កាលពីខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ កញ្ញា ស៊ូ សុជាតា បណ្ណារក្សជាន់ខ្ពស់នៃបណ្ណាល័យ ម៉េងលី ជេ. គួច បានទៅចូលរួមសន្និសីទក្រុមប្រឹក្សាអន្តរជាតិស្តីពី “សៀវភៅសម្រាប់កុមារ និងយុវជន” នៅក្រុងបាំងកក នៃព្រះរាជាណាចក្រថៃ ។ កញ្ញា បានលើកឡើងថា ក្នុងចំណោមប្រទេសជាង៣រយ នៅលើពិភពលោក គឺមនុស្សភាគច្រើនមានទំនោរទៅរកការអានតាមប្រព័ន្ធឌីជីថលលើស្មាតហ្វូន ឬអាយផែត ពោលការអានតាមប្រព័ន្ធឌីជីថលមានគម្លាតខ្ពស់ជាងការកាន់សៀវភៅអាន។ ទំនោរទៅរកការអានតាមប្រព័ន្ធឌីជីថលដូចបណ្ណាល័យអេឡេចត្រូនិក ពួកគេអាចអានបាននៅតាមស្វាតហ្វូន ឬតាមអាយផែតក៏បានដែរ ហើយការអាននេះ ក៏បង្កភាពងាយស្រួលក្នុងការស្វែងរកឯកសារអានបានគ្រប់ប្រភេទ ដោយមិនចាំបាច់ទៅបណ្ណាល័យ ក៏អាចស្វែងរកឯកសារអានបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាដោយងាយបំផុត។ ការអានតាមទូរសព្ទដៃទំនើបៗ ក៏ជាជម្រើសល្អមួយសម្រាប់អ្នកអានដែរ ប្រសិនបើគេចេះប្រើប្រាស់ស្មាតហ្វូនត្រឹមត្រូវ នោះនឹងអាចទាញប្រយោជន៍ពីវាបានដែរ។ ថ្វីបើការអានអាចធ្វើឡើងតាមរយៈទូរសព្ទដៃទំនើបក៏បាន ឬតាមរយៈកាន់សៀវភៅអានក៏បានដែរនោះ តែបណ្ណារក្សជាន់ខ្ពស់នៃបណ្ណាល័យ ម៉េងលី ជេ. គួច នៅតែចង់ឱ្យពលរដ្ឋខ្មែរ ពិសេសកុមារ និងយុវជនអានតាមរយៈសៀវភៅច្រើនជាង ព្រោះថាវាមិនទទួលរងប៉ះពាល់ដល់ភ្នែកខ្លាំងដូចការអានតាមស្មាតហ្វូននោះទេ៕