អគារសិក្សាមួយខ្នងនៃសាលាបឋមសិក្សា គួចម៉េងលី ទួលបេង បានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីព្រឹកថ្ងៃចន្ទ ទី២៧មីនា ម្សិលមិញនេះ ក្រោមអធិបតីភាពរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អមដំណើរដោយក្រុមគ្រួសារលោកឧកញ៉ា និងបុគ្គលិករបស់លោកប្រមាណជិត១០០នាក់ និងមានការអញ្ជើញចូលរួមពីសំណាក់គណៈអភិបាលស្រុក មន្រ្តីក្រសួងអប់រំ យុវជន និងកីឡាស្រុក សមត្ថកិច្ច មេឃុំ មេភូមិ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សា គួចម៉េងលី ទួលបេង អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍ទួលបេង ប្រមាណជិត៤០០នាក់។ថ្លែងក្នុងពិធីសម្ពោធអគារសិក្សានោះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា លោកពិតជាមានសេចក្ដីត្រេកអរយ៉ាងខ្លាំង ដែលបានឃើញលទ្ធផលអគារសិក្សាមួយខ្នងសង់រួចរាល់ជាស្ថាពរ និងប្រកបដោយសោភណភាព។ លោកឧកញ៉ាបានបន្ថែមទៀតថា “ខ្ញុំសូមអរគុណលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋក្នុងសហគមន៍ទាំងអស់ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តចូលរួមចំណែកកសាងអគារសិក្សាមួយខ្នងនេះ ព្រមទាំងហេដ្ឋារចនាសម្ពន្ធមួយចំនួនដោយសស្រាក់សស្រាំ ជាពិសេសសូមអរគុណដល់បងប្អូន ពូមីង គណៈអភិបាលស្រុក មន្ត្រីក្រសួងអប់រំ យុវជន និងកីឡាស្រុក សមត្ថកិច្ច លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៃសាលាបឋមសិក្សា គួចម៉េងលី ទួលបេង នាថ្ងៃនេះ ហើយខ្ញុំសង្ឃឹមថាបងប្អូន និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នឹងចូលរួមថែរក្សាអគារសិក្សាថ្មីមួយ នេះឱ្យមានសោភណគង់វង្សយូរអង្វែងបន្តរហូតដល់កូនចៅជំនាន់ក្រោយៗ ព្រោះថាបច្ចុប្បន្នអគារសិក្សាមួយខ្នងនេះក្លាយជារបស់អ្នកទាំងអស់គ្នាហើយ”។
ស្ថាបនិករូបនេះក៏បានសំណូមពរដែរដល់បណ្ដាសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ឱ្យចូលរួមជួយជាថវិកា ទោះតិចក្ដី ច្រើនក្ដី ដើម្បីបន្តកសាងសាលារៀន និងសំណង់អគារនានាទៀតដើម្បីបម្រើផលប្រយោជន៍រួមដល់បងប្អូន ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។សូមជម្រាបជូនថា ក្នុងពិធីបើកសម្ពោធអគារសិក្សានោះ មូលនិធិ ម៉េងលី ជេ. គួច ក៏មានការចែកកង់ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សា គួចម៉េងលី ទួលបេង ចាប់ពីថ្នាក់ទី៤ ដល់ទី៦ ចំនួន៦៦ កង់ផងដែរ ហើយចំពោះសិស្សានុសិស្សទូទៅក្នុងម្នាក់ទទួលបានសម្ភារសិក្សា និងសម្ពៀតដាក់សម្ភារសិក្សាមួយ។ ដោយឡែកឧបាសក គួច លៀង ហួរ និងឧបាសិកា សូវ សុកហួង បានជូនថវិកាដល់អ្នកចូលរួមក្នុងពិធីសម្ពោធអគារសិក្សានោះក្នុងម្នាក់ ចំនួន១ម៉ឺនរៀលផងដែរ។គួរបញ្ជាក់ជូនថា អគារសិក្សាកម្ពស់២ជាន់ ស្មើនឹង៤បន្ទប់ រួមទាំងរបងព័ទ្ធជុំវិញសាលា ខ្លោងទ្វារសាលា សួនកុមារ សួនកម្សាន្តកុមារ ចម្លាក់ ចាក់សាប រៀបចំបណ្ណាល័យ កែលម្អសោភណភាពក្នុងបរិវេណសាលា បូករួមទាំងសម្ភារឧបទ្ទេសសិក្សា និងរដ្ឋបាលសាលាទាំងមូលផងនោះ សរុបទឹកប្រាក់អស់ប្រមាណ១២ម៉ឺនដុល្លារ ដែលទឹកប្រាក់ឧបត្ថម្ភស្ថិតក្រោមគម្រោងសប្បុរសធម៌ មូលនិធិ ម៉េងលី ជេ. គួច។ នេះបើតាមការឱ្យដឹងពីលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។
លោកឧកញ៉ាឱ្យដឹងបន្ថែមទៀតថា បើនិយាយពីផ្នែកសាងសង់សាលារៀន នេះជាសាលាទី២ហើយ បន្ទាប់ពីសាលាបឋមសិក្សាថ្មកង្កែប គួច ប៉េងសាំង-ងិនហួយ ដែលស្ថិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលចំណាយថវិកាសាងសង់សរុបជាទឹកប្រាក់អស់ដប់ម៉ឺនបីពាន់ដុល្លារ កាលពីឆ្នាំ២០១០។ ក្រៅសាលាទាំងពីរនេះ លោកក៏នៅមានគម្រោងចូលរួមលើកស្ទួយវិស័យអប់រំជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការបន្តកសាង ហេដ្ឋារចនាសម្ព័ន្ធសាលារៀននៅទីជនបទដាច់ស្រយាលនានាជាបន្តបន្ទាប់ទៀត ក្រោមការឧបត្ថម្ភនិងសហការផ្ទាល់ពីមូលនិធិ ម៉េងលី ជេ. គួច៕
រូបភាព និងអត្ថបទយកពីសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ