ទំព័រដើម / អ្នកគ្រូ ម៉ុន លក្ខិណា
គ្រូបង្រៀនភាសាខ្មែរ
គ្រូបង្រៀនឯកទេសភាសាខ្មែរពីគរុកោសល្យភូមិភាគររាជធានីភ្នំពេញ។ បន្ទាប់ពីចេញបង្រៀនបាន១ឆ្នាំនាងខ្ញុំបានបន្តការសិក្សានៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ហៅកាត់ថា(CUS)ដើម្បីយកបរិញ្ញាបត្រឯកទេសអក្សរសាស្រខ្មែរ។ ការណ៍នេះ ក៏ដោយសារតែវាជាឧបនិស្ស័យដែលតែងស្រឡាញ់ការអប់រំតាំងតែពីតូចមក និងតែងស្រមៃថានឹងក្លាយជាគ្រូនាពេលអនាគតនោះឯង។
នៅចុងឆ្នាំ២០១៤ ខ្ញុំបានចូលប្រឡូក បម្រើការងារជាមន្ត្រីរាជការស៊ីវិលក្របខណ្ឌរដ្ឋផ្នែកអប់រំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដោយចាប់ផ្តើមការងារឯវិទ្យាល័យបឹងប្រិយ៍ រហូតមកដល់បច្ចុប្បន្ន។ ដោយមូលហេតុគិតថា ប្រទេសជាតិមួយរីកចម្រើន គឺដោយសារសង្គមនោះពោរពេញដោយធនធានមនុស្សប្រកបដោយសក្តានុពល ដូចនេះការរួមចំណែករបស់នាងខ្ញុំ ពិតជាពោរពេញដោយមោទកភាពណាស់។
ការអភិវឌ្ឍខ្លួន និងមហិច្ឆតាខ្លួនមិនបានបញ្ចប់ត្រឹមចំណុចនេះទេ នៅខែមីនាឆ្នាំ២០១៩ ខ្ញុំបានបន្តប្រឡូកកាន់តែជ្រៅទៅក្នុងការអប់រំនេះ។ គ្រឹះស្ថានអប់រំឯកជនដ៏ធំល្បីល្បាញដែលផ្តោតលើគុណភាព វិន័យ និងសេវាកម្មល្អ ជាជម្រើសទីមួយរបស់ខ្ញុំ។ សាលារៀន អន្តរទ្វីប អាមេរិកាំង បានក្លាយជាផ្ទះដ៏កក់ក្តៅទី២ ខ្ញុំបានចាប់ផ្តើមបង្រៀនភាសាខ្មែរសម្រាប់កម្រិតថ្នាក់ទី៧ និង៨។ ខ្ញុំបានរៀនសូត្រនិងទទួលបានបទពិសោធថ្មីៗច្រើនរាប់មិនអស់នៅទីនេះ មិនមែនគ្រាន់តែបង្រៀនសិស្សតែចំណេះដឹងទូទៅប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្មវិធីជាច្រើនទៀត ដើម្បីឱ្យសិស្សមានឱកាសស្វែងយល់ពីសង្គមខាងក្រៅឱ្យបានច្រើនទាំងសិក្ខាសាលា ដំណើរទស្សនកិច្ចសិក្សានានាជាដើម។ បើងាកមកចាប់អារម្មណ៍ពីបរិស្ថានសាលា ការងារ រួមទាំងទំនាក់ទំនងរវាងបុគ្គលិកគ្រប់ជាន់ថ្នាក់វិញ គឺពិតជាល្អប្រសើរណាស់ជាពិសេសគ្មានការប្រកាន់បក្សពួក បុគ្គលិកចេះចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក គ្មានការមើលងាយឬរើសអើងឡើយ។
ទោះបីទំហំការងារកាន់តែរីកធំ តែខ្លួនខ្ញុំពេញចិត្តនឹងរៀនពីអ្វីដែលថ្មីៗ រឿងដែលគួរឱ្យកត់សម្គាល់ទៅទៀតឃើញថា ការបំពេញការងារក្នុងពេលដ៏ខ្លីសោះ តែខ្លួនខ្ញុំពិតជារៀនបានច្រើនមែនទែន រឹតតែធ្វើឱ្យខ្លួនឯងមានទំនួលខុសត្រូវខ្ពស់លើមនសិការវិជ្ជាជីវៈខ្លួនថែមទៀត ជាពិសេសទទួលបានចំណេះដឹងលើផ្នែកបច្ចេកវិទ្យាថ្មីៗជាច្រើននិងទទួលបានមេដឹកនាំល្អដែលមានតម្លាភាព មានការយោគយល់ចំពោះបុគ្គលិកដែលមានបញ្ហាផ្សេងៗ។
ខ្ញុំប្តេជ្ញាថានឹងខិតខំបំពេញតួនាទីខ្លួនឱ្យរឹតតែល្អទៅទៀត ជាពិសេសការសិក្សាស្រាវជ្រាវអ្វីៗដែលថ្មីៗ ដើម្បីយកមកបង្ហាត់សិស្សឱ្យរឹតតែរស់រវើក ធានាឱ្យបាននូវដំណើរការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការរំពឹងទុក។ រឹតតែវិសេស គឺការកសាងខ្លួន អប់រំទូន្មានក្មេងៗជំនាន់ក្រោយឱ្យក្លាយជាសសរដ៏រឹងមាំក្នុងកិច្ចរួមចំណែកទ្រទ្រង់ ក៏ដូចជាអភិវឌ្ឍសង្គមជាតិយើងឱ្យកាន់តែលូតលាស់ទៅមុខប្រកបដោយវឌ្ឍនភាពថ្មីៗឡើងថែមទៀតផងដែរ ។