ដំណើរទស្សនកិច្ចសិក្សាលើកទី១៧៦ ទៅកាន់រមណីយដ្ឋាន ភ្នំឈើកាច់ និងវត្តវិហារធំ

ទំព័រដើម / ដំណើរទស្សនកិច្ចសិក្សាលើកទី១៧៦ ទៅកាន់រមណីយដ្ឋាន ភ្នំឈើកាច់ និងវត្តវិហារធំ

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ បានដឹកនាំសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល វេនព្រឹក និងវេនរសៀល ចុះទស្សនកិច្ចសិក្សាលើកទី១៧៦ ទៅកាន់រមណីយដ្ឋាន ភ្នំឈើកាច់ និងវត្តវិហារធំ ព្រមទាំងចុះចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សសាលាបឋមសិក្សាព្រះវិហារធំ ដែលស្ថិតនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

 

នៅពេលសិស្សានុសិស្សទៅដល់សាលាបឋមសិក្សា ស្ថិតនៅក្នុងវត្តព្រះវិហារធំ មានលោកនាយកសាលារៀន និងសិស្សានុសិស្សជាច្រើនបានរង់ចាំស្វាគមន៍។ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលតាមបន្ទប់រៀន និងបានចែកអំណោយដល់សិស្សានុសិស្សរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាជាច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗសិស្សានុសិស្សសាលាបឋមសិក្សាវត្តវិហារធំ ដើម្បីជាការចូលរួមចំណែកចែករំលែកនូវការលំបាក និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សនៅទីជនបទឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រ។ សិស្សានុសិស្សបានស្គាល់ និងបានយល់ដឹងកាន់តែច្បាស់ពីទីតាំងប្រវត្តិសាស្រ្ត សិល្បៈ វប្បធម៌ ក្បូរក្បាច់រចនា និងរចនាបថក្នុងការកសាងប្រាសាទ ព្រមទាំងទទួលបានចំណេះដឹងបន្ថែមកាន់តែច្បាស់ទាក់ទងទៅនឹងវប្បធម៌ ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត ជាពិសេសសិស្សានុសិស្សឈ្វេងយល់ទាក់ទងនឹងអក្សរសិល្ប៍រឿងទុំទាវជាដើម។ លើសពីនេះក៏បានស្រូបយកនូវខ្យល់អាកាសបរិសុទ្ធធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងបានមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតផ្សេងៗពីលើកំពូលភ្នំ បរិយាកាសទាំងអស់នេះបានធ្វើឱ្យសិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ និងបង្កជាភាពសប្បាយរីករាយ​។ មិនតែប៉ុណ្ណោះ ការចុះទស្សនកិច្ចសិក្សានៅទីនោះជួយឱ្យសិស្សានុសិស្សចេះស្រឡាញ់មរតក​សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលដូនតាបានបន្សល់ទុកមក។

សិស្សានុសិស្ស​ក៏​ទទួល​បានការ​អប់រំ​ផ្លូវចិត្ត​តាមរយៈ​ព្រះធម៌​ ដោយមាន​ការ​ផ្តល់​ឱវា​ទល្អៗ​ពី​ព្រះសង្ឃ​ ការចែក​រំលែក​ចំណេះដឹង​ ចំណេះធ្វើបទ​ពិសោធ​ រវាង​សិស្ស​ និង​សិស្សរវាង​គ្រូ​និង​សិស្ស​ជាដើម​។ មុនពេលត្រឡប់មកវិញលោកគ្រូ អ្នកគ្រូបានថតរូបអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយ លោកគ្រូ​ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់​​បាន​​មកដល់​សាលា​រៀន​​វិញ​ប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ។

ដំណើរទស្សនកិច្ចសិក្សាលើកទី១៧៦ ទៅកាន់រមណីយដ្ឋាន ភ្នំឈើកាច់ និងវត្តវិហារធំ

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ