Aii និង AIS សាខាចោមចៅ បើកការដ្ឋានសាងសង់អគារសិក្សាបន្ថែមថ្មីទី៣ លើផ្ទៃដី៣ហិកតាក្បែរទីតាំងចាស់

ទំព័រដើម / Aii និង AIS សាខាចោមចៅ បើកការដ្ឋានសាងសង់អគារសិក្សាបន្ថែមថ្មីទី៣ លើផ្ទៃដី៣ហិកតាក្បែរទីតាំងចាស់

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ នៅសាខាចោមចៅ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀប​ចំពិធីបុកគ្រឹះបើកការដ្ឋានសាងសង់អគារសិក្សាបន្ថែមថ្មីទី៣ នៅក្បែរអគារសិក្សាទី១ និងទី២ ដែលមានទីតាំងស្ថិតក្នុងភូមិ​ជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អគារសិក្សាបន្ថែមថ្មីទី៣ នៅសាខាចោមចៅនេះត្រូវបានសាងសង់នៅលើផ្ទៃដីសរុបប្រមាណជា៣ហិកតា ដែលមានរូបរាងអគារជាអក្សរយូ (U) កម្ពស់៤ជាន់ មានបរិវេណទីធ្លាធំទូលាយបំពាក់ទៅដោយសម្ភារសិក្សា​ ទំនើបៗលើសពីតម្រូវការអប់រំ មានទីធ្លាហាត់កីឡា បន្ទប់ពិសោធ បន្ទប់គេហកិច្ច បន្ទប់សិល្បៈ បន្ទប់ប្រឹក្សាយោបល់ ការិយាល័យកិច្ចការសិស្ស កន្លែងកុមារលេង អាហារដ្ឋាន ហាងកាហ្វេ ស្មាតម៉ាត ហាងលក់ទំនិញ  បន្ទប់សិក្សាមានផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ និងមានសុវត្ថិភាពអាចបំពេញនូវតម្រូវការអប់រំដ៏កក់ក្តៅពេញ​លក្ខណៈដល់សិស្សានុ​សិស្សប្រកបដោយប្រសិទ្ធភាព និងគុណភាព។ មជ្ឈ​មណ្ឌលភាសា អេ អាយ អាយ និងសាលារៀន​ អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ត្រូវបានបើកដំណើរនៅក្នុងឆ្នាំ២០១៩ ហើយមូលហតុនៃការសាងសង់ពង្រីកនូវអគារសិក្សាថ្មីបន្ថែមដ៏មានវិសាលភាពនេះ គឺដោយសារនៅសាខាចោមចៅជាតំបន់​ដ៏សក្តានុពលបំផុត ដែលមានកំណើនសិស្សានុសិស្សសិក្សា​កើន​ឡើងជាខ្លាំងនៅក្នុងឆ្នាំនេះ ស្របពេលដែលសង្គមជាតិមាន​ស្ថេរភាព កំណើនសេដ្ឋកិច្ច ជាពិសេសគឺ​ដើម្បីឆ្លើយតប​ទៅនឹងសំណូមពរដ៏ច្រើនពី​សំណាក់មាតាបិតា អ្នកអាណាព្យា​បាល សិស្សានុសិស្ស និងស្របតាម​តម្រូវការ​ទីផ្សារអប់រំជាក់ស្តែងផងដែរ ខណៈអគារសិក្សាទី១ និងទី២ បច្ចុប្បន្នបានទទួលសិស្សពេញ និងផ្អាកទទួលសិស្សានុសិស្សមួយរយៈពេល។ អគារសិក្សាថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ ដើម្បីបំពេញឱ្យទាន់នូវតម្រូវការទទួលសិស្សា​នុសិស្ស​ថ្មីដែលសិក្សាថ្នាក់ភាសាអង់គ្លេស ភាសាចិន និងភាសាថៃ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងថ្នាក់ចំណេះដឹងទូទៅខ្មែរ ចាប់ពីថ្នាក់ក្រោម​មត្តេយ្យសិក្សា (អាយុ២ឆ្នាំ) ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។

 

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន​ អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំង​ក្នុងរាជធានី/ខេត្ត និងក្រៅ​ស្រុក ដែលបានចូលរួមបម្រើក្នុងវិស័យអប់រំចាប់តាំងពីឆ្នាំ២០០៥ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព វិន័យ និងសេវាកម្មល្អ ហើយបច្ចុប្បន្ននេះគ្រឹះស្ថានអប់រំទាំងពីរនេះបានក្លាយជាគ្រឹះស្ថានសិក្សាអប់រំឯកជនទី១ ដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានទទួលសិទ្ធិក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈ (IPO) ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក ព្រមទាំងបាននិងកំពុងដំណើរការពង្រីកសាខានៅក្នុងរាជធានីភ្នំពេញ និងខេត្ត ដែលរួមមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វារ សែនសុខ ច្បារអំពៅ សៀមរាប តាកែវ និងទីតាំងសាខាជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខ៕

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ