កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំដើមរាសី

ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំដើមរាសី

កាលពីថ្ងៃទីទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបំណិនជីវិតស្តីពី “ការដាំដើមរាសី” ជូនដល់សិស្សានុសិស្សថ្នាក់ទី៤ “ក” វេនព្រឹក និងវេនរសៀល ដែលដឹកនាំដោយអ្នកគ្រូ ប៉ិច សុគន្ធារី។
    ជាដំបូងអ្នកគ្រូ ប៉ិច សុគន្ធារី បានបង្ហាញឈ្មោះរុក្ខជាតិដែលត្រូវដាំ សម្ភារៈ និងរៀបរាប់ពីរបៀបដាំសាលាដយ៉ាងក្បោះក្បាយជូនដល់សិស្សានុសិស្សឱ្យបានដឹង។ បន្ទាប់មកទៀត អ្នកគ្រូបានរៀបរាប់យ៉ាងលម្អិតពីសម្ភារៈ ដែលត្រូវប្រើប្រាស់ក្នុងការដាំដើមរាសីជូនដល់សិស្សានុសិស្សស្តាប់ និងបានប្រាប់ពីដំណាក់កាលដាំនីមួយៗ។ ដំណាក់កាលទី១ អ្នកគ្រូបានបញ្ជាក់ពីសម្ភារៈ និងរុក្ខជាតិដែលត្រូវប្រើសម្រាប់ដាំរួមមាន ដើមរាសី ស្រោមដៃពេទ្យ ផើងដាំដំណាំ បោយស្រោចដំណាំ ជីកំប៉ុស្ត និងដីជាដើម។ ដំណាក់កាលទី២ ត្រូវយកដីដាក់ក្នុងផើងរួចជ្រួយវាឱ្យសព្វ ហើយស្រោចទឹកផ្សើមដីនោះឱ្យសើមល្មម។ ចំពោះដីសម្រាប់ដាំដើមរាសី អ្នកគ្រូបានឱ្យសិស្សជ្រើសរើសដីដែលល្អមានជីជាតិ ជាដីមានលាយជីលាមកគោ ជីកំប៉ុស្ត ឬដីល្បាយជាដើម។ ដំណាក់កាលចុងក្រោយ អ្នកគ្រូឱ្យសិស្សយកដើមរាសីដាក់ដាំនៅក្នុងផើងដែលបានរៀបចំទុកមុននោះ ដោយរោយស្តើងៗទៅលើដី។ អ្នកគ្រូបានបន្ថែមទៀតថា ដើម្បីឱ្យដើមរាសីលូតលាស់បានកាន់តែល្អ យើងមិនត្រូវដាំដើមរាសីក្នុងចំនួនច្រើនគ្រាប់ក្នុងផើងតែមួយនោះទេ ពីព្រោះអាចនាំឱ្យដើមរាសីដុះលូតលាស់មិនល្អ និងស្រូបយកជីជាតិមិនបានគ្រប់គ្រាន់។ មួយវិញទៀត យើងត្រូវស្រោចទឹកដល់ដើមរាសីឱ្យបានគ្រប់គ្រាន់ ហើយដាក់វានៅកន្លែងដែលមានពន្លឺថ្ងៃល្អ ព្រោះរុក្ខជាតិទាំងអស់ត្រូវការពន្លឺព្រះអាទិត្យសម្រាប់ដំណើរការរស្មីសំយោគ។
    ក្រោយពីបានស្តាប់អ្នកគ្រូពន្យល់ចប់សព្វគ្រប់ ប្អូនៗសិស្សានុសិស្សទាំងអស់បានចូលរួមជួយដាំដើមរាសីជាមួយអ្នកគ្រូក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ និងមានការសហការគ្នាបានយ៉ាងល្អ ហើយសិស្សានុសិស្សទាំងអស់មានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើលការលូតលាស់របស់រុក្ខជាតិដែលពួកគេបានដាំ។     
កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំដើមរាសី

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ