កាលពីថ្ងៃ២១ ខែកញ្ញា ឆ្នំា២០១៩ កន្លងទៅនេះ គណៈកម្មកាសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី៩ និងទី១២ ឆ្នាំសិក្សា២០១៨-២០១៩ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្រោមអធិបតីភាព ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ ដើម្បីលើកទឹកចិត្ត និងជាសក្ខីភាពក្នុងការសិក្សាទទួលបានជោគជ័យរបស់សិស្សឆ្នើម នៅក្នុងឱកាសប្រគល់វិញ្ញាបនបត្រ ដល់សិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជាង៩០០នាក់ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា (តិចណូ) លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបំពាក់មេដាយមាស និងផ្ដល់រង្វាន់ដល់បេក្ខជននិទ្ទេស A ទាំង១១រូបផងដែរ។ ការប្រគល់វិញ្ញាបនបត្របានប្រព្រឹត្តិយ៉ាងអធិកអធមដោយមានការចូលរួមពីសិស្សានុសិស្ស និងអ្នកអាណាព្យាលសិស្សយ៉ាងច្រើនកុះករផងដែរ។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសរសើរសិស្សានុសិស្សមួយជំនាន់ទៅមួយជំនាន់ពិតជាពូកែ ពោរពេញដោយទេពកោសល្យ មានភាពឈ្លាសវៃ យល់ដឹងពីបច្ចេកវិទ្យាបានខ្ពស់ និងមានចំណេះដឹងកាន់តែច្រើន ; និងអរគុណដល់អ្នកអាណាព្យាបាលសិស្សដែលបានទុកចិត្តគុណភាពអប់រំ និងបញ្ជូនកូនមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ប៉ុន្តែទទឹមនិងនេះលោកឧកញ៉ាក៏បានលើកទឹកចិត្តដល់អ្នកធ្លាក់បាក់ឌុបទាំងអស់ កុំបាក់ទឹកចិត្ត ព្រោះការធ្លាក់បាក់ឌុប មិនមែនជាការកំណត់ជីវិតមនុស្សម្នាក់ៗនោះទេ អ្នកប្រឡងធ្លាក់ខ្លះក៏អាចក្លាយជាសេដ្ឋីបានដែរ។ លោកលើកទឹកចិត្តឱ្យពួកគេបន្តរៀនបរិញ្ញាបត្ររងនៅមហាវិទ្យាល័យ ឬរៀនជំនាញបច្ចេកទេស ព្រោះអ្នកចេះជំនាញបច្ចេកទេស គឺជាមនុស្សដែលទីផ្សារការងារត្រូវការខ្លាំងទាំងបច្ចុប្បន្ន និងអនាគត។
ចែករំលែកអត្ថបទនេះ