សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានប្រារព្ធពិធីអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា កាលថ្ងៃទី២៩ឧសភា ប្រកបដោយបរិយាកាសរីករាយបំផុត។ រីករាយ ក៏ព្រោះតែមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាលសិស្ស។ នៅក្នុងពិធីអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា គណៈគ្រប់គ្រងសាលាបានបង្កើតកម្មវិធីកម្សាន្តជាច្រើន ដើម្បីផ្តល់ឱកាសដល់កុមារតូចៗបានសប្បាយរីករាយផង និងបញ្ចេញសមត្ថភាព ទេពកោសល្យ ឬភាពប៉ិនប្រសប់របស់ពួកគេតាមរយៈការសម្ដែង និងលេងល្បែងកម្សាន្តផ្សេងៗ។
ពិធីអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា របស់វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំធ្វើនៅពេលនោះ គឺដើម្បីឆ្លើយតបនឹងសិទ្ធិសេរីភាពកុមារ ក៏ដូចជាចូលរួមបង្កើនការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារ និងបង្ហាញពីការយកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងរបស់កុមារផងដែរ។ ព្រោះថា កុមារគឺជាចំណែកមួយនៃមនុស្សទូទៅនៅលើពិភពលោក ដែលទាមទារការអភិវឌ្ឍផ្នែកសព៌ាង្គកាយ បញ្ញា ស្មារតី និងត្រូវការអប់រំសមត្ថភាពចំណេះដឹងជាដើម។ កុមារទាំងឡាយមិនត្រឹមតែត្រូវការអប់រំសីលធម៌ សុជីវធម៌ និងបំណិនជីវិតពីសំណាក់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលប៉ុណ្ណោះទេ តែក៏ត្រូវការយកចិត្តទុកដាក់ពីអ្នកនៅជុំវិញខ្លួនពួកគេផងដែរ។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិមកបង្ហាញថា ថ្វីដ្បិតតែសព្វថ្ងៃមានកុមារនៅក្នុងប្រទេសមួយចំនួនទទួលបានការគាំពារល្អប្រសើរហើយក្តី តែយ៉ាងហោចណាស់មានប្រជាជនប្រមាណ១.៥ពាន់លាននាក់ កំពុងរស់នៅក្នុងប្រទេសជួបគ្រោះមហន្តរាយហើយក្នុងនោះមានកុមារ៧រយលាននាក់ ដែលទទួលរងគ្រោះមហន្តរាយដោយសារតែសង្គ្រាម អំពើហិង្សា និងអំពើកេងប្រវ័ញ្ចពលកម្មកុមារក្នុងកម្រិតធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ។ ដោយសារតែឥទ្ធិពលអស់ទាំងនេះ បានធ្វើឱ្យកុមារមួយចំនួនបានស្លាប់ឬក្លាយជាក្មេងកំព្រា ពិការ មានសតិបញ្ញាមិនគ្រប់គ្រាន់ និងខ្វះ ឬគ្មានទីជម្រកជាដើម។
សូមបញ្ជាក់ថា នៅលើសកលលោកបានកំណត់យកថ្ងៃទី១មិថុនា ជាទិវាចងកំហឹង ហើយក៏ជាទិវាមួយដែលបំផុសស្មារតីដល់មនុស្សជាតិទាំងមូល ឱ្យយកចិត្តទុកដាក់ពីសុខុមាលភាពកុមារទាំងឡាយ និងជាទិវាសាមគ្គីអន្តរជាតិកុមារលើពិភពលោកដែរ។ ទិវានេះ កើតឡើងដោយសារតែកម្លាំងចលនាស្នេហាសន្តិភាពគ្រប់ពូជសាសន៍ បានក្រោកឈរឡើងតស៊ូប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃយង់ឃ្នង របស់លទ្ធិហ្វាស៊ីស ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត និងចាក់សាំងដុតមនុស្សក្មេងចាស់ស្លាប់អស់រាប់រយនាក់។ ក្រោយហ្វាស៊ីលដួលរលំទៅ ពិភពលោកក៏សម្រេចយកថ្ងៃទី១មិថុនា ធ្វើជាទិវាកុមារអន្តរជាតិ ដើម្បីក្រើនរម្លឹក និងបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ និងដើម្បីប្រឆាំងការរំលោភបំពាន ឬការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើហិង្សាគ្រប់ទម្រង់រូបភាពទៅលើកុមារផងដែរ។ គួររម្លឹកជូនថា កាលពីឆ្នាំ២០០៨ ដើម្បីឆ្លើយតបនឹងសិទ្ធិកុមារ កម្ពុជាក៏បានចុះហត្ថលេខាលើសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិការពារកុមារ ហើយប្រទេសដែលបានចុះហត្ថលេខាលើសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិទាំងអស់ត្រូវតែគោរពសិទ្ធិទាំងបួនរបស់កុមារ។ ពោលគឺសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍ សិទ្ធិការពារ និងសិទ្ធិចូលរួម ហើយអ្នកមានតួនាទីការពារសិទ្ធិ និងទំនុកបម្រុងកុមារ គឺសង្គមគ្រួសារនិងសង្គម ជាតិ។ ដូច្នេះយើងទាំងអស់ត្រូវតែបន្តគាំពារសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍ សិទ្ធិការពារ និងសិទ្ធិចូលរួមឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យទសវត្សក្រោយៗ ក្លាយជាទសវត្សមួយពោរពេញដោយធនធានមនុស្ស ព្រោះកុមារគឺជាទំពាំងស្នងឫស្សី និងក៏ជាកម្លាំងចលករផ្នែកធនធានមនុស្សដ៏មានសក្ដានុពលផងដែរ៕