កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ហៅកាត់ថា Aii និង AIS បានប្រារព្ធពិធីបិទការប្រកួតកីឡាក្របខណ្ឌសិស្ស ជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១០ ប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់លោក អ៊ាប ប៊ុនថាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ព្រមទាំងប្រធាន អនុប្រធាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលជាកីឡាករ កីឡាការិនីយ៉ាងច្រើនកុះករ។ ការប្រកួតកីឡាក្របខណ្ឌសិស្សជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១០ ប្រចាំឆ្នាំ២០១៧ បានប្រព្រឹត្តទៅអស់រយៈពេល២២សប្តាហ៍ នៅឯទីលានបាល់ទាត់ K១១, យានដ្ឋាន អាឡិច គួច, អគារ លីម គីមណយ ក្លឹបកីឡាកាករ៉ាកុល, វិទ្យាល័យ ជាស៊ីម សាមគ្គី, និងវិទ្យាល័យ ព្រះយុគន្ធរ គិតចាប់ពីថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ហើយបានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ។
ការប្រកួតកីឡាក្របខណ្ឌសិស្សនេះ មានវិញ្ញសាជាច្រើនដែលក្នុងនោះរួមាន៖ វិញ្ញាសាបាល់ទាត់, វិញ្ញាសាអត្តពលកម្ម (រត់ល្បឿន រត់បណ្តាក់ ចោលដុំដែក និងលោតចម្ងាយ), វិញ្ញាសាវាយកូនឃ្លីលើតុ (បុរស), វិញ្ញាសាវាយសី (បុរស នារី), វិញ្ញាសាហែលទឹក (បុរស នារី), វិញ្ញាសាបាប៊ី (បុរស), វិញ្ញាសាបាល់បោះ (បុរស នារី), វិញ្ញាសាគុនល្បុក្កតោ និងវិញ្ញាសាគុនការ៉ាតេ។លោក សែម ពេជ្រ នាយកកីឡានៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ឱ្យដឹងថា ការប្រកួតកីឡាក្របខណ្ឌសិស្សនេះធ្វើឡើងស្របតាមផែនការរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងគំនិតផ្តួចផ្តើមរបស់លោក គួច ម៉េងលី ស្ថាបនិក និងប្រធាន នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ