កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រារព្ធការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េង លីជេ. គួច លើកទី៦ វគ្គផ្តាច់ព្រ័ត សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដែលមានការចូលរួមពីសំណាក់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជាច្រើននាក់នៅសាលប្រជុំ ផល គួច សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ ម៉េងលី ជេ. គួច នេះ ត្រូវបានរៀបចំឡើងយ៉ាងសុក្រឹតបំផុតដោយតម្រូវឱ្យប្អូនៗបេក្ខជនទាំងអស់បញ្ចេញកម្លាំងបញ្ញាស្មារតីដែលមានទំាងប៉ុន្មាន ព្រោះថាការប្រកួតពីមួយជុំទៅមួយជុំមានការលំបាកទាមទារឱ្យប្អូនៗមានការយកចិត្តទុកដាក់។ នៅក្នុងវគ្គនីមួយៗ មានរយៈពេលទៅតាមគណៈកម្មការទាំងអស់បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ហើយនៅវគ្គនីមួយៗនេះផងដែរ ត្រូវបានជម្រុះយកតែអ្នកដែលមានសមត្ថភាពចុងក្រោយចម្រាញ់នៅសល់តែបីក្រុមតែប៉ុណ្ណោះទទួលបានជ័យលាភីក្នុងការប្រកួត។ ក្នុងវគ្គផ្តាច់ព្រ័តនេះបេក្ខជនដែលជាប់ក្នុងវគ្គជម្រុះជុំទី២ ត្រូវប្រកួតបានប្រកួតប្រជែងគ្នាយ៉ាងសកម្ម និងស្វិតស្វាញបំផុតដោយឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រឹតពីសំណាក់គណៈមេប្រយោគដែលជាលោកគ្រូ អ្នកគ្រូលើមុខវិជ្ជាប្រវត្តិវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា។ ទីបំផុតគណៈមេប្រយោគបានរកឃើញបេក្ខជន៣ក្រុម ដែលមានចំណេះដឹង និងសមត្ថភាពលើសគេ ជាពិសេសមានភាពក្លាហាន និងមានទំនុកចិត្តខ្ពស់លើខ្លួនឯងដែលទទួលជ័យលាភីក្នុងប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ លើកទី៦ នេះ មានដូចជា ជ័យលាភីលេខ១ បានទៅលើសិស្សថ្នាក់ទី១១ «ខ» គឺយុវសិស្ស ម៉ៅ សុវណ្ណាគង់ ចាប់ដៃគូជាមួយ ម៉ិច លីណេង មកពីសាខាទួលគោក។ ជ័យលាភីលេខ២ បានទៅលើសិស្សថ្នាក់ទី៩ «ក» គឺយុវតី សុភាព សូនីតា ចាប់ដៃគូជាមួយនឹង វីរៈ កន្និដ្ឋា និង ជ័យលាភីលេខ៣ បានទៅលើ យុវសិស្ស ទ្បាយ ឆាយគង់ ចាប់ដៃគូជាមួយ សុង ម៉ីលិ ថ្នាក់ទី១០ «ខ» មកពីសាខាម៉ៅសេទុង ។ ហើយក្រុមបេក្ខជនដែលមានសមត្ថភាពដណ្ដើមបានជ័យលាភីលេខ១ នៅវគ្គផ្ដាច់ព្រ័ត្រនេះ គឺទទួលបានអាហារូបករណ៍សិក្សាឥតបង់ថ្លៃ១០០% មេដាយមាស២ ម្នាក់មួយ បណ្ណសរសើរ២សន្លឹកម្នាក់មួយ និងវត្ថុអនុស្សាវរីយ៍។ រីឯក្រុមលេខ២ ទទួលបានអាហារូបករណ៍៧៥% មេដាយប្រាក់២ បណ្ណសរសើរ២សន្លឹកម្នាក់មួយ និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលបានអាហារូបករណ៍៥០% មេដាយសំរឹទ្ធិ២ម្នាក់មួយ បណ្ណសរសើរ២សន្លឹក ម្នាក់មួយ និងវត្ថុអនុស្សារីយ៍ផងដែរ។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របេក្ខជន មានភាពសុក្រិតពីសំណាក់គណៈមេប្រយោគ ដែលជាលោកគ្រូ អ្នកគ្រូមុខតាមមុខវិជ្ជា។
ចែករំលែកអត្ថបទនេះ