ប្រវត្តិក្បាច់គុន ល្បុក្កតោ

ទំព័រដើម / ប្រវត្តិក្បាច់គុន ល្បុក្កតោ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី

ក្រោមប្រធានបទ “ប្រវត្តិក្បាច់គុន ល្បុក្កតោ”

អត្ថបទដកស្រង់ដោយ : សែម ពេជ្រ

#MJQE #AmericanInterconSchool

ពលរដ្ឋខ្មែរជាច្រើនស្គាល់ក្បាច់គុនល្បុក្កតោ តែពួកគេមិនបានដឹងប្រវត្តិនៃការកកើតក្បាច់គុនមួយនេះទេ។ តើក្បាច់គុនល្បុក្កតោកកើតពីពេលណា? តើពាក្យ “ល្បុក្កតោ” មានន័យដូចម្តេច? ការសិក្សាខ្លះថាក្បាច់គុននេះទំនងជាកកើតឡើងដំណាលគ្នា នឹងការកកើតទឹកដីខ្មែរផង។

គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរតាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង២ពាន់ឆ្នាំកន្លងមកហើយ។ “ល្បុក្កតោ” គឺជាបន្សំនៃពាក្យ ”ល្បុក្ក” បូកនិង “តោ” មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ យោងតាមវចនានុក្រមរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទ អមភ្ជាប់នឹង    

កំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការពារខ្លួន។ ដូច្នេះគុនល្បុក្កតោ គឺជាក្បាច់គុនមហាកម្លាំង   ប្រើប្រាស់នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ   ព្រមទាំងការពារសុវត្តិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ ទប់ទល់នឹងសត្វសាហាវ។ល។ ក្បាច់គុននេះទំនងជាកើតឡើងដំណាលគ្នា នឹងការកកើតទឹកដីខ្មែរផងដែរ។ រឿងរ៉ាវនេះអាចត្រូវបានស្វែងយល់តាម រយៈរឿងព្រេងខ្មែរ។ តាមការដំណាលតៗគ្នារបស់ដូនតាខ្មែរ ប្រវត្តិដ៏ចំណាស់របស់គុនល្បុក្កតោ កើតចេញពីពលទាហានម្នាក់ដែលបានប្រើប្រាស់ដំបងរួមជាមួយនឹងក្បាច់ដៃ និងជង្គង់ ដើម្បីវាយសត្វតោមួយក្បាលដែលតែងតែមកវាយប្រហារ យាយី សម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិជាញឹកញាប់ ។ លើសពីនេះទៅទៀត ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ ត្រូវបានប្រវត្តិវិទូរកឃើញថា មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី៩ ដូចជា ប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន។ ក្បាច់គុននេះបានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយបានក្លាយទៅជានិមិត្តរូបនៃអរិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។

ដូចក្បាច់គុនខ្មែរផ្សេងទៀតដែរ គុនល្បុក្កតោប្រមូលផ្តុំនូវក្បាច់ និងស្នៀតយ៉ាងច្រើន ដែលយកតម្រាប់តាមតថភាពធម្មជាតិ នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យនោះ និងកាយវិការរបស់សត្វដូចជា សត្វបក្សី សេះ ខ្លា ដំរី ពានរ កិន្នរ ក្រពើ ក្តាម ពស់ នាគ និងទា។ល។ ជាងនេះទៅទៀត ទម្រង់នៃគុនល្បុក្កតោបានបង្កប់ខ្លួននៅក្នុងសិល្បៈបុរាណរបស់ខ្មែរដូចជា របាំប្រជាប្រិយ ល្បែងប្រជាប្រិយ និងរបាំបុរាណ។ ចលនា ស្នៀត ក្បាច់ និងកាយវិការនីមួយៗនៃក្បាច់គុននេះ បានបង្កប់នូវភាពទន់ភ្លន់ ស្លូតបូត រស់រវើក រឹងមាំ រហ័សរហួន និងឥរិយាបថរស់នៅរបស់មនុស្សនៅក្នុងសង្គម។ ក្បាច់គុននេះតម្រូវឱ្យវាយកៀកនឹងគូប្រយុទ្ធ ដោយប្រើកែងដៃ និងជង្គង់ជាមូលដ្ឋាន។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ