ទំព័រដើម / កាហ្វេ ឆាតូ
កាហ្វេ ឆាតូ ត្រូវបានបើកដំណើរការនៅខែមករា ឆ្នាំ២០០៥ ដោយមានទីតាំងនៅគ្រប់អគារសាលារៀន នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ បច្ចុប្បន្ននេះយើងមានហាងជាច្រើនកន្លែង ដែលកំពុងដំណើរការ ហើយវាមិនត្រឹមជាកន្លែងសម្រាប់ញ៉ាំកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងសម្រាប់សម្រាកផងដែរ។ កាហ្វេ ឆាតូ មានបរិយាកាសល្អ ផាសុកភាព សុខសុវត្ថិភាព និងជាកន្លែងដែលសិស្សានុសិស្សអាចបំពេញកិច្ចការរបស់ខ្លួនបានប្រសើរ។ កាហ្វេ ឆាតូ គឺជាកន្លែងដ៏ល្អសម្រាប់ការជួបជុំជាមួយមិត្តភក្តិ និងមិត្តរួមថ្នាក់សម្រាប់ធ្វើការពិភាក្សាកិច្ចការរៀនសូត្រ។ កាហ្វេ ឆាតូ មានលក្ខណ:ពិសេសខុសប្លែកពីហាងកាហ្វេទូទៅ ដោយសារតែ ទីតាំងមានភាពងាយស្រួល ស្ថិតនៅក្នុងបរិវេណសាលាស្រាប់ ជាមួយនឹងបរិយាកាសរួសរាយរាក់ទាក់។
កាហ្វេ ឆាតូ គឺជាកន្លែងដែលមានអនាម័យ និងផ្ដល់ជូននូវបរិយាកាសស្រស់ស្រាយដល់សិស្សានុសិស្សក្នុងការប្រាស្រ័យទាក់ទងរវាងគ្នា និងគ្នា និងមានភាពស្ងប់ស្ងាត់អំណោយផលសម្រាប់ឱ្យសិស្សអានសៀវភៅ ធ្វើមេរៀន និងកិច្ចការផ្សេងៗដែលខ្លួនចូលចិត្តនៅទីនេះ។ ពិសេសជាងនេះទៅទៀត កាហ្វេ ឆាតូ ក៏មានបម្រើសេវាកម្មអាហារសម្រន់សម្រាប់សិស្សានុសិស្សប្រកបដោយគុណភាព និងរសជាតិឆ្ងាញ់ពិសា។
នៅកាហ្វេ ឆាតូ ទាំងអាហារ និងភេសជ្ជ: ដែលមានសារជាតិកាហ្វេអ៊ីនរសជាតិប្រៃ ផ្អែម និងជាតិខ្លាញ់ ត្រូវបានកំណត់ចំពោះកូនក្មេងតូច និងក្មេងអាយុចាប់ពី១០ ដល់១២ឆ្នាំ។ ជាងនេះទៅទៀត កាហ្វេ ឆាតូរបស់យើងមិនលក់ភេសជ្ជ:ប៉ូវកម្លាំង តែទឹកកក ឬភេសជ្ជ:ដែលមានកម្រិតជាតិស្ករច្រើន។ សម្រាប់ភេសជ្ជ:ដែលយើងលក់រួមមាន ទឹកផ្លែឈើ ទឹកដោះគោ ទឹកដោះគោជូរ ទឹកសណ្ដែក ឬកាកាវលាយនឹងទឹកដោះគោដែលមានជាតិស្ករតិច។