មធ្យោបាយដ៏ល្អបំផុតក្នុងការធ្វើដំណើរ និងទទួលបានអ្វីថ្មី គឺការធ្វើដំណើរដោយមិនមានភាពហឺហា

ទំព័រដើម / មធ្យោបាយដ៏ល្អបំផុតក្នុងការធ្វើដំណើរ និងទទួលបានអ្វីថ្មី គឺការធ្វើដំណើរដោយមិនមានភាពហឺហា

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត

ក្រោមប្រធានបទ៖ “មធ្យោបាយដ៏ល្អបំផុតក្នុងការធ្វើដំណើរ និងទទួលបានអ្វីថ្មី គឺការធ្វើដំណើរដោយមិនមានភាពហឺហា”

អត្ថបទដកស្រង់ដោយ៖ ប៉ាន សុចិត្រា

#MJQE #AmericanInterconSchool

ភាគច្រើនគេតែងនិយាយថា ការដើរកម្សាន្តធ្វើឱ្យយើងបើកចិត្តបើកគំនិត ដែលការលើកឡើងនេះពិតជាត្រឹមត្រូវ។ នៅក្នុងដំណើរកម្សាន្តមួយ វាមិនមែនតែជាការទៅលេងតំបន់ទេសចរណ៍មួយ ឬទៅក្រៅប្រទេស ស្នាក់នៅសណ្ឋាគារ មានទំនាក់ទំនងតែជាមួយអ្នកស្គាល់ ទិញវត្ថុអនុស្សាវរីយ៍ ហើយត្រឡប់ទៅផ្ទះវិញនោះទេ។ ភាពងាយស្រួល និងដដែលៗបែបនេះ មិនអាចធ្វើយើងទទួលបាននូវអត្ថប្រយោជន៍នៃការដើរកម្សាន្តរបស់យើងបានពេញលេញឡើយ។ យើងគួរតែគិតពីរបៀបផ្សេងទៀត ដែលជួយឱ្យការធ្វើដំណើរអាចនាំអ្នកចេញពីតំបន់ផាសុកភាព(comfort zone) របស់យើង។ ខាងក្រោមនេះ ជាកត្តាមួយចំនួនដែលអាចពិចារណាក្នុងការផ្លាស់ប្តូរដើម្បីឱ្យដំណើរកម្សាន្តរបស់យើងកាន់តែមានអត្ថន័យ៖

១. ត្រូវមានដំណើរកម្សាន្តពិតមួយ :

ការផ្សងព្រងនៅតាមតំបន់ទេសចរណ៍ទាំងអស់មិនប្រាកដថាមានសុវត្ថិភាពទាំងស្រុងនោះទេ ប៉ុន្តែយើងគួរតែព្យាយាមសាកនូវអ្វីដែលអាចផ្តល់ឱ្យនូវបទពិសោធពិតជាក់ស្តែង។ យើងគួរទៅរមណីយដ្ឋានក្នុងសហគមន៍តាម   បណ្តាខេត្ត ព្រោះយើងនឹងទទួលបានបទពិសោធពិតក្នុងការទទួលទានម្ហូបអាហារតាមតំបន់សហគមន៍ពិតៗ ជាជាងទៅញ៉ាំនៅភោជនីយដ្ឋាន បម្រើសម្រាប់តែភ្ញៀវទេសចរ។ យើងត្រូវអនុញ្ញាតឱ្យខ្លួនមានឱកាសទទួលបាននូវអ្វីដែលថ្មី បើទោះជាមានភាពប្រថុយប្រថានបន្តិចក្តី តែវាពិតជាការសាកសមក្នុងការចំណេញពេលរបស់យើង។

២. ត្រូវចងចាំថាភាពហឺហាធ្វើឱ្យអ្នកដំណើរមានអារម្មណ៍ដដែលៗ :

បើយើងដើរកម្សាន្តតាមបែបធម្មតា មានការរៀបចំកន្លែងស្នាក់នៅ មានអាហារហូបចុកត្រឹមត្រូវ តែវានឹងធ្វើឱ្យទទួលអារម្មណ៍ដដែលៗមិនខុសពីទីកន្លែងដែលធ្លាប់ទៅនោះទេ។ ហេតុដូចនេះហើយ បានជាមនុស្សមួយចំនួនតែងតែផ្លាស់ប្តូរតំបន់ដែលគេទៅកម្សាន្ត។ និយាយរួមទៅ គឺថាកន្លែងថ្មី ស្ថានភាពថ្មី នឹងផ្តល់ឱ្យយើងនូវអារម្មណ៍ក៏ថ្មីដែរ។

៣. ហ៊ានសាកល្បងជាមួយនឹងខ្លួនឯង :

នៅពេលដែលដើរកម្សាន្ត យើងគួរទៅតំបន់ដែលយើងមិនធ្លាប់បានទៅ ព្រោះវាមានន័យថាយើងហ៊ានក្នុងការដើរចេញពីទម្លាប់ចាស់ទូទៅរបស់យើង។ យើងពិតជាអាចឆក់យកប្រយោជន៍ជាច្រើនរបស់យើងផ្ទាល់ពីដំណើរផ្សងព្រេងនោះដូចជា ការឡើងភ្នំ ជិះម៉ូតូចូលព្រៃ ដើរកម្សាន្តតាមសហគមន៍ជនបទ នៅជិតបឹងទន្លេព្រៃជាដើម។ ថាមិនត្រូវ ក្រោយហ៊ានសាកល្បងបទពិសោធទាំងអស់នោះហើយ យើងអាចនឹងទទួលបានផ្នត់គំនិតថ្មីៗ ដើម្បីឱ្យសុខភាពផ្លូវ និងបែបផែនរស់នៅរបស់យើងកាន់តែប្រសើរឡើងថែមទៀតផង។ បើយើងស្តាប់ទៅ វាហាក់ដូចជាគួរឱ្យខ្លាចបន្តិចក្នុងការដែលយើងទៅតំបន់មិនសូវមានអ្នកទៅ ប៉ុន្តែវាពិតជាបទពិសោធន៍ដែលធ្វើយើងបំភ្លេចមិនបានជាក់ជាមិនខានឡើយ។

៤. ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សម្នា :

ចំណុចមួយក្នុងចំណោមលក្ខណៈពិសេសនៃដំណើរកម្សាន្តបែបនេះ គឺការមានទំនាក់ទំនងជាមួយក្រុមមនុស្សថ្មីៗ។ តាមរយៈការដើរកម្សាន្តទូទៅ យើងគ្រាន់តែធ្វើដំណើរជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកដែលយើងស្គាល់ ហើយការធ្វើបែបនេះយើងអាចនិយាយបានថាដំណើរកម្សាន្តអាចប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ។ ក៏ប៉ុន្តែ យើងនឹងទទួលបាននូវបទសោធប្លែកៗដូចជា ការយល់ពីគ្រាមភាសាតាមតំបន់ជាដើម  នៅពេលយើងទៅជួបប្រាស្រ័យទាក់ទងនឹងមនុស្សម្នានៅតាមទីតំបន់សហគមន៍ថ្មីៗ។ វាក៏អាចឱ្យយើងបានភ្ជាប់ទំនងទំនងជាមួយបងប្អូនតាមសហគមន៍ បានជជែកគ្នាបែបបើកចំហ ព្រមទាំងបានសិក្សាស្វែងយល់ពីទស្សនៈ និងវប្បធម៌ថ្មីៗពីពួកគាត់ថែមទៀតផង។

និយាយរួមទៅ ដំណើរកម្សាន្តដែលយើងមាន អាចនឹងដូចគ្នា ប៉ុន្តែបើយើងសាកល្បងអ្វីដែលយើងមិនធ្លាប់បានធ្វើពីមុន ប្រាកដណាស់យើងនឹងមានការភ្ញាក់ផ្អើល ក្រោយពីបានភ្លក់រសជាតិនូវបទពិសោធថ្មីទាំងនោះ។ ដូចជាពាក្យគេតែងតែនិយាយថា ជីវិតគឺខ្លីណាស់ អីចឹងយើងត្រូវហ៊ានសាកអ្វីថ្មីៗ៕

អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖

https://www.makemebetter.net/the-best-way-to-travel-and-learn-is-to-travel-without-luxury/

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ