កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ មន្ត្រីក្រសួងបរិស្ថាន សហការជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតកម្មវិធីឈ្វេង យល់ពីបរិស្ថាន ដល់សិស្សានុសិស្សថ្នាក់ទី៩ នៅសាលប្រជុំ សូវ ហុងគុយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ដើម្បីបណ្ដុះស្មារតីយុវសិស្សឱ្យស្រឡាញ់បរិស្ថាន និងរួមចំណែកអភិរក្សព្រៃឈើ និងសត្វព្រៃ។ លើសពីនេះទៅការបង្កើតកម្មវិធីឈ្វេងយល់ពីបរិស្ថាននេះឡើង ដើម្បីឱ្យសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ បានស្គាល់ពីប្រភេទសត្វព្រៃ និងព្រៃឈើមួយចំនួនដែលជិតផុតពូជ និងបានផុតពូជ។
ពិសេសជាងនេះទៀតនោះ គឺបណ្ដុះស្មារតីឱ្យស្រឡាញ់បរិស្ថាន ព្រមទាំងរួមចំណែកអភិរក្សសត្វព្រៃ ព្រៃឈើ និងជីវៈចម្រុះផ្សេងៗជាដើម។ មន្ត្រីក្រសួងបរិស្ថានរូបនេះបញ្ជាក់បន្ថែមថា ក្រោយពីបញ្ចប់ការបង្ហាញផ្ទាំងរូបសត្វ និងព្រៃឈើមក បានធ្វើឱ្យសិស្សានុសិស្សស្គាល់កាន់តែច្បាស់ពីសត្វព្រៃមួយចំនួន ដែលជិតដាច់ពូជ នៅកម្ពុជា។