កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមរិកាំង បានដឹកនាំសិស្សនុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា នៅសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ចុះធ្វើទស្សនកិច្ចសិក្សានៅផ្សារទំនើបចាយអែន ក្នុងផ្សារទំនើបស៊ីធីម៉ល ស្ថិតនៅតាម បណ្ដោយមហាវិថីមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពេលសិស្សានុសិស្សបានទៅដល់ទីនោះ ចាងហ្វាងបានចែកសិស្សជាក្រុមៗ ដែល១ក្រុមមានគ្រូម្នាក់ជាអ្នកដឹកនាំទៅកន្លែងផ្សេងៗដើម្បីបង្ហាញឱ្យសិស្សស្គាល់ពីឈ្មោះត្រី សាច់ ផ្លែឈើ និងបន្លែបង្ការគ្រប់ប្រភេទដែលមានលក់នៅទីផ្សារ និងចេះរៀបចំទុកដាក់អាហារទៅតាមទីកន្លែងសមស្របតាមបរិយាកាស។ មិនតែប៉ុណ្ណោះលោកគ្រូ អ្នកគ្រូបានពន្យល់សិស្សឱ្យចេះពិនិត្យមើលកាលបរិច្ឆេទផលិត កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់លើផលិតផល និងទំនិញផ្សេងៗ។ បន្ទាប់ពីសិស្សានុសិស្សបានស្តាប់គ្រូ និងបានមើលទំនិញផ្សេងៗជាច្រើន គឺសិស្សមានភាពរីករាយ និងទឹកមុខស្រស់ស្រាយក្នុងដំណើរទស្សនកិច្ចសិក្សានេះ។ ក្រោយពីបានចុះទស្សនកិច្ចនៅផ្សារទំនើបចាយអែន សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃដូចជា ការស្គាល់ពីមុខទំនិញនានា បន្លែ ផ្លែឈើ ត្រីសាច់ផ្សេងៗជាដើម ជាពិសេសសិស្សានុសិស្សអាចផ្សារភ្ជាប់ទ្រឹស្តីមេរៀនដែលបានរៀនជាមួយនឹងការចុះទស្សនកិច្ចសិក្សាដោយផ្ទាល់តែម្តង។