល់ពីឈ្មោះ អត្ថន័យ និងរបៀបលេងល្បែងប្រជាប្រិយខ្មែរជាដើម ព្រោះជាការកត់សម្គាល់ឃើញថា កូនខ្មែរសម័យថ្មីនេះ ហាក់ពុំបានចាប់អារម្មណ៍នឹងល្បែងទាំងនេះទាល់តែសោះ ឬមកពីគ្មានមនុស្សចាស់ដឹកនាំលេងក៏ថាបានដែរ។
ចែករំលែកអត្ថបទនេះ