ទំព័រដើម / លោកគ្រូ ហេង ម៉េងហ៊ង
គ្រូបង្រៀនកម្រិតមូលដ្ឋាន
ខ្ញុំបាទ ឈ្មោះ ហេង ម៉េងហ៊ង ជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេស អក្សរសាស្ត្រខ្មែរ+សីលធម៌-ពលរដ្ឋវិជ្ជា។ ខ្ញុំបាទបានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀន នៅសាលាមធ្យមសិក្សាគរុកោសល្យភូមិភាគកំពង់ចាម ក្នុងឆ្នាំសិក្សា២០០០-២០០២ ជំនាន់ទី១២ និងបានចាប់ផ្ដើមអាជីពជាគ្រូបង្រៀន ចាប់តាំងពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន។ កត្តាដែលនាំឱ្យខ្ញុំបាទចាប់យកអាជីពគ្រូបង្រៀននេះអាចនិយាយបានថា កត្តាជីវភាពនិងនិស្ស័យបុណ្យ ព្រោះការប្រកបការងារគ្រូបង្រៀននេះផ្ដើមចេញពីការមិនសូវពេញចិត្ត ប្រែក្លាយជាការពេញចិត្ត ហើយរឹតតែស្រឡាញ់ចូលចិត្តឡើង ដោយមូលហេតុថា គឺស្រឡាញ់អក្សរសាស្ត្រជាតិ ចង់ចូលរួមអភិរក្ស អភិវឌ្ឍអក្សរសាស្ត្រជាតិ ឱ្យគង់វង្សនិងរីកចម្រើនទៅមុខ តាមរយៈការចែករំលែកឬធ្វើធម្មទានចំណេះដឹង ដែលខ្ញុំបាទមានដល់កូនខ្មែរជំនាន់ក្រោយនេះ តែម្ដង។ហើយជាពិសេសនោះ ខ្ញុំបាទមិនត្រឹមតែស្រឡាញ់ទេ ថែមទាំងរៀនឆាប់ចេះចាំនិងយល់បានរហ័សលើមុខវិជ្ជាអក្សរសាស្ត្រខ្មែរនេះជាងមុខវិជ្ជាណាៗ។ ចំណុចនេះហើយគឺជាកត្តាដែលជំរុញឱ្យខ្ញុំបាទចេះតែខិតខំរិះរកវិធីផ្សេងៗ ដើម្បីធ្វើឱ្យសិស្សឆាប់យល់និងចេះចាំ ក្នុងការបង្រៀនរបស់ខ្ញុំកន្លងមក។
ខ្ញុំបាទមិនមានចំណេះដឹងជ្រៅជ្រះអ្វីនោះទេ ប៉ុន្តែខ្ញុំបាទមានគោលដៅនិងវត្ថុបំណងក្នុងការបង្រៀនរបស់ខ្ញុំមួយចំនួនដូចជា៖
នៅថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២២ ខ្ញុំបានចាប់ផ្ដើមការងារជាគ្រូបង្រៀនក្រៅម៉ោង ជាមួយសាលារៀនអន្តរទ្វីប អាមេរិកាំង(AIS) សាខាសៀមរាប។ ការងារនេះ ពិតជាបានធ្វើឱ្យខ្ញុំបាទទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត អំពីការបង្រៀនរបស់ខ្ញុំ សម្រាប់អភិវឌ្ឍនិងផ្ទេរចំណេះដឹងទៅកាន់ប្អូនៗ ក្មួយៗសិស្សានុសិស្សបន្ត។ សាលារៀនអន្តរទ្វីបអាមេរិកាំង(AIS)ពិតជាគ្រឹះស្ថានចំណេះដឹងទូទៅមួយដ៏ល្អ ដែលផ្ដោតជាសំខាន់ទៅលើ « គុណភាព វិន័យ និងសេវាកម្ម» និងមានការយកចិត្តទុកដាក់ តាមដានពិតប្រាកដ លើវិន័យ គុណភាពសិក្សារបស់សិស្សានុសិស្សយ៉ាងពិតប្រាកដ។ កត្តានេះបានធ្វើឱ្យខ្ញុំបាទយល់ថា សាលារៀនអន្តរទ្វីបអាមេរិកាំង(AIS)ពិតជាគ្រឹះស្ថានចំណេះដឹងទូទៅមួយ ដែលជួយឱ្យខ្ញុំបាទអាចចែករំលែកឬផ្ទេរចំណេះដឹង មុខវិជ្ជាអក្សរសាស្ត្រខ្មែរ ដែលខ្ញុំមានទៅកាន់ប្អូនៗ ក្មួយៗសិស្សានុសិស្សជំនាន់ក្រោយបានកាន់តែច្រើនទៀត ដើម្បីជាការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស និងចូលរួមលើកស្ទួយ
អភិរក្សនិងអភិវឌ្ឍអក្សរសាស្ត្រជាតិឱ្យគង់វង្ស និងរីកចម្រើន។ ខ្ញុំបាទមានចិត្តសោមនស្ស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលលោកបានអនុញ្ញាតឱ្យខ្ញុំបាទក្លាយជាគ្រូបង្រៀនម្នាក់ក្នុងស្ថាប័ននេះ។