ក្នុងចំណោមម្ចាស់ជ័យលាភី៩រូប ស្មើនឹងបីក្រុមដែលឈ្នះពានរង្វាន់នៃស្នាដៃស្រាវជ្រាវ សម្តេចតេជោហ៊ុនសែន ប្រចាំឆ្នាំ២០១៧ ក្រោមប្រធានបទសុវត្ថិភាពចំណីអាហារនៅកម្ពុជា មានអតីតសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ពីររូបផងដែរ ដែលទទួលបានជ័យលាភីលេខ១ គឺយុវជន វីរៈ ថានិត និងកញ្ញា គៀង លីលីន។
ពាក់ព័ន្ធនឹងលទ្ធផលនៃស្នាដៃស្រាវជ្រាវប្រចាំឆ្នាំ២០១៧នេះ ក្រុមម្ចាស់ជ័យលាភីលេខ១ បានបង្ហាញថា ការសម្រេចកំណត់យកបញ្ហាសុវត្ថិភាពចំណីអាហារតាមដងផ្លូវមកសិក្សា ដោយសារតែបញ្ហាសុវត្ថិភាពចំណីអាហារតាមដងផ្លូវ ជាបញ្ហាចម្បងមួយក្នុងប្រទេសកម្ពុជា ដែលពុំទាន់មានលក្ខណៈស្ដង់ដារនៅឡើយទេ។ ចំណែកឯ អ្នកលក់ រួមទាំងអ្នកទិញ ក៏ពុំបានយល់ដឹងច្បាស់ពីផលប៉ះពាល់បរិស្ថាននិងសុខភាពដែរ។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងក្នុងពិធីប្រកាសលទ្ធិផល និងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីទាំង៩រូប នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះថា ការសិក្សាស្រាវជ្រាវ គឺជាផ្នែកចាំបាច់មួយក្នុងការពង្រឹងគុណភាពអប់រំឱ្យប្រសើរឡើង ព្រមទាំងការលើកកម្ពស់ ក៏ដូចជាបណ្ដុះទម្លាប់សិក្សាស្រាវជ្រាវដល់សិស្សនិស្សិត ដើម្បីបម្រើប្រយោជន៍ដល់សង្គម។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ក៏បានជំរុញឱ្យសិស្សនិសិ្សតកម្ពុជា បន្តពង្រឹងសមត្ថភាពលើផ្នែកស្រាវជ្រាវឱ្យកាន់តែមានគុណភាពបន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ បញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ សម្រាប់ការប្រកួតប្រជែងស្រាវជ្រាវសម្តេចតេជោហ៊ុនសែនរបស់និស្សិតកម្រិតឧត្តមសិក្សា ហើយការប្រកាសលទ្ធផលក្នុងឆ្នាំ២០១៧នេះ ម្ចាស់ជ័យលាភីលេខ១បានទៅលើនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង លេខ២បានទៅលើនិស្សិតមកវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងលេខ៣បានទៅលើនិស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៕អត្ថបទ និងរូបភាពដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័