កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំប្រទាលកន្ទុយក្រពើ

ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំប្រទាលកន្ទុយក្រពើ

កាលពីថ្ងៃទីទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបំណិនជីវិតស្តីពី “ការដាំប្រទាលកន្ទុយក្រពើ” ជូនដល់សិស្សានុសិស្សថ្នាក់ទី១ “ខ” វេនព្រឹក និងវេនរសៀល ដែលដឹកនាំដោយអ្នកគ្រូ អៀង រំពឹង។
ជាដំបូងអ្នកគ្រូ បានបង្ហាញឈ្មោះរុក្ខជាតិដែលត្រូវដាំ សម្ភារៈ និងរៀបរាប់ពីរបៀបដាំប្រទាលកន្ទុយក្រពើយ៉ាងក្បោះក្បាយជូនដល់សិស្សានុសិស្សឱ្យបានដឹង។ បន្ទាប់មកទៀត អ្នកគ្រូបានប្រាប់ពីដំណាក់កាលដាំនីមួយៗ។ ដំណាក់កាលទី១ អ្នកគ្រូបានបញ្ជាក់ពីសម្ភារៈ និងរុក្ខជាតិដែលត្រូវប្រើសម្រាប់ដាំរួមមាន ប្រទាលកន្ទុយក្រពើ ស្រោមដៃពេទ្យ ផើងដាំដំណាំ បោយស្រោចដំណាំ ជីកំប៉ុស្ត និងដីជាដើម។ ដំណាក់កាលទី២ ត្រូវយកដីដាក់ក្នុងផើងរួចជ្រួយវាឱ្យសព្វ ហើយស្រោចទឹកផ្សើមដីនោះឱ្យសើមល្មម។ ចំពោះដីសម្រាប់ដាំប្រទាលកន្ទុយក្រពើ អ្នកគ្រូបានឱ្យសិស្សជ្រើសរើសដីដែលល្អមានជីជាតិ ជីកំប៉ុស្ត ឬដីល្បាយជាដើម។ ដំណាក់កាលចុងក្រោយ អ្នកគ្រូឱ្យសិស្សយកប្រទាលកន្ទុយក្រពើដាក់ដាំនៅក្នុងផើងដែលបានរៀបចំទុកមុននោះ។ អ្នកគ្រូបានបន្ថែមទៀតថា ដើម្បីឱ្យប្រទាលកន្ទុយក្រពើលូតលាស់បានកាន់តែល្អ យើងមិនត្រូវដាំប្រទាលកន្ទុយក្រពើក្នុងចំនួនច្រើនក្នុងផើងតែមួយនោះទេ ពីព្រោះអាចនាំប្រទាលកន្ទុយក្រពើដុះលូតលាស់មិនល្អ ញឹកពេក និងស្រូបយកជីជាតិមិនបានគ្រប់គ្រាន់។ មួយវិញទៀត យើងត្រូវស្រោចទឹកដល់ប្រទាលកន្ទុយក្រពើឱ្យបានគ្រប់គ្រាន់ ហើយដាក់វានៅកន្លែងដែលមានពន្លឺថ្ងៃល្អ ព្រោះរុក្ខជាតិទាំងអស់ត្រូវការពន្លឺព្រះអាទិត្យសម្រាប់ដំណើរការរស្មីសំយោគ។
ក្រោយពីបានស្តាប់អ្នកគ្រូពន្យល់ចប់សព្វគ្រប់ ប្អូនៗសិស្សានុសិស្សទាំងអស់បានចូលរួមជួយដាំប្រទាលកន្ទុយក្រពើជាមួយអ្នកគ្រូក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ និងមានការសហការគ្នាបានយ៉ាងល្អ ហើយសិស្សានុសិស្សទាំងអស់មានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើលការលូតលាស់របស់រុក្ខជាតិដែលពួកគេបានដាំ។
កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំប្រទាលកន្ទុយក្រពើ

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ