អត្ថបទព័ត៌មានស្តីអំពីការអប់រំសុខភាព៖
ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃការស្ទូចត្រីទៅលើសុខភាពផ្លូវចិត្ត”
អត្ថបទដោយ : ញឹម ពិសិដ្ឋ
នៅពេលនិយាយអំពីការស្ទូចត្រី មនុស្សភាគច្រើនរមែងគិតដល់ការទទួលបានត្រីមកផ្គត់ផ្គង់អាហារ និងជាល្បែងកម្សាន្ត។ ប៉ុន្តែជាក់ស្តែង ការស្ទូចត្រីអាចផ្តល់អត្ថប្រយោជន៍លើសពីការស្មានរបស់យើង។ ការស្ទូចត្រី គឺជាសកម្មភាពដ៏ល្អមួយដែលជួយគាំទ្រ និងពង្រឹងដល់សុខភាពផ្លូវចិត្ត។
មនុស្សគ្រប់រូបតែងតែមានចំណុចផ្សេងៗគ្នាលើវិសាលភាព នៃសុខភាពផ្លូវចិត្តរបស់ពួកគេ។ មានមនុស្សតិចណាស់ដែលមានសុខភាពផ្លូវចិត្តល្អឥតខ្ចោះ ដូច្នេះយើងច្រើនតែស្វែងរកដំណោះស្រាយដែលអាចអនុញ្ញាតឱ្យយើងបង្កើត ឬកែលម្អ ដើម្បីអាចលើកកម្ពស់នូវសុខភាពផ្លូវចិត្តបានឡើងវិញ។

យ៉ាងណាមិញ មានមនុស្សមួយចំនួនចូលចិត្តការស្ទូចត្រី ដើម្បីជាការសម្រាកលំហែ ឬបំបាត់ភាពអផ្សុករបស់ពួកគេ។ ការស្ទូចត្រីនេះវាមិនត្រឹមតែ ជួយបំបាត់ភាពអផ្សុកទេ តែវាក៏ជួយលើកកម្ពស់នូវសុខភាពផ្លូវចិត្តផងដែរ។ នៅពេលយើងស្ទូចត្រី យើងត្រូវការការផ្តោតអារម្មណ៍ និងញាណ (Awareness) របស់យើង។ វាធ្វើឱ្យយើងអាចដកចិត្តចេញពីរឿងមិនល្អ និងភាពតានតឹង។ នៅត្រង់ចំណុចនេះដែរ យើងអាចចាត់ទុកបានថា ការស្ទូចត្រីមានភាពស្រដៀងគ្នាទៅនឹងការធ្វើសមាធិដែរ។ ជាលទ្ធផល វាជួយឱ្យអារម្មណ៍របស់យើងស្ងប់ល្អ មានភាពជឿជាក់ គំនិតវិជ្ជមាន កាត់បន្ថយការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងលើកកម្ពស់នូវការសម្រាកលំហែផងដែរ។
តាមការសិក្សាបានបង្ហាញថា ការស្ទូចត្រីជួយកាត់បន្ថយកម្រិតអរម៉ូន Cortisol របស់យើង (Stress Hormone)។ ភាពវិជ្ជមាននេះ អាចបន្តរហូតដល់រយៈពេលបីសប្តាហ៍បន្ទាប់ពីការធ្វើដំណើរមកពីការស្ទូចត្រីកម្សាន្តវិញ។ ការស្ទូចត្រីក៏ត្រូវបានគេប្រើ ដើម្បីជួយមនុស្សដែលធ្លាប់រងនូវការប៉ះទង្គិចផ្លូវចិត្ត ឬជំងឺបាក់ស្បាតផងដែរ។ លើសពីនេះទៅទៀត ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ៤០%នៃមនុស្សពេញវ័យមានបញ្ហាដំណេកនៅពេលយប់ ដោយសារតែភាពតានតឹងរបស់ពួកគេ ប៉ុន្តែការគ្រាន់តែនៅក្បែរមាត់ទឹកស្ទូចត្រីលំហែបានជួយឱ្យពួកគេកាត់បន្ថយនូវការថប់ក្នុងអារម្មណ៍ និងបង្កើតអារម្មណ៍ស្ងប់ស្ងាត់។ ជាពិសេសសម្រាប់កុមារ ការស្ទូចត្រីកម្សាន្តត្រូវបានគេបង្ហាញថា វាក៏អាចជួយកាត់បន្ថយនូវរោគសញ្ញានៃជំងឺ ADHD ផងដែរ។
ដូចនេះ ការនៅមាត់ទឹកស្ទូចត្រីពិតជាវីធីដ៏ល្អមួយក្នុងការចូលរួមចំណែកលើកកម្ពស់នូវសុខុមាលភាពផ្លូវចិត្តបានយ៉ាងល្អប្រសើរ ដែលអ្នកគួរតែសាកល្បងវានៅពេលដែលអ្នកមានភាពតានតឹង និងមានរឿងស្មុគស្មាញ ឬបញ្ហាផ្លូវចិត្តនានា។
ដកស្រង់ចេញពី៖e