មូលនិធីម៉េងលី ជេ. គួច ដែលមានលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាប្រធាន កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៨ បាននាំយកសៀវភៅ និងនំចំណីចែកជូនកុមារតូចៗនៅសហគមន៍មួយនៅជាយរាជធានីភ្នំពេញ។ សហគមន៍នេះ មានឈ្មោះថា សហគមន៍សាមគ្គី៤ សិ្ថតនៅសង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅប្រមាណ២០០គ្រួសារ និងមានកុមារប្រមាណជាង១០០នាក់។ក្រឡេកមើលទៅកុមារតូចជាង៣០នាក់ឯណេះវិញ កំពុងអង្គុយលេងក្នុងទីស្នាក់ការសហគមន៍របស់អង្គការទស្សនៈពិភពលោក ម្នាក់ៗហាក់សប្បាយចិត្តជាខ្លាំង នៅពេលដែលក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច បានជួបជាមួយពួកគេ។ ទន្ទឹមនឹងនេះដែរ ពួកគេរីករាយជាមួយសៀវភៅរឿងនិទានដែលក្រុមការងារបាននាំយកទៅសម្រាប់ឱ្យពួកគេអាន។ បើទោះបីជាកុមារភាគច្រើនមិនអាចអានបាន តែពួកគេនៅតែរីករាយ ដោយអង្គុយមើលរូបក្នុងសៀវភៅ ទាំងទឹកមុខញញឹម។ ក្នុងទឹកមុខរំភើបរីករាយ បន្ទាប់ពីក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច បានយកសៀវភៅ និង នំចំណីទៅចែកជូនកុមារតូចៗទាំងនោះ អ្នកស្រីបានថ្លែងអំណរគុណយ៉ាងខ្លាំង ព្រោះធ្វើសកម្មបែបនេះ ធ្វើឱ្យកុមាររីករាយ ហើយជាការរួមចំណែកឱ្យពួកគេស្រលាញ់ការអានផងដែរ។បណ្ណាល័យចល័តម៉េងលី ជេ. គួច ដោយបានធ្វើសកម្មភាពជាមួយកុមារនៅតំបន់នានានៅទូទាំងប្រទេស ដើម្បីលើកតម្កើងអំណានសាធារណៈនៅតាមសហគមន៍ តាមរយៈរថយន្តបណ្ណាល័យចល័តដោយដឹកជញ្ជូនសៀវភៅ និងល្បែងសិក្សាទៅកាន់កុមារនៅតាមតំបន់ជនបទ ជាយក្រុង និងតាមមណ្ឌលកុមារកំព្រានានា ដែលភាគច្រើនកម្មវិធីបណ្ដុះទម្លាប់ការអាននេះ តែងតែផ្សាភ្ជាប់នឹងអំណោយជាអាហារ ជាសម្ភារៈសិក្សាពីធនាគារអាហារសប្បុរធម៌ ម៉េងលី ជេ. គួច ដល់កុមារជារង្វាន់លើកទឹកចិត្តផងដែរ។អត្ថបទ និងរូបភាពដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ