កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ សាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំក្រុមកីឡាចូលរួមបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯករាជធានី ឆ្នាំ២០១៧ នៅឯវិទ្យាល័យច្បារអំពៅ ក្រោមអធិបតីភាពលោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯករាជធានីភ្នំពេញឆ្នាំ២០១៧នេះ មានការចូលរួមពីសមាគម អង្គការ និងសាលារៀនទាំងរដ្ឋនិងឯកជនចំនួន ១៦ស្ថាប័ន ដោយបានបើកការប្រកួតចាប់តាំងពីថ្ងៃទី១៩ មិថុនា កន្លងទៅ នឹងបញ្ចប់នៅថ្ងៃទី២៩ ។ វិញ្ញាសាប្រកួតកីឡាមហាជនរាជធានីភ្នំពេញឆ្នាំ២០១៧ នេះមានចំនួន ៦វិញ្ញាសា ដែលក្នុងរួមមាន៖
១. វិញ្ញាសាបាល់ទាត់ មាន៩ក្រុមចូលរួម ដែលជើងឯកបានទៅលើសមាគមកីឡា OKF ។
២. វិញ្ញាសាបាល់ទះ ជើងឯកបានទៅលើក្រុមកីឡាមកពីវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វា។
៣. វិញ្ញាសាបាល់បោះ ជើងឯកបានទៅលើក្រុមកីឡាមកពីសាលាអន្តរជាតិ ខេមអេដ។
៤. វិញ្ញាសាអត្តពលកម្ម ជើងឯកបានទៅលើក្រុមកីឡាមកពីវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ។
៥. វិញ្ញាសាប៉េតង់ ជើងឯកប្រភេទឯកត្តជនបានទៅលើកីឡាករ ផល ហាប់ទិត្យទេវរាជ។ ចំណែកជើងឯកប្រភេទក្រុម បានទៅលើក្រុមកីឡាមកពីវិទ្យាល័យ ជា ស៊ីម សាមគ្គី។
៦. វិញ្ញាសាវាយកូនឃ្លីលើតុ ជើងឯកប្រភេទឯកត្តជនបានទៅលើកីឡាករ សំណាង វីរៈបុត្រ មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង ហើយចំណែកជើងឯកប្រភេទវាយជាក្រុម ក៏បានទៅលើក្រុមកីឡាមកពីសាលារៀន អន្តរទ្វីប អាមេរិកាំង ផងដែរ។ ការប្រកួតកីឡាមហាជន តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្ដារាជធានីខេត្តទូទាំងប្រទេសកម្ពុជា ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានវិញ្ញាសាចម្រុះច្រើនប្រភេទ ហើយដែលមហាជនអាចចូលរួមប្រកួតបានគ្រប់ៗគ្នា៕