អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “៦ជំហាន ដើម្បីជីវិតរស់នៅមានសុខភាពល្អ”
អត្ថបទដកស្រង់ដោយ : គិត សុភ័ក្រ្ត
#MJQE#AmericanInterconSchool
ការរស់នៅប្រកបដោយសុខភាពល្អ គឺជាបំណងប្រាថ្នាទូទៅរបស់មនុស្សគ្រប់រូប។ មនុស្សដែលមានសុខភាពរឹងមាំតែងតែទទួលបាននូវសុភមង្គល ទាំងផ្លូវកាយ ផ្លូវចិត្ត និងរួមរស់ជាមួយអ្នកដទៃប្រកបដោយភាពចុះសម្រុង ដែលជាកត្តាធ្វើឱ្យគេទទួលបានជោគជ័យក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយបានយ៉ាងច្រើនទៅលើការចំណាយផ្នែកថ្នាំសង្កូវ និងការព្យាបាលជំងឺផ្សេងៗ ហើយអាចនិយាយឱ្យខ្លីថាសុខភាពគឺជាមាសប្រាក់។ ការទទួលបានសុខភាពល្អដោយចាប់ផ្ដើមពីថ្ងៃនេះ តាមរយៈការស្វែងយល់ព័ត៌មានសំខាន់ៗ និងត្រៀមអាហារស្រស់ៗសម្រាប់ទទួលទានប្រចាំ អ្នកនឹងមានសុខភាពល្អជារៀងរហូត។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តអនុវត្តតាមជំហានទាំង៦ ដើម្បីរស់នៅមានសុខភាពល្អ៖
១. ស្គាល់ពីខ្លួនឯង និងមានភាពឆ្លាតវៃក្នុងការថែសុខភាព :
នេះអាចមិនមែនជាទីតាំងដ៏អស្ចារ្យបំផុតសម្រាប់ការចាប់ផ្ដើមនោះទេ ប៉ុន្តែវាពិតជាសំខាន់បំផុត។ ស្គាល់ច្បាស់ពីស្ថានភាពជីវិត និងសុខភាពរបស់ខ្លួន ជាសមរភូមិពាក់កណ្ដាល។ អ្នកដឹងថាអ្វីដែលត្រូវផ្លាស់ប្ដូរ ប៉ុន្តែការយល់ពីអ្វីដែលអ្នកត្រូវការដើម្បីផ្លាស់ប្ដូរ នឹងបង្កើតនូវមធ្យោបាយដែលកាន់តែងាយស្រួល។ សូមទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យសុខភាព ពួកគាត់នឹងជួយអ្នកកំណត់គោលដៅសុខភាពរបស់អ្នក ដូច្នេះអ្នកអាចរីកចម្រើនបានកាន់តែឆាប់រហ័ស និងមានស្ថិរភាព។ ការបន្ថយភាគរយខ្លាញ់រាងកាយ ការពង្រឹងសុខភាពបេះដូងនឹងជួយសម្រេចជោគជ័យដែលអ្នកប្រាថ្នា។
២. ផ្លាស់ប្ដូរគំនិតរបស់អ្នក មានសុខភាពល្អ ជាដំណើរស្វែងរកមិនមែនជាគោលដៅទេ :
សុខភាពអ្នក និងសុខភាពមនុស្សជាទីស្រលាញ់របស់អ្នក ជាអ្វីដែលសំខាន់បំផុតក្នុងជីវិត ប៉ុន្តែតើសុខភាពល្អមានន័យដូចម្ដេច? សុខភាពល្អ ជាអត្តនោម័តិដែលវាមានន័យថា មានសុខភាពល្អ ដូច្នេះវាមានលក្ខណៈសមហេតុផលក្នុងស្វែងយល់ដំបូងនូវអ្វីដែលជាគោលដៅសុខភាពរបស់អ្នក។ តើអ្នកកំពុងចង់សម្រកទម្ងន់៥គីឡូក្រាម នៅដំណាច់ឆ្នាំ? ឬក៏ចង់កាត់បន្ថយខ្លាញ់? ប្រហែលជាអ្នកចង់បង្កើនម៉ាសសាច់ដុំ២គីឡូក្រាមបន្ថែម? គោលដៅដែលអ្នកកំណត់សម្រាប់ខ្លួនឯងទាមទារឱ្យត្រូវអនុវត្ត និងពេលវេលាដើម្បីសម្រេចឱ្យបាន។
៣. កំណត់គោលដៅតូចៗ លើវិថីដែលត្រូវឈានដើរ :
ទីក្រុងរ៉ូមមិនមែនបង្កើតឡើងតែមួយថ្ងៃទេ ហើយយើងក៏មិនមែនសម្រេចគោលដៅសុខភាពដ៏ធំក្នុងរយៈពេលខ្លីដែរ ដូច្នេះតើយើងគួរធ្វើដូចម្ដេច? យើងអាចចាប់ផ្ដើមកំណត់គោលដៅសម្រេចបានតូចៗជាមុន។ គោលដៅតូចៗទាំងនោះនឹងជួយ ឱ្យអ្នកមានកម្លាំងចិត្ត អនុវត្តតាមដំណាក់កាលតូចៗរាល់ពេលដែលអ្នកជួបប្រទះ។ ប្រសិនបើអ្នកមានគោលដៅសុខភាពធំមួយសូមបំបែកវាជាជំហានតូចៗ។ ឧទាហរណ៍៖ ចូរបំបែកគោលដៅក្នុងការសម្រកទម្ងន់៥គីឡូក្រាមជាគោលដៅតូចៗ។ ប្រសិនបើយើងកំណត់គោលដៅសម្រកទម្ងន់ឱ្យបាន០,៥គីឡូក្រាមក្នុងមួយសប្ដាហ៍ វាផ្ដល់ពេលវេលាឱ្យយើង១០សប្ដាហ៍ដើម្បីសម្រេចគោលដៅនេះ។ គោលដៅកាន់តែតូច អាចសម្រេចបានដោយជំហានតូចៗ និងជាប់លាប់ ដូចជាការព្យាយាមដើរឱ្យបាន៣០នាទីក្នុងមួយថ្ងៃ ឬញ៉ាំទឹកមួយថ្ងៃឱ្យបាន៨កែវជាដើម។ ទាំងនេះដូចជាមិនច្រើនពេកទេ ប៉ុន្តែនៅពេលយូរទៅពីមួយថ្ងៃទៅមួយថ្ងៃ មួយសប្ដាហ៍ទៅមួយសប្ដាហ៍ និងពីមួយខែទៅមួយខែ ជំហានតូចៗទាំងនោះអាចក្លាយជាការផ្លាស់ប្ដូរដ៏ធំមួយដែលអាចឱ្យអ្នកសម្រេចនូវគោលដៅរក្សារាងកាន់តែអស្ចារ្យ។
៤. គេងឱ្យបានច្រើន :
យើងគ្រប់គ្នាត្រូវការគេងឱ្យលក់ស្រួល ប៉ុន្តែតាមការសិក្សាបង្ហាញថា ប្រជាជនគេងមិនគ្រប់៨ម៉ោងក្នុងមួយយប់ ឬ៧,៥ម៉ោង តាមតម្រូវការជាប្រចាំដើម្បីសុខភាពឡើយ។ ថ្មីៗនេះ តាមរយៈ AIA Healthy Living Index បានបង្ហាញថាជាមធ្យមប្រជាជនម៉ាឡេស៊ី គេងជាទូទៅបានតិចជាង៦,៣ម៉ោង។ ការគេងជះឥទ្ធិពលដល់អារម្មណ៍ សុខភាព និងទម្ងន់របស់យើង ការគេងលក់ស្កប់ស្កល់នៅពេលយប់ជួយឱ្យយើងបំពេញមុខងារបានល្អ មិនថាធ្វើការងារ ឬហាត់ប្រាណ។
៥. ទទួលទានត្រឹមត្រូវ :
ការទទួលទានអាហារល្អចំពោះសុខភាព ជាផ្នែកមួយនាំឱ្យមានសុខភាពល្អ ប៉ុន្តែយើងមិនសុទ្ធតែដឹងថា តើគួរទទួលទានអ្វី? គួរទទួលទានប៉ុន្មាន? ហើយតើអ្វីជាអាហារល្អឱ្យពិតប្រាកដនោះ?
គន្លឹះសំខាន់ក្នុងការទទួលទានឱ្យមានសុខភាពល្អ គឺអ្វីដែលអ្នកតែងតែឮជាច្រើនដង “អ្នកត្រូវទទួលទានរបបអាហារឱ្យមានសមតុល្យ និងល្អចំពោះសុខភាព”។ តុល្យភាពអាហារ ជាការទទួលទានមួយដែលអាហារនីមួយៗមានផ្ទុកសារធាតុចិញ្ចឹមដែលរាងកាយអ្នកត្រូវការ។ សារធាតុចិញ្ចឹមនីមួយៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការបំពេញមុខងារនៃសរីរាង្គកាយរបស់អ្នកបានល្អ៖
• កាបូអ៊ីដ្រាត៖ ផ្ដល់នូវថាមពលដែលរាងកាយត្រូវការ
• ប្រូតេអ៊ីន៖ ជួយបំប៉នរាងកាយ
• ខ្លាញ់៖ ជួយរក្សាថាមពល និងស្រូបយកប្រូតេអ៊ីន
អាហារជាប្រភពកាបូអ៊ីដ្រាតល្អបំផុត
• បាយសម្រូប
• នំប៉័ងម្សៅសាឡី
• មីធ្វើពីម្សៅសាលី
អាហារជាប្រភពប្រូតេអ៊ីនល្អបំផុត
• សាច់ស
• ត្រី
• គ្រាប់ធញ្ញជាតិ
អាហារជាប្រភពខ្លាញ់ល្អបំផុត
• ប្រេងអូលីវ
• ផ្លែប័រ
• សូកូឡាខ្មៅ
៦. ទទួលទានទឹកឱ្យច្រើន :
ទឹកជាសារធាតុសំខាន់ដែលជួយទ្រទ្រង់ជីវិត ហើយវាក៏សំខាន់ណាស់ដែរសម្រាប់សុខភាពអ្នក។ ការទទួលទានទឹកច្រើនជួយពង្រឹងមុខងាររាងកាយ និងអារម្មណ៍ សម្អាតស្បែក និងជំរុញថាមពលរបស់អ្នក៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.aia.com.kh/kh/what-matters/health-wellness.html
https://www.aia.com.kh/kh/what-matters/health-wellness/healthy-lifestyle.html
www.aia.com.kh (https://www.aia.com.kh/kh/what-matters/health-wellness.html)