កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា ដែលមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) សាខាទួលគោក និងសាខាចាក់អង្រែ បានចុះទស្សនកិច្ចសិក្សាលើកទី១៣៥នៅរមណីយដ្ឋានភ្នំប្រសិទ្ធិ និងភ្នំរាបស្ថិតនៅក្នុងស្រុកអង្គស្នួល និងស្រុកពញាឮ ខេត្តកណ្តាល ព្រមជាមួយនឹងការចុះចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សសាលាបឋមសិក្សា។ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលតាមបន្ទប់រៀន និងបានចែកអំណោយដល់សិស្សានុសិស្សដែលអំណោយទាំងនោះរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាយ៉ាងច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗសិស្សានុសិស្ស នៃសាលាបឋមសិក្សា ដើម្បីជាការចូលរួមចំណែកចែករំលែកនូវការលំបាកផ្សេងៗ និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សនៅទីជនបទឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រ។ ក្រោយពីការចែកអំណោយរួចរាល់ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បន្តដំណើរទៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំប្រសិទ្ធិ៍ ហើយពេលទៅដល់ទីនោះសិស្សានុសិស្សបានទស្សនាប្រាសាទ ដែលមានឈ្មោះថាប្រាសាទស្រីគ្រប់លក្ខណ៍ ដែលប្រាសាទនោះត្រូវបានកសាងឡើងនៅសតវត្សទី៧ នៃគ្រិស្តសករាជ និងបានយល់ដឹងបន្ថែមពីរចនាបថក្នុងការកសាងប្រាសាទនេះឡើង ជាពិសេសគឺចម្លាក់ក្បូរក្បាច់ដែលដូនតាបានឆ្លាក់កសាងបន្សល់ទុកឱ្យ ហើយសិស្សានុសិស្សក៏បានយល់ដឹងបន្ថែមពីរូងភ្នំ ដែលស្ថិតនៅក្រោមប្រាសាទទៀតផង ហើយសិស្សានុសិស្សបានសរសេរចម្លើយនៅលើក្រដាសសំណួរដែលសាលាបានចែកឱ្យសិស្សឆ្លើយសំណួរ ព្រមទាំងបានគយគន់ទិដ្ឋភាពយ៉ាងល្អឥតខ្ចោះពីកំពូលភ្នំទៅក្រោម ដែលមើលឃើញផ្ទះប្រជាជន បន្លែ ដំណាំ វាលស្រែរបស់ប្រជាកសិកររួមទាំងភូមិឋាន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពសប្បាយរីករាយជាមួយទិដ្ឋភាពធម្មជាតិទាំងនោះ។ ក្រោយមក គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានជួបជុំញុំាអាហារថ្ងៃត្រង់ និងសម្រាកក្នុងបរិយាកាសសប្បាយរីករាយ ហើយក៏បានបន្តដំណើរទស្សនកិច្ចនៅតំបន់ភ្នំរាប ដែលជារមណីយដ្ឋានមួយល្អប្រណីតនៅខេត្តកណ្តាល។ នៅពេលទីដល់ទីនោះ សិស្សានុសិស្សបានសិក្សាស្វែងយល់ និងបានឃើញនូវប្រាសាទនៅលើភ្នំរាបជាមួយនឹងទេសភាពដ៏ស្រស់ស្អាត និងខ្យល់អាកាសល្អបរិសុទ្ធនៅទីនោះ ដែលជាហេតុធ្វើឱ្យសិស្សានុសិស្សមានភាពសប្បាយរីករាយជាមួយទេសភាពធម្មជាតិទាំងនោះ។ សិស្សានុសិស្សបានស្គាល់ និងបានយល់ដឹងកាន់តែច្បាស់ពីទីតាំងប្រវត្តិសាស្រ្ត សិល្បៈ វប្បធម៌ ក្បូរក្បាច់រចនា និងរចនាបថក្នុងការកសាងប្រាសាទ ព្រមទាំងទទួលបានចំណេះដឹងបន្ថែមកាន់តែច្បាស់ទាក់ទងទៅនឹងវប្បធម៌ ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងជាងនេះទៅទៀតធ្វើបានយល់ដឹងបន្ថែមទៀតទៅលើការដាំដំណាំផ្សេងៗរបស់ប្រជាកសិករដែលរស់នៅតាមទីជនបទ ហើយជាពិសេសសិស្សានុសិស្សបានស្រូបយកនូវខ្យល់អាកាសបរិសុទ្ធធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងបានមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតផ្សេងៗពីលើកំពូលភ្នំ។ បរិយាកាសទាំងអស់នេះហើយដែលធ្វើឱ្យសិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ និងបង្ករជាភាពសប្បាយរីករាយ ហើយការចុះទស្សនកិច្ចសិក្សានៅទីនោះជួយឱ្យសិស្សានុសិស្សចេះស្រឡាញ់មរតកសិល្បៈវប្បធម៌ជាតិ ប្រពៃណីទំនៀមទម្លាប់ដែលដូនតាបានបន្សល់ទុកមកថែមទៀតផង។
ចែករំលែកអត្ថបទនេះ