ស្វែងយល់អំពីជំងឺផ្លូវចិត្ត

ទំព័រដើម / ស្វែងយល់អំពីជំងឺផ្លូវចិត្ត

អត្ថបទព័ត៌មានស្តីអំពីសុខភាព

ក្រោមប្រធានបទ “ស្វែងយល់អំពីជំងឺផ្លូវចិត្ត”

អត្ថបទដកស្រង់ដោយ : ទ្រី សុខហៀង

#MJQE #AmericanInterconSchool

អ្វីទៅជាជំងឺផ្លូវចិត្ត?

ជំងឺផ្លូវចិត្ត ជាជំងឺវេជ្ជសាស្ត្រ មិនមែនជាជំងឺកើតឡើងដោយសារអរូបីនោះឡើយ។ ដូច្នេះហើយ ជំងឺនេះអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ។ នៅក្នុងប្រទេសកម្ពុជា បញ្ហាផ្លូវចិត្តនានាដែលកើតមានច្រើនជាងគេ គឺជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភ។

តើអ្វីជាភាពខុសគ្នារវាងជំងឺផ្លូវចិត្តនានា និងជំងឺធ្លាក់ទឹកចិត្ត?

«ជំងឺធ្លាក់ទឹកចិត្ត» ជាជំងឺមួយក្នុងចំណោមជំងឺផ្លូវចិត្តទាំងឡាយជាច្រើន។ ជាទូទៅ ជំងឺផ្លូវចិត្តនីមួយៗសុទ្ធតែមានរោគសញ្ញាខុសគ្នាៗ ប៉ុន្តែសម្រាប់ជំងឺធ្លាក់ទឹកចិត្ត សំដៅទៅលើ «ការបាត់បង់អ្វីមួយដែលមានតម្លៃ ឬមានអត្ថន័យសំខាន់ក្នុងជីវិតរបស់អ្នកជំងឺនោះដូចជា ការបាត់បង់សមាជិកគ្រួសារ បាត់បង់ទំនាក់ទំនង បាត់បង់ឱកាស បាត់បង់ឋានៈ។ល។ ដែលជាហេតុធ្វើឱ្យអ្នកជំងឺមានវិប្បសារី គិតឃើញតែរឿងរ៉ាវដែលកន្លងទៅ មានការតូចចិត្តចំពោះខ្លួនឯង ស្តីបន្ទោសខ្លួនឯង ធ្វើឱ្យអ្នកជំងឺបាត់បង់ក្តីសង្ឃឹម បាត់បង់ចំណាប់អារម្មណ៍ក្នុងការធ្វើអ្វីមួយ គិតថាមិនអាចចូលរួមសង្គមជាមួយគេឯងបានតទៀតជាដើម»។ ចំពោះរោគសញ្ញាដែលខ្លួនឯងអាចសង្កេតមានដូចជា៖

•  បាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីដែលធ្លាប់មានចំណាប់អារម្មណ៍ពីមុន

•  លែងចង់ចូលចំណោមមនុស្សច្រើន

•  បាត់បង់ការបរិភោគ ឬការគេង

•  ហត់នឿយច្រើន ឆាប់ខឹងនានា។

ការធ្វើរោគវិនិច្ឆ័យទូទៅមានបីកត្តាធំៗដែលធ្វើឱ្យមានប្រជាជនកម្ពុជាប្រឈមមុខការកើតជំងឹផ្លូវចិត្ត៖

១. កត្តាជីវសាស្ត្រ :

បណ្តាលមកពីភាពមិនប្រក្រតីនៃសារធាតុគីមីហៅថា ណឺរ៉ូត្រែនស្មី ក្នុងកោសិកាខួរក្បាល ជាពិសេសគឺជាតិសេរ៉ូតេនីន អេពីណេហ្រ្វីន និងដូប៉ាមិន។ ការថយចុះនៃសារធាតុសេរ៉ូតេអ៊ីនធ្វើឱ្យមានអារម្មណ៍មិនល្អ អារម្មណ៍មិននឹងនរ គេងមិនលក់ មិនចង់បរិភោគ ក្រៀមក្រំ ជាដើម។

២. កត្តាចិត្តសាស្ត្រ :

ទាក់ទងលើស្មារតីរបស់អ្នកជំងឺផ្ទាល់ដូចជា ភាពមិនពេញចិត្តអ្វីដែលខ្លូនមាន ឆាប់ខឹង តែងតែគិតអវិជ្ជមាន ខ្វល់ខ្វាយច្រើនជាដើម។

៣.កត្តាសង្គម : មានដូចជា ការរស់នៅក្នុងបរិយាកាសសង្គមមិនល្អ ការរស់នៅជាមួយភាពភ័យខ្លាច ឬរស់នៅក្នុងគ្រួសារដែលមានអំពើហិង្សាជាដើម។

ការព្យាបាលជំងឺផ្លូវចិត្ត៖

ក្នុងការព្យាបាលលើជំងឺនេះ ត្រូវការចំណាយពេលយូរ ដែលមានការចូលរួមជាមួយអ្នកជំងឹផ្ទាល់ ក្រុមគ្រួសារ គ្រូពេទ្យ អ្នកចិត្តសាស្ត្រ និងបុគ្គលិកសង្គមកិច្ច។ ប្រសិនបើមិនបានព្យាបាលជំងឺផ្លូវចិត្ត អាចនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ការប្រកបការងារ និងទំនាក់ទំនងក្នុងសង្គម។ ដូច្នេះ អ្នកជំងឺត្រូវទទួលការព្យាបាលបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិតឯកទេស ចៀសវាងការទុកឱ្យជំងឺនោះរ៉ាំរ៉ៃ។

ការព្យាបាលដែលល្អបំផុតរួមមាន៖

•  ការជួយរកដំណោះស្រាយសម្រាប់បញ្ហាដែលគាត់មាន

•  ការផ្តល់ប្រឹក្សាល្អៗសម្រាប់គាត់

•  ការលើកទឹកចិត្ត

•  ការណែនាំឱ្យគិតវិជ្ជមានសម្រាប់ការបន្តការរស់នៅរាល់ថ្ងៃផ្សេងៗ

•  ការព្យាបាលដោយប្រើប្រាស់ថ្នាំលេប គឺអាចឱ្យមានតុល្យភាពនៃសារធាតុគីមីនៅក្នុងខួរក្បាល ដែលជាហេតុនាំឱ្យបាត់រោគសញ្ញានៃជំងឺ តែចាំបាច់អ្នកជំងឺត្រូវទទួលការផ្តល់ប្រឹក្សាផងដែរ។

តើជំងឺផ្លូវចិត្តបានជះឥទ្ធិពលអាក្រក់អ្វីខ្លះ?

ជំងឺផ្លូវចិត្តក៏បានជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវកាយរបស់អ្នកផងដែរ ជាពិសេសអ្នកមានជំងឺផ្លូវចិត្តរ៉ាំរ៉ៃ។ ជំងឺផ្លូវកាយដែលស្តែងចេញពីភាពរ៉ាំរ៉ៃនៃជំងឺផ្លូវចិត្តរួមមាន៖

•  ជំងឺក្រពះពោះវៀន

•  ជំងឺវិបត្តិសរសៃឈាមបេះដូង

•  ជំងឺប្រពន្ធ័ប្រសាទជាដើម៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖

https://healthtime.tips/km/library/article/1238

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ