ដំណើរបេសកកម្ម Ax-3 ទៅកាន់ស្ថានីយអវកាសអន្តរជាតិ

ទំព័រដើម / ដំណើរបេសកកម្ម Ax-3 ទៅកាន់ស្ថានីយអវកាសអន្តរជាតិ

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត

ក្រោមប្រធានបទ “ដំណើរបេសកកម្ម Ax-3 ទៅកាន់ស្ថានីយអវកាសអន្តរជាតិ”

អត្ថបទដកស្រង់ដោយ : គិន លីហាក់

#MJQE #AmericaninterconSchool

ក្រុមហ៊ុន SpaceX របស់លោក Elon Musk បាននាំយកមនុស្សចំនួន០៤នាក់ របស់ក្រុមហ៊ុនឯកជន Axiom Space ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ដោយបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់ទីភ្នាក់ងារ NASA ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហ្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ។ បេសកកម្មនេះ មិនដូចបេសកកម្មរបស់ NASA នោះទេ ព្រោះបេសកកម្មមួយនេះត្រូវបានចំណាយដោយក្រុមហ៊ុនឯកជន Axiom Space ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Houston រដ្ឋ Texas។ នេះគឺជាបេសកកម្មលើកទី៣ហើយរបស់ក្រុមហ៊ុន ក្នុងការនាំមនុស្សទៅកាន់ស្ថានីយអវកាសអន្តរជាតិ ហៅកាត់ថា I.S.S (Internation Space Station) ។ ក្រុមហ៊ុន Axiom Space បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន SpaceX ដើម្បីនាំអ្នកដំណើរទៅដល់ និងត្រឡប់ចាកចេញមកវិញពីមន្ទីរពិសោធន៍គន្លងតារាវិថីក្នុងស្ថានីយអវកាស។ ក្រុមហ៊ុន Axiom គ្រោងនឹងសាងសង់ស្ថានីយ៍អវកាសផ្ទាល់ខ្លួននៅក្នុងគន្លងតារាវិថីនាពេលអនាគត ដោយប្រើប្រាស់បេសកកម្មនេះដើម្បីជួយក្នុងការរៀបចំផែនការ និងការរចនារបស់ក្រុមហ៊ុន។

បេសកកម្មនេះមានឈ្មោះថា Ax-3 ដែលហោះហើរដោយយានអវកាស SpaceX Crew Dragon មានឈ្មោះថា Freedom ។ បំណែកនៃយានអវកាសដែលផ្ទុកអ្នកដំណើរនេះបានហោះក្នុងលំហអាកាសពីរដងរួចមកហើយ និងបានទៅដល់ស្ថានីយអវកាសអន្តរជាតិរាល់លើក (រួមមានបេសកកម្ម SpaceX Crew-4 ក្នុងឆ្នាំ 2022 និង Ax-2 ក្នុងឆ្នាំ 2023)។ យានអវកាស Freedom បានចំណាយពេលសរុប 179 ថ្ងៃនៅក្នុងលំហអាកាសរួចមកហើយ។ ការចូលរួមបេសកកម្មលើកនេះ លោក Alper Gezeravcı គឺជាអវកាសយានិកដំបូងគេរបស់ប្រទេសទួកគី ដែលបានទៅដល់ស្ថានីយអវកាសអន្តរជាតិ ជាមួយនឹងមនុស្សបីនាក់ផ្សេងទៀតដែលតំណាងឱ្យទ្វីបអឺរ៉ុប។ លោកបានមានប្រសាសន៍ថា ការហោះហើរអវកាសលើកនេះមិនមែនជាការសម្រេចគោលដៅនោះទេ ប៉ុន្តែជាការពេញចិត្តនៅតាមផ្លូវនៃការធ្វើដំណើរមុននឹងទៅដល់គោលដៅ។ វាទើបតែជាការចាប់ផ្តើមនៃការធ្វើដំណើររបស់យើងប៉ុណ្ណោះ សម្រាប់ត្រៀមខ្លួនក្នុងការធ្វើដំណើរលំហអាកាសដ៏វែងឆ្ងាយនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា អវកាសយានិក និងអ្នកដំណើរផ្សេងទៀតត្រួវចំណាយរយះពេល៣៦ម៉ោង ដើម្បីទៅដល់ស្ថានីយអវកាសអន្តរជាតិ នៅពេលដែលវាវិលជុំវិញ 250ម៉ាយ (402.336 គ.ម) ពីលើផែនដី។ បន្ទាប់ពីចូលចត ពួកគេនឹងចំណាយពេលពីរសប្តាហ៍លើបន្ទប់ពិសោធន៍គន្លងគោចរ ដើម្បីធ្វើការពិសោធន៍ប្រហែល30 រួមទាំង “ការស្រាវជ្រាវមីក្រូទំនាញ ការធ្វើបទបង្ហាញអំពីបច្ចេកវិទ្យា និងការចូលរួមផ្សព្វផ្សាយ" នេះបើយោងតាមក្រុមហ៊ុន Axiom ។ ចំពោះថ្លៃចំណាយសម្រាប់ការធ្វើដំណើរនេះ គឺ៥៥លានដុល្លារអាមេរិក ឬអាចច្រើនជាងនេះសម្រាប់អ្នកដំណើរម្នាក់៕

អត្ថបទដកស្រង់ និងកែសម្រួលពីគេហទំព័រ៖

https://khmer.voanews.com/

https://www.npr.org/

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ