ទំព័រដើម / លោកគ្រូ ផល សុភក្រ្ត
គ្រូបង្រៀនគណិតវិទ្យា
ជាគ្រូបង្រៀនឯកទេសគណិតវិទ្យាមួយរូប ខ្ញុំតែងតែលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យទទួលបានចំនេះដឹងពិតប្រាកដ។ ឆ្នាំសិក្សា២០0៦-២០១០ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានប្រឡងចូលក្របខណ្ឌរដ្ឋ ជាគ្រូកម្រិតឧត្តមសិក្សានិងទទួលបានការសិក្សាវគ្គបណ្តុះបណ្តា គរុកោសល្យជំនាន់ទី១៦ រយៈពេលមួយឆ្នាំពេញដោយជោគជ័យ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ ខ្ញុំបានប្រែប្រួលខ្លួនពីនិស្សិតនិងគរុនិស្សិតម្នាក់ទៅជាអ្នកផ្តល់ចំណេះដឹងព្រមទាំងផ្តល់ការអប់រំទាំងសីធម៍ និង វិន័យដល់សិស្សវិញ។ ដោយហេតុតែវាជាឧបនិស្ស័យ ស្រឡាញ់ការអប់រំតាំងតែពីតូចមក និងតែងស្រម៉ៃថានឹងក្លាយជាគ្រូបង្រៀនដ៏ល្អម្នាក់។
នៅដើមខែតុលាឆ្នាំ២០១១ ខ្ញុំបានចូលបម្រើការងារជាមន្ត្រីរាជការក្របខណ្ឌរដ្ឋនៃក្រសួងអប់រំ យុវជន និងកីឡា ហើយបន្តរហូតមកដល់បច្ចុប្បន្នជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យានៅវិទ្យាល័យហ៊ុនសែនសេរីភាព ខេត្តកណ្តាល ។ ក្នុងនាមជាបុគ្កលិកអប់រំម្នាក់ខ្ញុំយល់ឃើញថា ប្រទេសជាតិមួយរីកចម្រើន គឺដោយសារសម្បូរទៅដោយធនធានមនុស្សប្រកបដោយសក្តានុពល។ ដូចនេះ ការរួមចំណែករបស់ខ្ញុំគឺពិតជាពោរពេញដោយមោទនភាពណាស់។
ជាមួយគ្នានោះផងដែរការអភិវឌ្ឍខ្លួនមិនត្រឹមតែនៅសាលារដ្ឋមួយប៉ុណ្ណោះទេ គឺនៅថ្ងៃទី៣ ខែសីហាឆ្នាំ២០១៥ ជាថ្ងៃដំបូងដែលខ្ញុំបានឈានជើងប្រឡូកចូលបម្រើការងារនៅស្ថាប័នគ្រឹះស្ថានអប់រំឯកជនមួយនៅកម្ពុជាដែលផ្តោតលើគុណភាព វិន័យ និងសេវាកម្មល្អ។ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានក្លាយជាទីកន្លែងកក់ក្តៅទី២របស់ខ្ញុំ។ ខ្ញុំបានចាប់ផ្តើមបង្រៀនគណិតវិទ្យាសម្រាប់កម្រិតថ្នាក់ទី១០ និង១១។ ផងដែរខ្ញុំបានរៀនសូត្រនិងដកបទពិសោធថ្មីៗច្រើនរាប់មិនអស់ ហើយនៅទីនេះមិនមែនបង្រៀនសិស្សតែចំណេះដឹងឯកទេសប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្មវិធីជាច្រើនទៀត ដើម្បីឱ្យសិស្សមានឱកាសស្វែងយល់ពីសង្គមខាងក្រៅឱ្យបានច្រើនទាំងសិក្ខាសាលា ដំណើរទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស និងការប្រឡងប្រកួតប្រជែងនានា។
ទោះបីទំហំការងារកាន់តែរីកធំ តែខ្លួនខ្ញុំពេញចិត្តនឹងរៀនពីអ្វីដែលថ្មីៗ រឿងដែលគួរឱ្យកត់សម្គាល់ទៅទៀតឃើញថា ការបំពេញការងារក្នុងពេលដ៏ខ្លីសោះ តែខ្លួនខ្ញុំពិតជារៀនបានច្រើន រឹតតែធ្វើឱ្យខ្លួនឯងមានទំនួលខុសត្រូវខ្ពស់លើមនសិការវិជ្ជាជីវៈខ្លួនថែមទៀត។
ខ្ញុំប្តេជ្ញាថានឹងខិតខំបំពេញតួនាទីខ្លួនឱ្យរឹតតែល្អទៅទៀត ជាពិសេសការសិក្សាស្រាវជ្រាវអ្វីៗដែលថ្មី ដើម្បីយកមកបង្ហាត់សិស្សឱ្យរឹតតែរស់រវើក ធានាឱ្យបាននូវដំណើរការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការរំពឹងទុក។ កាន់តែពិសេស គឺការកសាងខ្លួន ក៏ដូចជាក្មេងៗជំនាន់ក្រោយឱ្យក្លាយជាសសរដ៏រឹងមាំក្នុងកិច្ចរួមចំណែកទ្រទ្រង់ ក៏ដូចជាអភិវឌ្ឍជាតិយើងឱ្យកាន់តែលូតលាស់ទៅមុខប្រកបដោយវឌ្ឍនភាពថ្មីៗឡើងថែមទៀតផងដែរ។