កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ មូលនិធិ ម៉េងលី ជេ. គួច ក្រោមការដឹកនាំដោយផ្ទាល់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងលោកជំទាវ បានបើកយុទ្ធនាការ “កង់១ជីវិត១ ដើម្បីចូលរួមលើកស្ទួយការអប់រំកុមារ” លើកទី៤ និងកម្មវិធីធនាគារអាហារសប្បុរសធម៌ លើកទី១៧១ ដោយបាននាំយកកង់ចំនួន៧៥គ្រឿង សម្ភារៈសិក្សាមួយចំនួន ថវិកា ព្រមទាំងអាហារសប្បុរសធម៌ ចុះចែកដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សា អរិយកស្សប ដែលស្ថិតនៅក្នុងភូមិពោធ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។ទន្ទឹមនឹងការបរិច្ចាគកង់ចំនួន៧៥គ្រឿង ដល់សិស្សានុសិស្ស មូលនិធិក៏បានឧបត្ថម្ភបន្ថែមនូវសម្ភារៈសិក្សាមួយចំនួនរួមមាន កាតាបម្នាក់មួយ សៀវភៅសរសេរ៤ក្បាល ប៊ិក២ដើម ខ្មៅដៃ២ដើម ជ័រលុប១ ប្រដាប់ខួងខ្មៅដៃ១ បន្ទាត់១ ទឹកដោះគោឆៅ២កញ្ចប់ អាហារសម្រន់ និងទឹកបរិសុទ្ធផងដែរ។ ក្រៅពីនោះ មូលនិធិក៏បានឧបត្ថម្ភដល់សិស្សពូកែចំនួន៧០នាក់ និងសិស្សពិការអវយវៈផងដែរ ដោយម្នាក់ៗទទួលបាន សៀវភៅសរសេរ៦ក្បាល ប៊ិក២ដើម ខ្មៅដៃ១ដើម ជ័រលុប១ ប្រដាប់ខួងខ្មៅដៃ១ បន្ទាត់១ ទឹកដោះគោឆៅ២កញ្ចប់ អាហារសម្រន់ និងទឹកបរិសុទ្ធដូចគ្នា។ បន្ថែមលើសពីនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងជំទាវ រួមទាំងក្រុមគ្រួសារ ក៏បានជូនថវិកាដល់ប្រជាជនក្នុងសហគមន៍ដែលជាអាណាព្យាបាលសិស្សក្នុងម្នាក់ៗ ១ម៉ឺនរៀល លោកគ្រូអ្នកគ្រូម្នាក់ៗ ២ម៉ឺនរៀល គណៈកម្មការទ្រទ្រង់សាលាម្នាក់ៗ ២ម៉ឺនរៀល នាយកសាលា ៤ម៉ឺនរៀល សមត្ថកិច្ចម្នាក់ៗ ២ម៉ឺនរៀល និងក្រុមប្រឹក្សាឃុំសង្កាត់ម្នាក់ៗចំនួន ៤ម៉ឺនរៀល ដែលថវិកាចំណាយទាំងអស់ក្នុងកម្មវិធីនោះ សរុបអស់ចំនួនជាង ៧ពាន់ដុល្លារអាមេរិក។ យុទ្ធនាការ “កង់១ជីវិត១ ដើម្បីចូលរួមលើកស្ទួយការអប់រំកុមារ” បានបង្កើតឡើងដោយគំនិតផ្ដួចផ្ដើមផ្ទាល់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ មកម្ល៉េះ ក្នុងបំណងជួយដល់កុមារកម្ពុជាគ្រប់រូប ដែលខ្វះលទ្ធភាពផ្នែកមធ្យោបាយធ្វើដំណើរ ឱ្យទទួលបានឱកាសសិក្សាទាំងអស់គ្នា។ សូមជម្រាបដែរជូនថា មកទល់ពេលនេះ មូលនិធិ ម៉េងលី ជេ. គួច បានបរិច្ចាគកង់ដល់កុមារនៅទូទាំងប្រទេសកម្ពុជាបានចំនួន៤លើកហើយ ដែលលើកទី១ ធ្វើឡើងនៅឯសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ក្នុងខេត្តកំពង់ចាម ចំនួន៦៦កង់, លើកទី២នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំនួន៩២កង់, លើកទី៣នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំនួន២កង់ និងលើកទី៤នេះ នៅសាលាបឋមសិក្សា អរិយកស្សប ស្រុកពញាឮ ខេត្តកណ្ដាល ចំនួន៧៥កង់។ សរុបទាំង៤លើក មូលនិធិនេះបានបរិច្ចាគកង់ជូនដល់សិស្សានុសិស្សអស់ចំនួន២៣៥គ្រឿងហើយ។យ៉ាងណាក៏ដោយ មូលនិធិ ម៉េងលី ជេ. គួច នឹងបន្តស្វែងរក និងបរិច្ចាគកង់ដល់កុមារកម្ពុជាដែលពុំមានមធ្យោបាយធ្វើដំណើរទៅសាលារៀន នៅតំបន់ដាច់ស្រយាលនានាបន្ថែមទៀត ដើម្បីឱ្យកុមារទាំងនោះអាចមានលទ្ធទទួលបានការសិក្សាអប់រំដូចកុមារដទៃទៀតដែរ។ អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ