អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃការញុំាបន្លែ និងផ្លែឈើដែលមានចម្រុះពណ៌ឥន្ទធនូ!”
អត្ថបទដោយ : ភី ភារីន
ដើម្បីឱ្យកូនៗលូតលាស់ធំធាត់បានល្អ ឪពុកម្តាយរបស់យើងតែងលើកទឹកចិត្តឱ្យយើងញុំាបន្លែ និងផ្លែឈើ។ ជាច្រើនជំនាន់មកហើយ យើងចិញ្ចឹមកូនដោយជឿថាបន្លែ និងផ្លែឈើជាអាហារដ៏ល្អបំផុតដើម្បីធ្វើឱ្យរាងកាយរឹងមាំ (សូម្បីតែនៅក្នុងរឿងតុក្កតាល្បី ប៉ុបអាយ ក៏អនុវត្តតាមជំនឿនេះដែរ)។
យើងដឹងថា យើងនឹងប្រឈមនឹងសំណួរមួយគឺថា តើបន្លែផ្លែឈើពិតជាផ្តល់សារធាតុចិញ្ចឹមដែលត្រឹមត្រូវមកយើងមែនដែរឬយ៉ាងណា? តើបន្លែផ្លែឈើទាំងអស់សុទ្ធតែដូចគ្នា? តើវាមានផ្ទុកនូវសារធាតុចិញ្ចឹមដែលរាងកាយយើងត្រូវការដើម្បីធំលូតលាស់ដោយសុខភាពល្អឬ?

យើងបានធ្វើការរុករកចម្លើយនេះហើយបានរកឃើញថា វិធីដ៏ងាយស្រួលបំផុតមួយដែលអ្នកជំនាញខាងអាហារូបត្ថម្ភនៅជុំវិញពិភពលោកយកមកប្រើជាគោលការណ៍ ដើម្បីធានាថារាងកាយយើងទទួលបាននូវរបបអាហារបន្លែផ្លែឈើមានតុល្យភាពគឺ៖ ការទទួលទានបន្លែផ្លែឈើពណ៌ឥន្ទធនូ។
តើវាជាអ្វី?
បន្លែ និងផ្លែឈើត្រូវបានគេចែកជា៥ពណ៌ខុសៗគ្នា គឺពណ៌ក្រហម ពណ៌ស្វាយ/ខៀវ ពណ៌ទឹកក្រូច ពណ៌បៃតង និងពណ៌ស/ត្នោត។ ក្រុមពណ៌នីមួយៗមានផ្ទុកនូវសារធាតុពិសេសដោយឡែកដើម្បីប្រឆាំងនឹងជំងឺ ដែលមានឈ្មោះថា phytochemicals។
១. ពណ៌ក្រហម៖
បន្លែផ្លែឈើពណ៌ក្រហម គឺត្រូវបានផ្តល់ពណ៌ក្រហមដោយសាររុក្ខជាតិធម្មជាតិមួយមានឈ្មោះថា lycopene។ Lycopene គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព។ វាក៏មានផ្ទុកនូវ Anthocyanin ផងដែរ (ទោះបីជាវាមានតិចជាងបន្លែផ្លែឈើដែលស្ថិតនៅក្នុងក្រុមពណ៌ស្វាយ/ខៀវក៏ដោយ)។
គុណប្រយោជន៍ចំពោះសុខភាព៖
• Lycopene ប្រហែលជាអាចជួយកាត់បន្ថយហានិភ័យទាក់ទងនឹងជំងឺគាំងបេះដូង និងប្រភេទមហារីកជាក់លាក់មួយចំនួន ដែលភាគច្រើនគេកត់សម្គាល់ថាជាជំងឺមហារីកក្រពេញប្រូស្តាត។
• Anthocyanin ត្រូវបានគេគិតថាវាធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង និងមុខងារទូទៅនៃប្រព័ន្ធរាងកាយទាំងមូល។
• បន្លែផ្លែឈើពណ៌ក្រហមក៏មានផ្ទុកនូវសារធាតុ flavonoids ដ៏ជាក់លាក់ ដែលអាចកាត់បន្ថយនូវការរលាក និងមានលក្ខណៈប្រឆាំងអុកស៊ីតកម្ម។
• បន្លែផ្លែឈើពណ៌ក្រហមភាគច្រើន គឺមានវីតាមីនសេ និង folate ខ្ពស់។
ឧទាហរណ៍៖ ប៉េងប៉ោះ ប៉ោមក្រហម ម្ទេសប្លោកក្រហម ស្រ្ត័រប៊ឺរី Rhubarb ផ្លែឆឺរី និងឪឡឹក។
២. ពណ៌ស្វាយ / ខៀវ៖
សារធាតុ anthocyanin របស់រុក្ខជាតិគឺជាអ្វីដែលផ្តល់ឱ្យបន្លែផ្លែឈើពណ៌ខៀវ/ស្វាយនូវពណ៌ខុសៗ គ្នា។ Anthocyanin ដើរតួនាទីជាអ្នកប្រឆាំងអុកស៊ីតកម្មយ៉ាងមានប្រសិទ្ធភាពក្នុងការការពារកោសិកាពីការបំផ្លាញ។ បន្លែផ្លែឈើដែលកាន់តែមានពណ៌ខៀវ/ស្វាយខ្លាំង កាន់តែមានសារធាតុ Anthocyanins កាន់តែខ្ពស់។ ពួកវាក៏សម្បូរទៅដោយសារធាតុ flavonoids ផងដែរ (ក៏ជាប្រភេទនៃ flavonoids ដែលបានរកឃើញនៅក្នុងបន្លែផ្លែឈើដែរ)។
គុណប្រយោជន៍ចំពោះសុខភាព៖
• Anthocyanins ធ្វើឱ្យមានសម្ពាធឈាមល្អ កាតបន្ថយហានិភ័យនៃជំងឺបេះដូង (ដោយការពារនូវការកកើតឡើងនូវកំណកឈាមខុសពីធម្មតា) បង្កើនការចងចាំ (សុខភាពវ័យចាស់ជាទូទៅ) និងកាត់បន្ថយហានិភ័យពីជំងឺមហារីក។
• Flavonoids អាចធ្វើឱ្យសរសៃឈាមកាន់តែមានសុខភាពល្អ ផ្លាស់ប្តូរការចងចាំរយៈពេលខ្លីដោយសារតែវ័យកាន់តែចាស់ បង្កើនជំនាញចលនា និងជួយការពារបាក់តេរីកុំឱ្យតោងជាប់កោសិកា (ដូចជានៅក្នុងស្រទាប់នៅផ្លូវទឹកនោម)។
ឧទាហរណ៍៖ ខ្ទឹមក្រហម ស្ពៃក្តោបក្រហម ត្រប់ ប្លេកប៊ឺរី ប៊្លូប៊ឺរូ ទំពាំងបាយជូរពណ៌ស្វាយ។
៣. ពណ៌ទឹកក្រូច / ពណ៌លឿង៖
Carotenoids ផ្តល់ឱ្យនូវបន្លែផ្លែឈើស្ថិតក្នុងប្រភេទនេះនូវពណ៌ដ៏ស្រស់ឆើតឆាយ។ Beta-cryptoxanthin, beta-carotene និង alpha-carotene គឺជាសារជាតុ carotenoids ពណ៌លឿង ដែលអាចបំលែងទៅជាវីតាមីនអានៅក្នុងរាងកាយ ហើយដែលអាចជួយរក្សានូវភ្នាសរំអិល និងរក្សាភ្នែកឱ្យមានសុខភាពល្អ។
គុណប្រយោជន៍ចំពោះសុខភាព៖
• វីតាមីនអា គឺជាផ្នែកសំខាន់ចំពោះមុខងារនៃការមើលឃើញ និងប្រព័ន្ធភាពសុំា ព្រមទាំងសម្រាប់រក្សាសុខភាពស្បែក និងឆ្អឹង។
• ជួយកាត់បន្ថយនូវហានិភ័យពីជំងឺបេះដូង និងមហារីក (ជាពិសេសនៅក្នុងសួត បំពង់អាហារ និងក្រពះ) និងអាចជួយបង្កើនមុខងារនៃប្រព័ន្ធការពារភាពសុំា។
• ជាប្រភពផ្តល់នូវវីតាមីនសេយ៉ាងល្អប្រសើរបំផុត មានអាស៊ីតខ្លាញ់អូមេហ្គា៣ និង folate (វីតាមីនបេដែលជួយកាត់បន្ថយហានិភ័យពីពិការភាពពីកំណើត)។
ឧទាហរណ៍៖ ការ៉ុត ក្រូចឆ្មា ដំឡូងបារាំង ត្រសក់ក្រអូប ល្ពៅ ស្វាយ ក្រូច និងម្នាស់។
៤. ពណ៌បៃតង៖
បន្លែពណ៌បៃតងមានផ្ទុកនូវសារធាតុ phytochemicals ដែលរួមមាន carotenoids, indoles និង saponins ដែលមានផ្ទុកនូវសារធាតុប្រឆាំងនឹងជំងឺមហារីក។ បន្លែដែលមានស្លឹកពណ៌បៃតងដូចជាស្ពៃចង្កឹះ និងខាត់ណាក៏ជាប្រភពផ្តល់នូវ folate ដ៏ល្អបំផុតដែរ។
គុណប្រយោជន៍ចំពោះសុខភាព៖
• Lutein ធ្វើការជាមួយ zeaxanthin (សារធាតុពីធម្មជាតិដែលរកឃើញនៅក្នុងពោត ម្រេចក្រហម ក្រូច និងទំពាំងបាយជូរ) ដើម្បីរក្សាភ្នែកឱ្យមានសុខភាពល្អ (កាត់បន្ថយហានិភ័យពីជំងឺភ្នែកឡើងបាយ និងការចុះខ្សោយនៃគ្រាប់ភ្នែក។
• សារធាតុ Indoles (សារធាតុដែលកើតឡើងពីធម្មជាតិ) ដែលមាននៅក្នុងខាត់ណា ស្ពៃក្តោប និងបន្លែបៃតងផ្សេងៗទៀតប្រហែលជាអាចជួយប្រឆាំងនឹងប្រភេទនៃជំងឺមហារីកមួយចំនួន។
• សារធាតុ Isothiocyanates ដែលជម្រុញអង់ស៊ីមនៅក្នុងថ្លើមជួយដល់រាងកាយនៅក្នុងការលុបបំបាត់សមាសភាពដែលអាចបង្កជាជំងឺមហារីក។
• ស្ពៃចង្កឹះ និងខាត់ណាជាប្រភពផ្តល់នូវ folate ដ៏ល្អបំផុត ជាប្រភេទវីតាមីនបេមួយប្រភេទដែលជួយកាត់បន្ថយគ្រោះថ្នាក់ពិការភាពពីកំណើត ហើយវាក៏សម្បូរទៅដោយវីតាមីនកា (ពិសេសនៅក្នុងការកកើតនូវការកកស្ទះសរសៃឈាម) ប៉ូតាស្យូម សារធាតុ carotenoids ខ្លះៗ និងអាស៊ីតខ្លាញ់អូមេហ្គា៣។
ឧទាហរណ៍៖ ស្ពៃចង្កឹះ ទំពាំងបារាំង ប័រ ខាត់ណា សណ្តែក ប៉ោមបៃតង គីវី និង Celery។
៥. ពណ៌ត្នោត/ស៖
បន្លែផ្លែឈើពណ៌ស និងត្នោត ទាញយកពណ៌ពី phytochemicals មានឈ្មោះថា anthoxanthins។ បន្លែផ្លែឈើពណ៌ស មានផ្ទុកនូវសារធាតុ phytochemicals ជួយដល់សុខភាព (ឃើញមានក្នុងខ្ទឹមស) ដែលត្រូវបានគេស្គាល់ដោយសារគុណសម្បត្តិក្នុងការប្រឆាំងមេរោគរបស់វា។ បន្លែផ្លែឈើខ្លះដែលស្ថិតនៅក្នុងប្រភេទពណ៌សនេះក៏ជាប្រភពផ្តល់នូវសារធាតុប៉ូតាស្យូមដ៏ល្អផងដែរ។
គុណប្រយោជន៍ចំពោះសុខភាព៖
• បន្លែផ្លែឈើពណ៌សភាគច្រើនក៏មានផ្ទុកនូវសារធាតុ allicin ជាសារធាតុដែលអាចជួយធ្វើឱ្យជាតិកូឡេសស្តេរ៉ូល និងសម្ពាធឈាមធ្លាក់ចុះទាប ព្រមទាំងកាត់បន្ថយហានិភ័យនៃមហារីកក្រពះ និងជំងឺបេះដូង។
• បន្លែផ្លែឈើខ្លះដែលស្ថិតនៅក្នុងប្រភេទពណ៌សនេះ ក៏ជាប្រភពនៃការផ្តល់សារធាតុប៉ូតាស្យូម ដែលជាសារធាតុសំខាន់សម្រាប់ធ្វើឱ្យបេះដូង តម្រងនោម និងសរីរាង្គសំខាន់មានសុខភាពល្អផងដែរ។
ឧទាហរណ៍៖ ផ្កាខាត់ណា ផ្សិត ខ្ទឹមស ចេក ដំឡូង Dates ខ្ទឹមបារាំង ខ្ញី និងខ្ទឹមក្រហម។
គោលការណ៍ណែនាំរបបអាហាររបស់អូស្រ្តាលីបានផ្តល់អនុសាសន៍ថា មនុស្សពេញវ័យត្រូវបរិភោគបន្លែយ៉ាងតិច៥ប្រភេទ និងផ្លែឈើយ៉ាងតិច២ប្រភេទរៀងរាល់ថ្ងៃ។ ត្រូវព្យាយាមធ្វើយ៉ាងណាឱ្យលើចានអាហាររាល់ថ្ងៃមានបន្លែចម្រុះពណ៌។ ត្រូវចងចាំក្នុងចិត្តថាក្មេងៗមានក្រពះតូចជាងមនុស្សពេញវ័យ ប៉ុន្តែត្រូវការថាមពលខ្ពស់ជាងមនុស្សពេញវ័យ។ ពួកគេមិនអាចញុំាអាហារមានចំនួនស្មើគ្នានឹងមនុស្សពេញវ័យឡើយ។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖