ដើម្បីតម្រង់ទិស ក៏ដូចជាជូនដំណឹងដល់សិស្សានុសិស្សរបស់ខ្លួនឱ្យបានជ្រាបថា វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង នឹងចាប់ផ្ដើមបើកដំណើរការថ្នាក់បរិញ្ញាបត្ររង ក្នុងឆ្នាំសិក្សា២០១៧-២០១៨ ខាងមុខនេះ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នេះ គណៈគ្រប់គ្រងវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ដែលមានលោក អ៊ឹង ប៉ោហ្គិច ជាព្រឹទ្ធបុរសថ្នាក់ឧត្ដមសិក្សា នៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង បានរៀបចំធ្វើបទបង្ហាញមួយស្ដីពី “កម្មវិធីតម្រង់ទិសដៅថ្នាក់បរិញ្ញាបត្ររង” ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រមាណ២៥០នាក់ ស្ថិតនៅសាលប្រជុំ សូវ ហុងគុយ នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។សូមជម្រាបជូនថា នាឱកាសធ្វើបទបង្ហាញនោះ លោក អ៊ឹង ប៉ោហ្គិច ក៏បានបង្ហើបឱ្យសិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីទម្រង់ទិសនោះដឹងថា វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ថ្នាក់បរិញ្ញាបត្ររង នឹងទទួលនិស្សិតចូលរៀនលើកទី១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ លោកបានបញ្ជាក់បន្ថែមថា បរិញ្ញាបត្ររងនេះ គឺបែងចែកជាមហាវិទ្យាល័យពីរផ្សេងគ្នា។ ទី១ មហាវិទ្យាល័យអប់រំ និងភាសាបរទេស ដែលមានជំនាញភាសាអង់គ្លេស, Early Childhood Education Courses និង Child Care Management។ ទី២ មហាវិទ្យាល័យគ្រប់គ្រងអាជីវកម្ម និងទេសចរណ៍ មានមុខជំនាញគ្រប់គ្រងអាជីវកម្ម, គណនេយ្យ និងទីផ្សារ។ព្រឹទ្ធបុរសរូបនេះ បានថ្លែងឱ្យដឹងថា គ្រឹះស្ថានអប់រំមួយនេះមានលក្ខណៈសម្បត្តិដូចជា ផ្ដោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្ម, បុគ្គលិក ឬគ្រូបង្រៀនសុទ្ធតែមានចំណេះ ជំនាញ វិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ៗ, ទីតាំងសាលាល្អ, បរិស្ថានស្អាត, សម្ភារៈឧបទេសទំនើបៗ, សិស្សទទួលបានជំនាញពិតប្រាកដ ដើម្បីឈានទៅរកគោលដៅត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ, ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និស្សិតអាចបន្តទៅសិក្សាថ្នាក់បរិញ្ញាបត្រ ទាំងក្នុងនិងក្រៅប្រទេសបាន។ ពិសេសទៀតនោះសាលាក៏ផ្ដល់ឱកាសហាត់ការងារដល់សិស្សនិស្សិតគ្រប់រូបផងដែរ ដូចជាហាត់ការនៅវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ហៅកាត់ថា (Aii, AIS), Tesol House, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយណែន, មូលនិធិ ម៉េងលី ជេ. គួច, គ្រឹះស្ថានបោះពុម្ព និងដៃគូទំនងទំនងជាច្រើនទៀត។
ចែករំលែកអត្ថបទនេះ