កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះប្រធានគណៈប្រតិភូអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារប្រមាណជាង៨រូប ចុះអធិការកិច្ច ផ្នែកបឋមសិក្សា នៅ បរិវេណអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ឆ្នាំសិក្សា២០១៦-២០១៧ ដើម្បីត្រួតពិនិត្យលើរចនាសម្ពន្ធសាលារៀន ការគ្រប់គ្រង បរិស្ថាន រដ្ឋបាល បច្ចេកទេស គុណភាពនៃការបង្រៀន និងពង្រឹងវិស័យអប់រំឯកជនឱ្យកាន់តែរីកចម្រើន ព្រមទាំងមានគុណភាព និងប្រសិទ្ធភាពខ្ពស់នៅកម្ពុជា។ ប្រធានការិយាល័យបឋមសិក្សា និងជាប្រធាននៃប្រតិភូអធិការកិច្ច ថ្នាក់មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ព្រាប កុម្ភៈ បានកោតសរសើរដល់សាលារៀនឯកជនមួយនេះថា ជាស្ថាប័នអប់រំវិស័យឯកជនមួយដែលមានរចនាសម្ពន្ធល្អទាំងការគ្រប់គ្រង ការរៀបចំ បរិស្ថាន រដ្ឋបាល បច្ចេកទេស សណ្ដាប់ធ្នាប់ និងសម្ភាររូបវន្តផ្សេងៗជាច្រើនទៀតនោះ គឺសឹងសុទ្ធតែល្អប្រសើរ ស្ទើរតែគ្មានចន្លោះខ្វះខាតឡើយ ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែមានចន្លោះខ្វះខាតមួយចំនួនតូចដែរ។
ជាចុងក្រោយប្រធានគណៈប្រតិភូនៃអធិការកិច្ចរូបនេះ បានឆ្លៀតជូនពរដល់បុគ្គលិកគ្រប់ជាន់ថ្នាក់នៃគ្រួសារអន្តរទ្វីបផងដែរ។ជុំវិញនឹងបញ្ហានៃការចុះអធិការកិច្ចនេះ លោកស្រី រស់ យ៉ាណា ប្រធានចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ម៉ៅសេទុង (ការិយាល័យកណ្តាល)បានថ្លែងនៅក្នុងអង្គបូកសរុបនៃអធិការកិច្ចនេះដែរថាលោកស្រីពិតជាសប្បាយចិត្តដែលបានជួបសំណេះសំណាលជាមួយប្រតិភូនៃអធិការកិច្ច ព្រមទាំងទទួលបានការណែនាំ និងការចង្អុលបង្ហាញដ៏ល្អៗ ដើម្បីឱ្យសាលារៀនកាន់តែអភិវឌ្ឍន៍ ព្រមទាំងមានគុណភាព និងកេរ្តិ៍ឈ្មោះ ឆ្ពោះទៅកសាងសមត្ថភាពសិស្សានុសិស្សឱ្យទៅជាយុវបញ្ញវន្ត និងជាអ្នកស្នងឫស្សីពិតប្រាកដ។
ប្រធានចាងហ្វាងរូបនេះបន្ថែមថា គណៈគ្រប់គ្រងមិនបញ្ឈប់ការប្រឹងប្រែងត្រឹមតែប៉ុណ្ណឹងឡើយ គឺសាលានឹងខិតខំបន្ថែមទៀត ក្នុងការបង្កើតកម្មវិធីផ្សេងៗយ៉ាងសន្ធឹកសន្ធាប់ជូនដល់សិស្សានុសិស្សខ្លួន។ មិនតែប៉ុណ្ណោះ គឺធ្វើយ៉ាងណាខំបណ្ដុះផ្នត់គំនិតពួកគេឱ្យទៅជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ព្រមទាំងមានភាពក្លាហាន ម្ចាស់ការ និងមានទំនុកចិត្តខ្ពស់ដើម្បីបង្កបង្កើតស្នាដៃ។ អ្វីដែលជាលទ្ធផលនោះ សិស្សនៃសាលារៀននេះ តែងតែចូលរួមប្រកួតប្រជែងនៅលើបណ្ដាប្រទេសជាច្រើន ហើយថ្មីៗនេះគឺបានទៅប្រកួតនៅប្រទេសថៃផងដែរ។ នេះជាការអះអាងរបស់ចាងហ្វាងដដែលរូបនេះ។
សូមជម្រាបជូនថា គណៈគ្រប់គ្រងនៃសាលារៀនឯកជនមួយនេះ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងរាក់ទាក់ជាទីបំផុតដល់ប្រតិភូអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ ជាកិច្ចបញ្ចប់ការបូកសរុបនៃអធិការកិច្ចនោះ គណៈគ្រប់គ្រងសាលា និងគណៈប្រតិភូអធិការកិច្ចបានថតរូបទុកជាកម្រងអនុស្សាវរីយ៍ផងដែរ។
គួររម្លឹកជូនដែរថា កាលពីឆ្នាំសិក្សា២០១៥-២០១៦ កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ទទួលបានបណ្ណសរសើរពីប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញដែលមានស្នាដៃល្អប្រសើរដូចជាការគ្រប់គ្រង រដ្ឋបាលសាលា បរិស្ថាន និងបច្ចេកទេសបង្រៀន៕